Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណង់​វិមាន​ឈ្នះ​-​ឈ្នះ កសាង​បាន​ជិត​៩០​ភាគរយ និង​កំពុង​សិក្សា​រក​រូបចម្លាក់​នានា​ដើម្បី​តាំង​លម្អរ​នៅក្នុង​វិមាន​

​ភ្នំពេញ​៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាការ​សាងសង់​វិមាន​ឈ្នះ​-​ឈ្នះ នៅ​ព្រលប់​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ បាន​លើកឡើង​ថា បច្ចុប្បន្ននេះ តួរ​សំណង់​វិមាន​ឈ្នះ​-​ឈ្នះ កសាង​បាន​ជិត​៩០​ភាគរយ នៃ​វិមាន​ខណៈ​ពេល​នេះ ក្រុម​អ្នកជំនាញ​កំពុង​សិក្សា​ស្វែង​យល់​លើ​ការ​រចនា​រូបសំណាក់ និង​ក្បូរ​ក្បាច់រចនា​នានា ដើម្បី​យក​មក​តាំង​លម្អ​នៅក្នុង​វិមាន​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​បែបនេះ នៅ​ព្រលប់​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ នៅក្រោយ​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​ភាគី ពាក់ព័ន្ធ​ទាំងអស់ ស្តី​ពី​ការសាងសង់​ស្តូប​វិមាន​ឈ្នះ​-​ឈ្នះ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ នាយ​ឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធាន​ក្រុមការងារ​សាងសង់​វិមាន​ឈ្នះ​-​ឈ្នះ​, នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​តំណាង​អភិបាល​រាជធានី​ភ្នំពេញ ស្ថិតនៅក្នុង​តំបន់​អភិវឌ្ឍន៍​លោក​ឧកញ៉ា លី យ៉ុង​ផាត់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​សម្តេច​ពិជ័យ​បាន​មានប្រសាសន៍ថា គិត​ជា​ភាគរយ​នៃ​តួ​សំណង់​មែនទែន គឺថា​វា​នៅសល់​តិច​ណាស់ គឺ​អាច​ឈាន​ទៅ ដល់​៨០ ឬ​៩០​ភាគរយ តែ​សំខាន់​សំណង់​ទទេ​មិន​អាច​ហៅថា​គ្រប់លក្ខណៈ​នោះទេ គឺ​ត្រូវ​មាន​ភាព​លម្អ​របស់​វា ជាពិសេស​ក្បូរ​ក្បាច់រចនា និង​រូបសំណាក់​។​

​សម្តេច​ពិជ័យ​សេនា បាន​មានប្រសាសន៍​បន្ត​ថា ទោះបីជា​តួរ​វិមាន​យើង​កសាង​ជិត​រួចរាល់​ក៏ដោយ ក៏​ប៉ុន្តែ​ក្រុម​ការងារ​ត្រូវ​ខិតខំ​យកចិត្តទុកដាក់ បន្ថែមទៀត លើ​កិច្ច​ការងារ​សាងសង់​នេះ ឱ្យ​ទទួលបាន​លទ្ធផល​ល្អ ជាពិសេស​គឺ​ការរៀបចំ​សារមន្ទីរ​នៅក្នុង​វិមាន​ផងដែរ មិនតែប៉ុណ្ណោះ ត្រូវ​ពិនិត្យមើល​លើ​លក្ខណៈសម្បត្តិ​រូបចម្លាក់​នានា​ដែល​យក​តាំង ដើម្បី​ឱ្យ​សាក​សមជា​វិមាន​ឈ្នះ​-​ឈ្នះ ដែល​នឹង​គ្រោង​ឆ្ពោះ​ទៅ​កាន់ការ​ប្រារព្ធ ពិធី​ខួប​២០​ឆ្នាំ ដែល​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​ទូ​ទាំ​ផ្ទៃ​ប្រទេស​។​

​គួរ​បញ្ជាក់ដែរថា ស្តូប​វិមាន​អនុស្សាវរីយ៍ នយោបាយ​ឈ្នះ​ឈ្នះ ដែល​យក​គំរូ តាម​រចនាបទ​ប្រាង្គ​ប្រាសាទ​នានា ដើម្បី​ទុក​ជា​មរតក សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ គឺ​មាន​កម្ពស់ ប្រមាណ​៥៤​ម៉ែត្រ ទទឹង​៣៦​ម៉ែត្រ​។ វិមាន​នេះ​ត្រូវ​សាងសង់ លើ​ផ្ទៃដី​សរុប​ចំនួន​៨​ហិកតា ស្ថិតនៅ​ក្នុង​សង្កាត់​បាក់​ខែ​ង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​ក្រៅពី​សំណង់​វិមាន​នេះ ក៏​មាន​ការសាងសង់​កន្លែង​ហាត់ប្រាណ បណ្ណាល័យ​តម្កល់​ឯកសារ កន្លែង​បញ្ចាំងភាពយន្ត​ឯកសារ សាល​តាំង​រូបថត​ប្រវត្តិសាស្ត្រ​សិល្បៈ និង​កន្លែង​សម្រាប់​សិក្សា​ស្រាវជ្រាវ​នានា​ផងដែរ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×