ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ដែលបានធ្វើសកម្មភាពឆ.ក់ទូរស័ព្ទដៃរបស់ប្រជាពលរដ្ឋ បានសម្រេច រួចជិះម៉ូតូបំណងគេចខ្លួន ហេតុការណ៍បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចខាងកើតស្ថានីយ៍ប្រេងតូតាល់ ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ វណ្ណស័ក បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិចាក់ជ្រូក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ យ៉ែម ចាន់សុខ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករក្រុមហ៊ុន KR Express ទីលំនៅភូមិចុងព្រែកសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
វត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1JE-5927 មានលេខតួ366393 ១គ្រឿង, ២/ទូរស័ព្ទដៃម៉ាកTECNO POVA ពណ៌ផ្ទៃមេឃ០១គ្រឿង ។
តាមសម្តីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៤ និង២០នាទីរសៀល ជនរងគ្រោះឈ្មោះ យ៉ែម ចាន់សុខ ភេទប្រុស អាយុ៤២ឆ្នាំ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IQ-1636 ម្នាក់ឯង ចេញពីក្រុមហ៊ុនដឹកជញ្ជូនKR Express ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីត្រឡប់ទៅផ្ទះ ស្ថិតនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
ពេលជនរងគ្រោះជិះម៉ូតូតាមផ្លូវបេតុង ដល់ចំណុចខាងកើតស្ថានីយ៍ប្រេងតូតាល់ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ជនរងគ្រោះក៏បានឈប់ម៉ូតូអែបកៀន រួចយកទូរស័ព្ទដៃម៉ាកTECNO POVA ពណ៌ផ្ទៃមេឃ ១គ្រឿងមកចុក ស្រាប់តែមានជនសង្ស័យមានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង ទី១ ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1JE-5927 ទី២ ម៉ូតូម៉ាកស្កូបពីពណ៌ស មិនស្គាល់ផ្លាកលេខ ទី៣ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ មិនស្គាល់ផ្លាកលេខ ស្របទិសគ្នាជាមួយជនរងគ្រោះ ហើយជនសង្ស័យម្នាក់ បានបើកម៉ូតូម៉ាកស៊ុយស៊ូគីនិច ឌុបជនសង្ស័យឈ្មោះ វណ្ណស័ក បញ្ញា ទៅអែបខាងឆ្វេងដៃជនរងគ្រោះ រួចបានធ្វើសកម្មភាពឆ.ក់ទូរស័ព្ទដៃ របស់ជនរងគ្រោះបានសម្រេច រួចនាំគ្នាបើកម៉ូតូគេចខ្លួន ។ ហើយជនរងគ្រោះក៏បានជិះម៉ូតូដេញតាម និងស្រែកឆោឡោឱ្យគេជួយ រួចក៏មានកម្លាំងសមត្ថកិច្ច ដែលជិះម៉ូតូល្បាតតាមផ្លូវ បានឃើញហេតុការណ៍នោះ ក៏បានជួយអន្តរាគមន៍ដេញតាមពីក្រោយ រហូតដល់ចំណុចផ្លូវ៣៧១ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ជនសង្ស័យ បានបើកម៉ូតូទាក់ដៃចង្កូត ជាមួយប្រជាពលរដ្ឋដែល ធ្វើដំណើរតាមផ្លូវបណ្តាលឱ្យដួលម៉ូតូ ហើយសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួន ជនសង្ស័យ១នាក់ឈ្មោះ វណ្ណស័ក បញ្ញា រួមនិងវត្ថុតាង ១/ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1JE-5927, ២/ទូរស័ព្ទដៃម៉ាកTECNO POVA ពណ៌ផ្ទៃមេឃ១គ្រឿង (ទូរស័ព្ទដៃរបស់ជនរងគ្រោះ) យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ។
នៅចំពោះមុខសមត្ថកិច្ច , ជនសង្ស័យបានឆ្លើយសារភាពថា រូបគេ (ជនសង្ស័យ) និងបក្ខពួកពិតជាបានធ្វើសកម្មភាព ឆ.ក់ទូរស័ព្ទដៃរបស់ជនរងគ្រោះប្រាកដមែន ហើយជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹង ចំឈ្មោះជនសង្ស័យ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ចំណែកជនសង្ស័យ៥ នាក់ទៀត សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ចាប់យកមកផ្ដន្ទាទោស តាមច្បាប់នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម



