ភ្នំពេញ ៖ អ្នកជំនាញកសិកម្ម នៃក្រសួងកសិកម្ម បានបណ្ដុះគំនិតជំរុញឲ្យអ្នករកស៊ីទាំងឡាយងាកមកចាប់អារម្មណ៍ បង្កើនរោងចក្រផលិតទឹកស៉ីរ៉ូស្វាយ និងតំណាប់ស្វាយឲ្យបានច្រើន ដើម្បីនាំចេញ និងចែកចាយក្នុងស្រុក ព្រោះផលិតផលនេះ មិនទាន់មានអ្នកផលិតច្រើននោះទេ, ម៉្យាង ការធ្វើទឹកស៊ីរ៉ូស្វាយ និងដំណាប់ស្វាយនេះ មិនចាំបាច់យកស្វាយ ដែលស្ដង់ដារលេខមួយនោះទេ គឺស្វាយធម្មតា ក៏អាចធ្វើបានដែរ។

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នាពេលថ្មីៗនេះ បានថ្លែងឱ្យដឹងថា លោកសូមអំពាវនាវទៅដល់វិស័យឯកជន សូមងាកទៅចាប់អារម្មណ៍បង្កើនរោងចក្រ ធ្វើដំណាប់ស្វាយឲ្យបានច្រើន និងទឹកស៊ីរ៉ូស្វាយ ដែលនេះជាតម្រូវការខ្ពស់ ហើយទីផ្សារមិនទាន់មានប្រទេសណាធ្វើការផ្គត់ផ្គង់ច្រើននៅឡើយទេ សូមធ្វើឱ្យទាន់ពេលវេលា ដើម្បីមានឱកាសទីផ្សារ។
គួររំលឹកថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងបានអំពាវនាវញឹកញាប់ដល់អ្នកដាំ ស្វាយ ឬអ្នកប្រកបអាជីវកម្មស្វាយ ទាំងឡាយឱ្យទៅចុះបញ្ជីកសិដ្ឋានដាំស្វាយសម្រាប់នាំចេញ នៅអគ្គនាយកដ្ឋានកសិកម្ម។ ការជំរុញបែបនេះ គឺដើម្បីជួយដល់អ្នកដាំដុះដំណាំស្វាយ ងាយស្រួលទទួល បានព័ត៌មាន និងសេវាបណ្តុះបណ្តាលបច្ចេកទេស ក្នុងការបង្កើនផលិតភាព និងគុណភាពផ្លែស្វាយស្របតាមស្តង់ដារ។ សកម្មភាពនេះក៏អាចជួយដល់ពួកគេក្នុងការរៀបចំចងក្រងជាបណ្តុំអាជីវកម្មស្វាយ សម្រាប់ទាក់ ទង ជា មួយក្រុមហ៊ុនក្នុង និងក្រៅស្រុក ដើម្បីចុះកិច្ចសន្យាប្រមូលទិញផលិតផលស្វាយ រួមមាន ផ្លែស្វាយស្រស់ និងផលិតផលកែច្នៃចេញពីផ្លែស្វាយ។

ដូច្នេះ មន្ត្រីជំនាញកសិកម្ម លើកទឹកចិត្តឲ្យវិស័យឯកជនបង្កើនរោងចក្រផលិតទឹកសុីរ៉ូធ្វើពីផ្លែស្វាយ និងបង្កើនផលិតផលតំណាប់ស្វាយនាពេលនេះ គឺទាន់មានឱកាសទីផ្សារនៅទូលំទូលាយ អាចនាំចេញ និងចែកចាយក្នុងស្រុក។
គួរបញ្ជាក់ ថា ប្រទេសកម្ពុជាមានផ្ទៃដីដាំ ដំណាំស្វាយសរុបចំនួន ១៣១ ៨៩០ ហិកតា, ប៉ុន្តែប្រមូលផលបានត្រឹមតែផ្ទៃដីទំហំ ៩៣ ០៩៩ ប៉ុណ្ណោះ។ ទិន្នផលជាមធ្យមនៃដំណាំស្វាយមានចំនួនជាង ១៨តោន ក្នុងមួយហិកតា។ យោងតាមរបាយការណ៍ក្រសួងកសិកម្ម ឲ្យដឹងថា ទិន្នផលផ្លែស្វាយឆ្នាំ ២០២០ មានចំនួន ១,៧៥លានតោន ក្នុងនោះ ត្រូវបាននាំចេញចំនួន ៩៥០ ០០០ តោន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN










