Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជា​ពលរដ្ឋ​មាន​មានវិវាទ​ដីធ្លី​៦នាក់​ ដែល​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ ​ចាប់ខ្លួន​តាម​បណ្តឹង​ របស់​ឧកញ៉ា ​តាន់ ​តាត់ ​​​​​សំណូមពរ​ សម្តេច ​ហ៊ុន សែន​ ជួយ​រក​យុត្តិ​ធ៌ម​(មានវីដេអូ)

ខេត្តព្រះសីហនុ៖ ​ប្រជាពល​រដ្ឋមានទំនាស់ធ្លីរាំរ៉ៃចំនួន ៦នាក់ រស់នៅ​សហគមន៍​អូរខ្សាច់ ​ស្ថិតក្នុងភូមិ៤ ឃុំអូរ​ត្រេះ ស្រុកស្ទឹងហាវខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអង្គារ៍ ទី៨ ខែឧសភា ឆ្នាំ​២០១៨នេះ បានបន្តឡើងតុលាការទៀត បន្ទាប់ពី ត្រូវបាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថខេត្តព្រះសីហនុ ចាប់​ខ្លួនបញ្ជូនទៅកាន់​សាលា​ដំបូង​ខេត្ត​នេះ តាមពាក្យបណ្តឹង​ របស់​​ លោកឧកញ៉ា ​តាន់ តាត់ អ្នកមានទ្រព្យ​ដ៏ល្បី​ល្បាញ​ម្នាក់រស់​នៅ​ខេត្តព្រះសីហនុ ប្តឹងចោទថា បានមករស់នៅលើដីមានកម្មសិទ្ធិស្របច្បាប់។

ប្រជាពល​រដ្ឋទាំង ៦នាក់​ ដែល​ត្រូវកម្លាំង​កងរាជ​អាវុធហត្ថ​ខេត្តព្រះសីហនុ ចាប់ឃាត់​​ខ្លួន ​កាល​ពីល្ងាច​ថ្ងៃអាទិត្យ ទី​៦ ​ខែឧសភា ឆ្នាំ​២០១៨ បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ នៅ​រ​សៀល​ថ្ងៃចន្ទ ទី៧ និងព្រឹកថ្ងៃអង្គារ៍ ទី៨ ខែ​ឧសភា​  ​​បាន​អះអាងថា ពួកគេ​ ​មាន​ឯក​សារ​កាន់​កាប់​ដី ដែល​លោកឧកញ៉ា តាន់ តាត់ ​អះអាងថា ​ជាកម្មសិទ្ធិ​ខ្លួននោះ ដូចគ្នាដែរ។

អ្នកស្រី ឡុច ទូច ស្ថិតក្នុងចំណោមប្រជា​ពលរដ្ឋរងគ្រោះដីធ្លីទាំង ៦នាក់ ដែលត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត ចាប់​ដាក់ខ្នោះដៃ បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ  តាមបណ្តឹង របស់លោកឧកញ៉ា តាន់ តាប់ បាន​សំណូមពរដល់ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ប៊ុន រ៉ានី ឲ្យ​ជួយ​រក​យុត្តិធ៌ម​លើ​ទំនាស់ដីធ្លី ជូន​ប្រជា​ពលរដ្ឋរស់ នៅ​សហគមន៍​អូរខ្សាច់ ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹង​ហាវ ឲ្យទទួលបាន​យុត្តិធ៌ម ដោយ​ក្តី​អនុ​គ្រោះផង។

អ្នស្រីបន្តថា វាជារឿងអយុត្តិធ៌ម ដែលដីធ្លីធ្លាប់រុករានកាន់កាប់ របស់ប្រជាពលរដ្ឋក្នុងសហគមន៍អូរខ្សាច់ នាពេលកន្លងមក ប៉ុន្តែពេលនេះ បែរជាត្រូវគេរំលោភយក និងបានប្រើកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ មកចាប់ពលរដ្ឋដាក់ខ្នោះបញ្ជូនទៅតុលាការ ដើម្បីផ្គាប់ចិត្តឈ្មួញដី ឬឧកញ៉ា មានទ្រព្យទៅវិញ។

តំណាងសហគមន៍អូរខ្សាច់ អ្នកស្រី ឡុច ទូច បានសំណូមពរដល់សម្តេច ហ៊ុន សែន និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ពិសេសសាលាដំបូងខេត្តព្រះសីហនុ ឲ្យពិនិត្យ និងចុះអង្កេតលើវិវាទដីធ្លីនេះដល់ទីតាំងកើតមានទំនាស់។

