ភ្នំពេញ ៖ មន្ត្រីជំនាញកសិកម្ម បានបង្ហាញថា បើនិយាយពីគុណភាពផ្លែស្វាយរបស់កម្ពុជាដែលដាំដុះស្របតាមលក្ខណៈបច្ចេកទេសស្តង់ដារ គឺទទួលបានការកោតសរសើរពី ពលរដ្ឋចិន កូរ៉េខាងត្បូង និងជប៉ុន ដោយពួកគេនិយាយថា ស្វាយកែវរមៀតកម្ពុជា គឺឆ្ងាញ់ល្អ សូមឲ្យពិន្ទុនៅលើគេនៅក្នុងអាស៊ី, ដូច្នេះហើយមន្ត្រីជំនាញរូបនេះ សូមអំពាវនាវឲ្យវិស័យឯកជនបង្កើនការដាំដុះផលិតផ្លែស្វាយស្របតាមបច្ចេកទេសស្តង់ដារ ដើម្បីនាំចេញឲ្យបានច្រើនដងក្នុងមួយឆ្នាំ។

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នាពេលថ្មីៗនេះបានឲ្យដឹងថា ដើម្បីធ្វើការប្រកួតប្រជែងផ្លែស្វាយ យើងគួរតែមានប្រតិទិនដាំដុះស្វាយនៅកម្ពុជា ធ្វើយ៉ាងណា កុំឱ្យការប្រមូលផលផ្លែស្វាយរបស់យើងនាំចេញទៅប្រទេសចិន ឬប្រទេសដទៃទៀត ចំពេលទីផ្សារនៅប្រទេសចិន និងនៅប្រទេសដទៃទៀតនោះ ត្រូវបានគេនាំផ្លែស្វាយច្រើនចូលមកដែរ នោះតម្លៃផ្លែស្វាយពិតជាត្រូវធ្លាក់ថ្លៃ។
ដូច្នេះ យើងត្រូវធ្វើផែនការផលិត ផ្លែស្វាយតាមកំណត់ប្រតិទិន ដោយផ្សារភ្ជាប់កិច្ចសន្យាជាមួយអ្នកនាំចេញ និងអ្នកទទួលទិញ ក៏ដូចជាមួយអ្នកសាងសង់មណ្ឌលស្តុកផ្លែស្វាយសម្លាប់មេរោគឲ្យបានច្បាស់លាស់ សំដៅឲ្យមានការប្រមូលផលផ្លែស្វាយនាំចេញជារៀងរាល់ខែ, ពោលគឺ កុំផលិតផ្លែស្វាយតាមរដូវកាល ឬថា កុំរង់ចាំប្រមូលផលតាមរដូវកាល, បើពុំសោតនោះទេ ផ្លែស្វាយកម្ពុជាប្រកួតនៅលើទីផ្សារមិនឈ្នះគេទេ។ ឧទាហរណ៍ថា យើងចង់ប្រមូលផលផ្លែស្វាយនៅ ខែតុលា និង ខែវិច្ឆិកា ឱ្យត្រូវនឹងតម្រូវការទីផ្សារក្នុងប្រទេសចិន ព្រោះថា ក្នុងប្រទេសចិននាពេលនោះ គឺផ្លែស្វាយអត់សូវមានគេផ្គត់ផ្គង់ទេ ហើយតម្លៃថ្លៃណាស់, អីចឹង ដើម្បីបញ្ចេញផ្លែស្វាយនៅក្នុង ខែវិច្ឆិកានោះ យើងត្រូវចាប់ផ្តើមតាំងពី ខែមេសា ឬខែឧសភា ទៅ។
មន្ត្រីជំនាញ លោក ងិន ឆាយ បានបញ្ជាក់បន្ថែមថា ក្នុងនាមជាអ្នកបច្ចេកទេស លោកចង់ឲ្យមានការប្រមូលផលផ្លែស្វាយរៀងរាល់ខែ គឺធ្វើយ៉ាងណាសំដៅឲ្យមានការប្រមូលផលផ្លែស្វាយជារៀងរាល់ខែដើម្បីធ្វើការប្រកួតប្រជែង បើសិនជាយើងចាំតែដល់រដូវទើបប្រមូលផលមួយឆ្នាំមួយដងនោះ ហើយដល់ពេលនោះបណ្ដាប្រទេសផ្សេងទៀត ក៏ត្រូវនាំចេញផ្លែស្វាយទៅកាន់ទីផ្សារដូចគ្នា (សម្រុកទៅជាន់គ្នា) នឹងធ្វើឱ្យតម្រូវការថយចុះ រីឯតម្លៃក៏ធ្លាក់ចុះផងដែរ។ មានន័យថា យើងត្រូវបញ្ចៀសទីផ្សារណាដែលមានការផ្គត់ផ្គង់ច្រើន (ជាន់គ្នាច្រើនពេក) គឺជាយុទ្ធសាស្ត្រល្អ។

ទោះជាយ៉ាងណា ការបន្ថែមល្បឿនផលិតផ្លែស្វាយ ឬនាំផ្លែស្វាយចេញ មិនមែនជាការងាយទេ ដូចជា ការផលិតផ្លែស្វាយខុសរដូវ គឺទាមទារឲ្យមានបច្ចេកទេសផលិតកម្មត្រឹមត្រូវ ហើយការចំណាយទុនក៏វាខ្ពស់ជាងការផលិតផ្លែស្វាយតាមរដូវកាលធម្មតា និងទាមទារត្រូវតែមានប្រព័ន្ធស្រោចស្រពបំពេញបន្ថែម, ប៉ុន្តែ រំពឹងថា យើងអាចធ្វើបាន។
ជាមួយគ្នានេះ អ្នកជំនាញ លោក ងិន ឆាយ បានអំពាវនាវទៅដល់ក្រុមហ៊ុនឯកជនដែលមានបំណងចង់បង្កើនល្បឿននាំផ្លែស្វាយចេញ គឺត្រូវវិនិយោគសាងសង់មណ្ឌលវេចខ្ចប់ និងសម្លាប់មេរោគ ឲ្យបានច្រើនថែមទៀត ដើម្បីធ្វើឲ្យផ្លែស្វាយរបស់យើងប្រកបដោយស្តង់ដារអនាម័យ។
សូមបញ្ជាក់ថា ផ្លែស្វាយកម្ពុជា ត្រូវបាននាំចេញភាគច្រើនទៅកាន់ប្រទេសវៀតណាម ថៃ កូរ៉េខាងត្បូង ជប៉ុន និងចិន។
អ្នករកស៊ីនាំផ្លែស្វាយចេញដ៏ធំមួយរូប គឺឧកញ៉ា ហ៊ុន ឡាក់ ជានាយកប្រតិបត្តិក្រុមហ៊ុន រីកហ្វាម (Rich Farm) ដែលបានដាំដុះដំណាំស្វាយលើផ្ទៃដីជាង ៤០០ហិកតាសម្រាប់នាំចេញទៅកាន់ប្រទេសចិន បានចែករំលែកថា អ្នកដាំស្វាយនឹងទទួលបានផលចំណេញមិនខាតនោះទេ ប្រសិនបើដំណាំស្វាយរបស់ពួកគាត់ត្រូវតាមស្ដង់ដារដែលទីផ្សារចង់បាន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ យើងសង្កេតឃើញថា ការដាំស្វាយត្រូវតាមបច្ចេកទេសស្តង់ដារ គឺនៅតែរក្សាបានតម្លៃខ្ពស់ លើកលែងតែស្វាយដែលមិនត្រូវតាមស្ដង់ដារប៉ុណ្ណោះ ពិតជាធ្លាក់ថ្លៃ។
គួរបញ្ជាក់ ថា ប្រទេសកម្ពុជាមានផ្ទៃដីដាំ ដំណាំស្វាយសរុបចំនួន ១៣១ ៨៩០ ហិកតា, ប៉ុន្តែប្រមូលផលបានត្រឹមតែផ្ទៃដីទំហំ ៩៣ ០៩៩ ប៉ុណ្ណោះ។ ទិន្នផលជាមធ្យមនៃដំណាំស្វាយមានចំនួនជាង ១៨តោន ក្នុងមួយហិកតា។ យោងតាមរបាយការណ៍ក្រសួងកសិកម្ម ឲ្យដឹងថា ទិន្នផលផ្លែស្វាយឆ្នាំ ២០២០ មានចំនួន ១,៧៥លានតោន ក្នុងនោះ ត្រូវបាននាំចេញចំនួន ៩៥០ ០០០ តោន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN







