Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការងារ៖ កម្ពុជាត្រូវការជាចាំបាច់ ជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ដើម្បីដើរឱ្យទាន់ប្រទេសជិតខាង ក្នុងតំបន់ និងពិភពលោក

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការអប់រំវិស្វកម្ម ជាកូនសោបើកទ្វារឆ្ពោះទៅរកការអភិវឌ្ឍសង្គមជាតិ ប្រកបដោយជោគជ័យ។ ការពង្រឹងគុណភាពអប់រំវិស្វកម្ម ជាបង្គោលអាទិភាពមួយ ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាល បានចាត់ទុកការអប់រំប្រកបដោយគុណភាព ជាចំណុចគន្លឹះមួយដែលមិនអាចខ្វះបាន សម្រាប់​អភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍសង្គមជាតិប្រកបដោយនិរន្តរភាព។ កម្ពុជាត្រូវការជាចាំបាច់ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ដើម្បីដើរឱ្យទាន់ប្រទេសជិតខាងក្នុងតំបន់ និងបណ្ដាប្រទេសផ្សេងទៀត ក្នុងពិភពលោក។ ទស្សនៈទាំងនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ថា ការអប់រំវិស្វកម្ម គឺជាកូនសោបើកទ្វារឆ្ពោះទៅរកការអភិវឌ្ឍសង្គមជាតិ ប្រកបដោយជោគជ័យ ។

នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈវិស្វករកម្ពុជា ក្នុងពិធីបិទអង្គមហាសន្និបាតបូកសរុបលទ្ធផលការងារ រយៈពេល ៥ឆ្នាំ អាណត្តិទី២ និងផែនការអនុវត្តបន្ត អាណត្តិទី៣ ឆ្នាំ២០២២-២០២៧ របស់គណៈវិស្វករកម្ពុជា ព្រមទាំងមានការរៀបចំបោះឆ្នោតជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរង របស់គណៈវិស្វករកម្ពុជា អាណត្តិទី៣ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា កន្លងមកយើងឃើញថា គណវិស្វករកម្ពុជាពិតជាបានចូលរួមចំណែកក្នុងការខិតខំសម្រេចបានតាមបេសកកម្មជាច្រើន ដែលការអភិវឌ្ឍធនធានវិស្វកម្ម គឺជាកម្លាំងចលករមួយដ៏ខ្លាំងក្លាបំផុតមិនអាចខ្វះបាន សម្រាប់អភិវឌ្ឍន៍សង្គមជាតិមួយឱ្យមានការរីកចម្រើនគ្រប់វិស័យ។ ក្នុងនាមរាជរដ្ឋាភិបាល ត្រូវតែបង្កើនយន្តការដឹកនាំ ដើម្បីធ្វើឱ្យស្ថាប័នវិស្វកម្មមួយនេះ ក្លាយជាមជ្ឈមណ្ឌលមួយដ៏រឹងមាំ ដែលអាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរៀបចំផែនការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព។ ឯកឧត្តមរដ្ឋមន្ត្រី អះអាងថា៖ “ អនាគតប្រទេសជាតិរបស់យើង គឺត្រូវពឹងផ្អែកលើអ្វីដែលវិស្វករយើងអាចធ្វើបាន នាពេលបច្ចុប្បន្ន និងទៅអនាគត គឺត្រូវផ្ដល់ការអប់រំវិស្វកម្ម ប្រកបដោយគុណភាព គឺជាជម្រើសមួយដ៏ប្រសើរបំផុតដល់វិស្វករជាតិរបស់យើង ក្នុងការប្រកួតប្រជែង អភិវឌ្ឍសមត្ថភាពក្នុងការដោះស្រាយបញ្ហាចូលរួមគិតគូជាមួយរាជរដ្ឋាភិបាល ប្រកបដោយសុភវិនិច្ឆ័យ និងការអប់រំសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ សម្រាប់ទ្រទ្រង់អាជីពការងារទាំងមូលរបស់វិស្វករ ប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ សុចរិតភាព និងការទទួលខុសត្រូវខ្ពស់បស់វិស្វករយើង៕

×