​ទាក់ទិនបញ្ហានេះ មន្ត្រីសង្គមស៊ីវិលជាតិ–អន្តរជាតិ ប្រចាំខេត្តព្រះសីហនុ ក៏កំពុងតាម ឃ្លាំមើលការ​ចាប់បញ្ជូន ខ្លួន​​ប្រជាពលរដ្ឋ​ទាំង​ ៦នាក់ ដែលមាន​ទំនាស់ដីធ្លី​ ជាមួយ​ឧកញ៉ា តាន់ តាត់​ អ្នក​មាន​ទ្រព្យដ៏ល្បីម្នាក់ រ​ស់​នៅ​ខេត្ត​ព្រះសីហនុ​​ នាសាលាដំបូងខេត្តនេះ ដោយ​យកចិត្តទុកដាក់ នៅព្រឹកថ្ងៃអង្គារ៍នេះ។

មន្ត្រីសង្គមស៊ីវិល បាន​ឲ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋទាំង ៦នាក់ ដែលត្រូវកម្លាំងកង​រាជអាវុធ​ហត្ថ​ខេត្ត​ព្រះ​សីហនុ ចាប់ខ្លួន ក៏មានអ្នកស្រី ឡុច ទូច ជាតំណាង​​ពលរដ្ឋមានទំនាស់ដីធ្លី នៅសហគមន៍​អូរខ្សាច់ ស្ថិតក្នុង​ភូមិ​៤ ឃុំអូរ​ត្រេះ ស្រុក​ស្ទឹងហាវ ដែល​ធ្លាប់ចេញមុខតវ៉ាលើ​ទំនាស់ដីធ្លីរាំរ៉ៃ​នា​ពេល​កន្លងមក​។ ​
នៅព្រឹកថ្ងៃអង្គារ៍ ទី៨ ខែឧសភា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋរងគ្រោះដីធ្លីទាំង ៦នាក់​ខាងលើ ​​ត្រូវបានមន្ត្រីកងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បញ្ជូន ​ទៅកាទៅកាន់សាលាដំបូងខេត្តនេះ ដើម្បីបន្តនីតិវិធី​ទៅតាមបណ្តឹង ​របស់លោកឧកញ៉ា តាន់ តាត់​ ដែល​ជា​អ្នក​មាន​ទ្រព្យធនដ៏ល្បី​ម្នាក់​នៅមូលដ្ឋាននេះ។ ​

​អ្នកយកព័ត៌មាន​គេហទំព័រ ​www.cen.com.kh ប្រចាំខេត្តព្រះសីហនុុ ​មិនទាន់មានប្រភព​ទាក់ទង លោក​ឧកញ៉ា តាន់ តាត់ ​ដើម្បី​ស្នើការ​បំភ្លឺបន្ថែមជុំវិញ​មូល​ហេតុ ​ដែល​ឈាន​ដល់ រូបលោក​បានដាក់ពាក្យបណ្តឹង ទៅកាន់ស្ថាប័ន​​កង​រាជ​អាវុធហត្ថខេត្តព្រះសីហនុ ឲ្យ​ចាប់​ខ្លួន ប្រជា​ពលរដ្ឋ​ទាំង​ ៦នាក់ ​រស់នៅ​សហគមន៍​អូរខ្សាច់ខាងលើ​បាន​​ទេ ​នៅព្រឹក​ថ្ងៃអង្គារ៍ ទី៨ ខែឧសភា ឆ្នាំ២០១៨។

ទាក់ទិនទំនាស់នេះ មន្ត្រីសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានឲ្យដឹងថា កំពុងតាមឃ្លាំ និងអង្គេតទៅលើសកម្មភាព នៃការ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ មាន​ទំនាស់​ដីធ្លីទាំង ៦នាក់ នៅសហគមន៍អូរខ្សាច់ មានទីតាំងនៅភូមិ៤ ឃុំអូរត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្តព្រះសីហនុ​នេះ ដោយ​យក​ចិត្តទុក​ដាក់។

អ្នក​ឃ្លាំមើលផែនការអភិវឌ្ឍសង្គម ប្រចាំខេត្តព្រះសីហនុ បាន​អះអាងថា សកម្មភាពចាប់ខ្លួន​ប្រជា​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ​រស់នៅ​សហគមន៍​អូរ​ខ្សាច់​ ឃុំអូរត្រេះ ស្រុកស្ទឹងហាវខាង​លើ​នេះ ​បាន​កើត​មានជាថ្មី ​ស្របពេល​តម្លៃ​ទិញ​លក់ដី នៅខេត្តព្រះសីហនុ កំពុង​មាន​ហាង​ឆេង​ខ្ពស់ ដោយសារ​កំណើន​អ្នក​វិនិយោគ​ទុនចិន​ បានហូរចូលមក​មូលដ្ឋាន​នេះ មានចំនួនច្រើន​គួរឲ្យកត់​សម្គាល់​នា​ពេល​បច្ចុប្បន្ន​នេះ​៕ ដែន សីមា

 

×