ភ្នំពេញ៖ បន្ទាប់ពីក្រសួងពាណិជ្ជកម្មរកឃើញថា មានស្ថានីយប្រេងឥន្ធនៈមួយចំនួន ដែលភាគច្រើន នៅតាមបណ្តាខេត្តនានា ដែលលក់លើសតម្លៃកំណត់ និងផ្អាកលក់ដើម្បីទុកប្រេងលក់ឡើងថ្លៃ , ក្រសួងពាណិជ្ជកម្ម បានព្រមានចាត់វិធានការ ចំពោះស្ថានីយប្រេងឥន្ធនៈណាលក់លើសតម្លៃដែលក្រសួងបានកំណត់ និងស្ថានីយណា ដែលផ្អាកការលក់បណ្តោះអាសន្ន ដើម្បីទុកប្រេងលក់ដំឡើងថ្លៃនាពេលខាងមុខ ។

យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម បានផ្ញើជូនអភិបាលខេត្តទាំងអស់ ដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី១៩ ខែមីនានេះបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មពិនិត្យឃើញថា គ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ របស់ក្រុមហ៊ុនប្រេងឥន្ទនៈនៅកម្ពុជា នៅបន្តថាលក់ជាធម្មតាដែលភាគច្រើន មានទីតាំងនៅកណ្តាលរាជធានីភ្នំពេញ ឬនៅតាមបណ្តាទីរួមខេត្ត ឬទីរួមស្រុក ប៉ុន្តែចំពោះដេប៉ូស្ថានីយប្រេងឥន្ធនៈឯកជនមួយចំនួន ដែលភាគច្រើននៅតាមដងផ្លូវក្រៅពីទីរួមខេត្ត ឬទីរួមស្រុក បានផ្អាកការលក់រាយរបស់ខ្លួន និងមួយចំនួនបានឡើងថ្លៃប្រេងឥន្ធនៈមុនការកំណត់។
ក្រសួងបានស្នើឱ្យអភិបាលខេត្តទាំងអស់ ជួយជំរុញឱ្យដេប៉ូស្ថានីយប្រេងឥន្ធនៈឯកជនទាំងនោះ អនុវត្តតាមគោលការណ៍ច្បាប់ ឬសហការផ្តល់ព័ត៌មានមកមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) រាជធានី-ខេត្ត មន្ត្រីពាណិជ្ជកម្មរាជធានីខេត្ត និងមន្ត្រីពាក់ព័ន្ធ។
ក្រសួងបានបញ្ជាក់ថា សូមមេត្តាចូលរួមសហការ និងចាត់វិធានការណ៍ ចំពោះដេប៉ូស្ថានីយប្រេងឥន្ធនៈឯកជន ឱ្យអនុវត្តតាមគោលការណ៍ដែលបានកំណត់ ដើម្បីរក្សាស្ថិរភាព និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី









