Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក មើលឃើញ​កម្ពុជា​មានភាព​រីកចម្រើន​

​​ភ្នំពេញ​ ៖​ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក បានបញ្ជាក់​ថា ថ្វី​ត្បិត​តែ​កម្ពុជា​បាន​ឆ្លងកាត់​នូវ​ការលំបាក​ជាច្រើន ក៏​ប៉ុន្តែ​ពេល​បច្ចុប្បន្ន​នេះ​ដោយសារ​ការខិតខំ​ប្រឹង​ប្រែ​ង របស់​សម្តេច​តេជោ និង​ប្រជាជន​កម្ពុជា ធ្វើឲ្យ​កម្ពុជា​មាន​ការវិវន្តន៍​ដូច​សព្វ​ថ្ងៃ​។

​នៅ​វិមាន​សន្តិភាព រសៀល ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទទួល​ជួប លោក ដូក អ៊ី​រីក​សិន (Doug Ericksen) សមាជិក​ព្រឹទ្ធ​ស​ភ​សហរដ្ឋអាមេរិក នៅ​វិមាន​សន្តិភាព។​

​លោក Doug Ericksen ធ្លាប់បាន​មក​ទស្សនកិច្ច នៅ​កម្ពុជា កាលពី​ឆ្នាំ​២០១៦​កន្លង​ទៅ​ម្តង​រួចមកហើយ ដែល​ពេលនោះ លោក​បាន​ចូលរួម​ក្នុង​ពិធី​ប្រារព្ធ​ខួប​៧​មករា​។ លោក​បាន​បង្ហាញ​ពី​សេចក្តី​រីករាយ​ដែល​បាន​ជួប សម្តេច​តេជោ ជាថ្មី​ម្តងទៀត​។ លោក Doug Ericksen បាន​មើលឃើញ​កម្ពុជា​រីកចម្រើន​ទៅ​មុខ គួរ​អោយ​កោតសរសើរ ក្នុងនោះ​រួម​ទាំង​កំណើន​សេដ្ឋកិច្ច​កម្ពុជា​កំពុង​មាន​ការរីកលូតលាស់​យ៉ាង​ឆាប់រហ័ស ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ​។ លោក​បន្ថែមថា ថ្វី​ត្បិត​តែ​កម្ពុជា​បាន​ឆ្លងកាត់​នូវ​ការលំបាក​ជាច្រើន ក៏​ប៉ុន្តែ​ពេល​បច្ចុប្បន្ន​នេះ​ដោយសារ​ការខិតខំ​ប្រឹង​ប្រែ​ង របស់​សម្តេច​តេជោ និង​ប្រជាជន​កម្ពុជា ធ្វើឲ្យ​កម្ពុជា​មាន​ការវិវន្តន៍​ដូច​សព្វ​ថ្ងៃ​។ ជាពិសេស​សម្តេច​បាន​ថែរក្សា​ស្ថរភាព​សង្គម និង​សន្តិភាព​ដែល​ជា​គ្រឹះ​ដ៏​សំខាន់​ក្នុង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ទាំងមូល​។

​លោក​ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា ពិភពលោក​មិនអាច​ប្រាប់​ប្រទេស​កម្ពុជា ថា​ត្រូវ​ដឹកនាំ​ប្រទេស​បែបណា​នោះទេ មាន​តែ​ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ​ដែលជា​អ្នក​កំណត់​ជោគវាសនា​ខ្លួនឯង គ្មាន​ប្រទេស​ណា អាចមក​កំណត់​វាសនា​ឲ្យ​កម្ពុជា​បាន​ឡើយ​។ លោក​ក៏​បាន​ជំរាបជូន សម្តេច​តេជោផង​ដែរថា អ្វី​ដែល​លោក​ចង់​ឃើញ​គឺ​ការពង្រឹង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ខាង​វិស័យសេដ្ឋកិច្ច និង​វិស័យ​ផ្សេងៗ​ទៀត​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​។ ជាងនេះទៀត លោក​ក៏​ចង់​ឃើញ​ការពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ និង​ក៏​ចង់​ឃើញ​ប្រជាពលរដ្ឋ​អាមេរិក និង​អ្នកវិនិយោគ​សហរដ្ឋអាមេរិក​មក​ឃើញ​ស្ថានភាព​ជាក់ស្តែង​នៃ​ដំណើរ​ការអភិវឌ្ឍ​របស់​កម្ពុជា​សព្វថ្ងៃ ដែល​រូបលោក​ផ្ទាល់​មាន​ការកោតសរសើ​រយ៉ា​ង​ខ្លាំង​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​ពី​ការលើកឡើង របស់ Doug Ericksen ចំពោះ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​សព្វថ្ងៃ ហើយក៏​បាន​ស្វាគមន៍​ចំពោះ​ក្រុមការងារ​របស់​លោក​ដែល​មាន​គម្រោង​វិលត្រឡប់​មក​ចូលរួម​តាមដាន និង​សង្កេតការណ៍​នៅ​កម្ពុជា​នៅក្នុង​ពេល​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខនេះ​។ សម្តេច​តេជោ បាន​បន្ថែមថា Doug Ericksen បាន​យល់​ច្បាស់​ពី​ស្ថានភាព​របស់​ប្រទេស​កម្ពុជា ហើយ​សង្ឃឹមថា លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ ក៏​អាច​យល់​ច្បាស់​ពី​ជំហរ​កម្ពុជា​ផងដែរ​។ ពិត​ណាស់​ចំពោះ​អ្នក​ដែល​មិន​បាន​មក​ឃើញ​កម្ពុជា​គឺ​នឹង​មិន​ស្គាល់ និង​យល់​អំពី​កម្ពុជា​ឡើយ​។ សម្តេច​តេជោ បានបញ្ជាក់​ថា យើង​សូម​និយាយ​តែ​អំពី​អ្វី​ដែល​ច្បាស់លាស់​ពិតប្រាកដ​ប៉ុណ្ណោះ​។​

​នៅ​ក្នុង​កិច្ចពិភាក្សា​នេះដែរ សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា​កាលពី​រំដោះ​ប្រទេស​បាន​នៅ​ឆ្នាំ ១៩៧៩ គឺ​ទីក្រុង​ភ្នំពេញ​មាន​មនុស្ស​តែ​៧០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ យើង​បាន​ឃើញជាក់ស្តែង​ហើយ ពី​ការរីកចម្រើន​របស់​រា​ជ​ធានី​ភ្នំពេញ និង​នៅ​ទូទាំង​ប្រទេស​។ សម្តេច​តេជោ បាន​គូសបញ្ជាក់ថា អ្វី​ដែល​កម្ពុជា​ទទួលបាន​មកទល់ពេលនេះ គឺ​កើតឡើង​ពី​ការខិតខំ​ប្រឹងប្រែង​ក្នុងពេល​ដែល​ប្រទេសជាតិ​កំពុង​មាន​សុខសន្តិភាព​ពេញលេញ​ដែលជា​មូលដ្ឋាន​ដ៏​សំខាន់បំផុត​ក្នុង​ការអភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​មានប្រសាសន៍​ផងដែរ​អំពី​ទិសដៅ​កម្ពុជា​នៅ​ឆ្នាំ​២០៣០ គឺ​នឹង​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កំរិត​ខ្ពស់ និង​នៅ​ឆ្នាំ​២០៥០ គឺជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ចំណូល​ខ្ពស់​តែម្តង​។ សម្តេច​តេជោ ក៏​បាន​គូសបញ្ជាក់​ពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សហរដ្ឋអាមេរិក​ដែល​មាន​លើ​គ្រប់​វិស័យ​ជាទូទៅ​ដែល​មាន​លក្ខណៈ​ជិតស្និទ្ធ និង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា​ដូចជា វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៌ និង វិនិយោគ​ជា​ដើម ដែល​ឧទាហរណ៍​ជាក់ស្តែង​គឺ​កម្ពុជា​មាន​រោងចក្រ​ផលិត​កូកាកូឡា​ដ៏​ធំ​មួយ​នៅ​ទីនេះ​។ សម្តេច​តេជោ ចង់​អោយ​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​សហរដ្ឋអាមេរិក និង កម្ពុជា​កាន់តែ​ល្អ​ឡើង​លើ​គ្រប់​វិស័យ​។

​លោក Doug Ericksen បាន​មើលឃើញ​ថា​កម្ពុជា​ជា​ប្រទេស​ល្អ និង​មាន​ប្រជាពលរដ្ឋ​ដ៏​ល្អ​ដូចនេះ​សហរដ្ឋអាមេរិក ចង់អោយ​មាន​កិច្ច​សហ​ប្រតិប្តិការជា​មួយ​កម្ពុជា​លើ​វិស័យក​សិកម្ម​ដោយ​រដ្ឋ​វ៉ាស៊ីនតោន​អាច​នាំ​ចូល​នាំ​ផ្លែ​ប៉ោម​, ទឹកដោះគោ​, និង​ផ្លែឈៀ​រីមក​កម្ពុជា​។ រី​ឯ​កម្ពុជា​អាច​នាំ​ចេញ អង្ករ និង​កសិផល​ផ្សេង​ទៀត​ទៅ​កាន់​រដ្ឋ​វ៉ាស៊ីនតោន​វិញ​បានដែរ​។

​លោក Doug Ericksen បាន​បព្ជាក់ជូន​សម្តេច​តេ​ជោថា ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​កម្ពុជា​គឺជា​មិត្ត​របស់​សហរដ្ឋអាមេរិក គឺ​មិនមែន​ជា​សត្រូវ​ទេ ហើយ​សហរដ្ឋអាមេរិក​ក៏​មិនមែន​ជា​សត្រូវ​របស់​កម្ពុជា​ដែរ​។ ដូចនេះ មិន​ចាំបាច់​អោយ​មាន​ស្ថានភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​ឡើយ​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ បាន​កោតសរសើរ​ចំពោះ​ការខិតខំ​តស៊ូ​ប្រឹងប្រែង​របស់​លោក​ប្រធានាធិបតី Donald Trump ដែល​ប្រឈម​នឹង​ឧបស្គ​ជាច្រើន​រួម​ទាំង​សម្ពាធ​ន៍​គ្រប់​ច្រក​ពី​គណបក្ស​ខ្លួនឯង​ផងដែរ ប៉ុន្តែ​លោក​បាន​ខិខំ​ធ្វើ​ដើម្បី​ផលប្រយោជន៍​ប្រជាព​ល​រដ្ឋ​អាមេរិក​។ សម្តេច​តេជោ ក៏​ជា​អ្នកគាំទ្រ នឹង​ធ្លាប់​បាន​ព្យា​​ក​រណ៍​ទុក​ពីមុន​ការបោះឆ្នោត​ថា លោក Donald Trump គឺ​នឹង​ជាប់ឆ្នោត ដែល​៩៩% គឺ​គាំទ្រ​លោកស្រី Hillary Clinton​។ សម្តេច​តេជោ ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា ប្រទេស​ទាំង​ពីរ​គ្មាន​ហេតុផល​អ្វី​ដែល​ធ្វើ​ជា​សម្រូវ​ជាមួយគ្នានោះទេ​។ ជាក់ស្តែង​ប្រទេស​ទាំង​ពីរ​បាន​ធ្វើការ​ជាមួយ​គ្នា​ចាប់តាំងពី ឆ្នាំ​១៩៦៥ មកម្ល៉េះ ដូចនេះ​ប្រទេស​ទាំង​ពីរ​នឹង​បន្ត​កិច្ចការ​ជាមួយ​គ្នា​បន្ថែមទៀត​ដើម្បី​អោយ​មិត្តភាព និង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ល្អប្រសើរ​។

​ឆ្លៀត​ក្នុង​ឱកាស​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​សហរដ្ឋអាមេរិក ដែល​បាន​ជួយ​កម្ពុជា​កន្លងមក ព្រមទាំង​ផ្តល់​អាហា​រូប​ករណ៌ដ​ល់​និស្សិត​កម្ពុជា​បាន​ទៅ​សិក្សា​នៅ​អាមេរិក​ផងដែរ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

    

×