ថ្លែងក្នុងកម្មវិធីទិវាប្រាក់រៀល ខួបលើកទី៤២ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញកាលពីថ្ងៃម្សិលមិញ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា នៅក្នុង
រយៈពេល៤២ឆ្នាំកន្លងមកនេះ វត្តមានរបស់ប្រាក់រៀល បានរួមចំណែកយ៉ាងសំខាន់នៅក្នុងការ
ស្តារនិងកសាង អធិបតេយ្យភាព សេដ្ឋកិច្ចនិងសង្គមជាតិ តាមរយៈតួនាទីជាខ្នាតតម្លៃ មធ្យោបាយទូទាត់ និងសន្សំ។
ឯកឧត្តមបន្តថា ទន្ទឹមនេះ ប្រាក់រៀលបានឆ្លងកាត់ឧបសគ្គជាច្រើន មុននឹងក្លាយជារូបិយវត្ថុមួយប្រកបដោយទំនុកចិត្តដូចសព្វថ្ងៃ។ ឯកឧត្តម ស៊ុំ សន្និសិទ្ធមានប្រសាសន៍បន្តទៀតថា រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក បន្ទាប់ពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ។
ឯកឧត្តមបន្ថែមថា៖«ការអនុវត្តគោលនយោបាយទាំងនេះ គួបផ្សំនឹងការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទំហំប្រាក់រៀលក្នុងចរាចរណ៍បានកើនឡើងជាលំដាប់ ខណៈដែលតម្លៃប្រាក់រៀលមានស្ថិរភាពល្អប្រសើរ ដែលឆ្លុះបញ្ចាំងពីកំណើនតម្រូវការរបស់ប្រាក់រៀលនៅក្នុងការប្រើប្រាស់។ ក៏ប៉ុន្តែ ទម្លាប់នៃការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ក៏បានចាក់ជ្រៅទៅក្នុងសេដ្ឋកិច្ចនិងសង្គម ជាពិសេស ផ្នត់គំនិតរបស់ប្រជាជនផងដែរ ដែលបញ្ហានេះនឹងបន្តទាមទារឱ្យមានការចូលរួមបន្ថែមទៀត ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀលពីគ្រប់ភាគីពាក់ព័ន្ធ ទាំងក្រសួងស្ថាប័នសាធារណៈនិងឯកជន ក្រុមហ៊ុន សហគ្រាស និងប្រជាពលរដ្ឋទូទៅ។»
លោកជំទាវបណ្ឌិត ជា សិរី អគ្គនាយកធនាគារជាតិ នៃកម្ពុជា មានប្រសាសន៍ថា ការរៀបចំទិវាប្រាក់រៀលស្រដៀងគ្នានេះកាលពីឆ្នាំមុនៗទទួលបានជោគជ័យច្រើន ដោយបានទាក់ទាញយុវជនចូលរួមនិងឱ្យស្គាល់កាន់ច្រើនពីប្រាក់រៀល ដោយឡែកឆ្នាំនេះ លោកជំទាវបណ្ឌិតក៏សង្ឃឹមយ៉ាងមុតមាំដែរ ថា យុវជនកម្ពុជានឹងបន្តចូលរួមគាំទ្រ ក្នុងការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែច្រើន។ លោកជំទាវបន្តថា នេះជាសញ្ញាវិជ្ជមាននៃការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា។
លោកជំទាវបណ្ឌិត ជា សិរី បន្ថែមថា តាមការអង្កេតរបស់ធនាគារជាតិនៃកម្ពុជា បង្ហាញថា ការប្រើប្រាស់ប្រាក់រៀលច្រើនតែធ្វើឡើងនៅតាមជនបទ ខណៈទីប្រជុំនៅទីក្រុង និងតាមខេត្តនៅប្រើប្រាស់ប្រាក់ដុល្លារច្រើននៅឡើយ។ ប៉ុន្តែការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក បាគង មានការទូទាត់ជាប្រាក់រៀលច្រើន។ លោកជំទាវបន្តថា៖«តាមរយៈការដាក់ឱ្យប្រាស់ប្រព័ន្ធបាគង និងប្រព័ន្ធអេឡិចត្រូនិកផ្សេងៗទៀត នឹងធ្វើឱ្យការទូទាត់ប្រាក់រៀលកាន់តែងាយស្រួល»។
លោកជំទាវបន្ថែមថា ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែច្រើន ធនាគារជាតិ បាននឹងកំពុងដាក់ឱ្យចរាចរណ៍ក្រដាសប្រាក់រៀលថ្មីៗជាច្រើន និងមានភាពទាក់ទាញជាងមុន។ ការប្រើប្រាស់ប្រាក់រៀលជាមោទនភាពជាតិ និងចំណេញដល់សេដ្ឋកិច្ច ដោយធនាគារជាតិមានលទ្ធភាពធ្វើគោលនយោបាយរូបិយវត្ថុកាន់តែច្រើន។
អគ្គលេខាធិការសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ផល វ៉ាន់ឌី បានអបអរសាទរជាមួយនឹងធនាគារជាតិនៃកម្ពុជា ក្នុងការប្រារព្ធទិវាប្រាក់រៀល ដោយលើកឡើងថា វាជាព្រឹត្តិការណ៍យ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រាក់រៀល។ លោកបន្តថា៖»ប្រាក់រៀលដើរតួនាទីយ៉ាងសំខាន់ដើម្បីគាំទ្រដល់ភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ»។
លោក វ៉ាន់ឌី ថ្លែងថា ដើម្បីលើកកម្ពស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា ក៏ដូចជាសមាគមបានលើកទឹកចិត្តឲ្យសមាជិកដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្តល់ប្រាក់កម្ចីជាប្រាក់រៀលឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ដែលសព្វថ្ងៃនេះ ការផ្តល់ប្រាក់កម្ចីជាប្រាក់រៀលពីសំណាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានប្រមាណជាង ២០ភាគរយដែលលើសពីការកំណត់ពីធនាគារជាតិនៃកម្ពុជា។ លោកវ៉ានឌីបន្ថែមថា៖«យើងចង់លើកកម្ពស់ប្រាក់រៀលឲ្យបានច្រើន រហូតដល់ ៣០ភាគរយ ដល់ ៥០ភាគរយ នៅពេលអនាគត ប៉ុន្តែទាមទារការចូលរួមពីប្រជាពលរដ្ឋកម្ពុជា គឺដែលនេះមានសារសំខាន់ដើម្បីលើកកម្ពស់ប្រាក់រៀល។»៕