ពិតជារឿងដ៏ចម្លែក និងអាចនិយាយបានថា ទើបតែមានមួយគត់នៅស្រុកខ្មែរ គ្រាដែលបានឃើញបុរសម្នាក់ បានក្លាយជាអ្នកប្រកបរបរបើក PassApp ផ្តល់សេវាកម្ម «កក់សក់សម្រាប់ស្រ្តី» ដល់ផ្ទះ ដែលធ្វើឲ្យបងប្អូនស្រ្តីៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង។
នេះបើតាមស្រ្តីម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ គីម ឡុង ដែលបានចែករំលែកវីដេអូ បានភ្ជាប់ Caption ថា៖ «មកមណ្ឌលគីរីលើកទីបី ទើបតែជួប ជាងកក់សក់ប្រុស ដើរកក់តាមផ្ទះ សំខាន់ អ្នកកក់ស្រីទៀត»។ ហើយនៅក្នុងវីដេអូ បុរសជាជាងកក់សក់រូបនេះ បានប្រាប់ឲ្យដឹងថា គាត់បានបម្រើសេវាកម្មកក់សក់តាមផ្ទះនេះ មិនមែនទើបតែឥឡូវទេ គឺ ៣ ទៅ៤ឆ្នាំ មកហើយ និងក៏បានបើក PassApp ដើរកក់ស្ទើរគ្រប់ខេត្តទៀតផង។
ជាមួយទិដ្ឋភាពដ៏ប្លែកនេះផងដែរ ឃើញថា អ្នកលេងហ្វេសប៊ុក ជាពិសេសបងប្អូនស្រ្តីៗ បានលាន់មាត់ភ្ញាក់ផ្អើល និងកោតសរសើរគាំទ្រដល់បុរសរូបនេះជាខ្លាំងតែម្តង។ ក្នុងនោះ ស្រ្តីៗជាច្រើនបានចូលខមិនថា៖ «ល្អម្យ៉ាងដែរតើ បើមានចឹងមែនរកលុយបានច្រើនជាងអ្នកកក់តាមតូបទៀត, សរសើរគាត់ បុិនប្រសប់ឆ្នៃប្រឌិត ងាយស្រួលដល់អ្នកនៅផ្ទះ, មើលទៅ គាត់សក់ស្អាតជាងអ្នកកក់ស្រីទៀត, បើនៅភ្នំពេញមានអុីចឹងមែន ណាត់ឲ្យមករាល់ថ្ងៃហ្មង,…»។ រីឯស្រ្តីដទៃទៀត ក៏បានប្រាប់ឲ្យដឹងថា គាត់ក៏ធ្លាប់កក់ដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





