យុវជនឥណ្ឌាម្នាក់ ដែលបានជន្លលេងសើចជាមួយពស់វែក ៣ ក្បាល ដើម្បីថតវីដេអូទាក់ទាញការទស្សនានៅលើ YouTube ជាលទ្ធផល បានត្រូវពស់១ក្បាល ចឹកផ្លប់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។
Maaz Sayed ដែលជាអ្នកចូលចិត្តសត្វពស់ មកពី Sirsi ប្រទេសឥណ្ឌា តែងតែបង្កើតវីដេអូទាក់ទងនឹងពស់ ហើយចែករំលែកនៅលើឆាណែល Youtube ផ្ទាល់របស់ខ្លួន ដែលទើបតែមានអ្នក subcribe ៨០០ ប៉ុណ្ណោះ។
តែទោះយ៉ាងណា វីដេអូថ្មីនេះ ដែល Maaz Sayed បានថត ជាមួយពស់វែក ៣ ក្បាល បានធ្វើឲ្យរូបគេ ត្រូវជួបរឿងដ៏រន្ធត់។
តាមវីដេអូរីករាលដាល បានបង្ហាញ Maaz Sayed នៅជាមួយពស់វែក៣ក្បាល ដែលមានទំហំខុសៗគ្នា នៅកណ្តាលព្រៃ។ នៅពេលនោះ រូបគេអង្គុយនៅពីមុខពស់ទាំងបី និងចាប់ផ្តើមយកដៃ ចាប់ទាញទាញកន្ទុយពស់១ក្បាល និងបន្ទាប់មក បានធ្វើចលនាយោលយោគជង្គង់ និងដៃរេចុះរេឡើង ដើម្បីទាក់ទាញពួកវាធ្វើតាម។
ដំបូងឡើយ ពស់វែកទាំងបីហាក់ដូចជាដើរតាមចលនារបស់ Maaz Sayed ។ ប៉ុន្តែ បន្ទាប់មក ស្រាប់តែពស់វែកមួយក្បាលក្នុងចំណោមពស់វែកទាំងបីក្បាលស្ទុះហក់ខាំជង្គង់របស់ Maaz Sayed តែម្តង។ ភ្លាមៗនោះ បុរសនោះបានងើបឈរទាញពស់ដោយដៃ ប៉ុន្តែវាមិនព្រមព្រលែងមាត់នោះទេ។
ពស់វែកជាធម្មតាមិនឈ្លានពានទេ ប្រសិនបើមិនប៉ះពាល់វា ពោលគឺវាស្លូតណាស់។ តែទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើមានការញុះញង់ វានឹងក្លាយទៅជាឆេវឆាវ ត្រៀមនឹងព្រួសពិសដាក់គូសត្រូវពុំខាន។ ពិសរបស់វា គឺប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ហើយអាចស្លាប់បាន។
Susanta Nanda មន្ត្រីបម្រើការព្រៃឈើឥណ្ឌាបានចែករំលែកវីដេអូនេះនៅលើទំព័រ Twitter ផ្ទាល់ខ្លួនរបស់នាង ដោយព្រមានថា “នេះគឺជាបញ្ហាដ៏អាក្រក់មួយចំពោះពស់វែក។ ពស់យល់ឃើញថាវត្ថុផ្លាស់ទីជាការគំរាមកំហែង ហើយវានឹងត្រៀមជាស្រេច ដើម្បីវាយប្រហារភ្លាមៗ។ ពិសរបស់វាសាហាវខ្លាំងណាស់ ជួនកាលអាចបណ្តាលឲ្យមនុស្សស្លាប់បាន ប្រសិនបើសង្គ្រោះមិនទាន់ពេលវេលា»។
Priyanka Kadam ស្ថាបនិកសមាគមអប់រំ និងព្យាបាលសត្វពស់ បាននិយាយថា «គាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយនៅ Sirsi, Karnataka។ នេះជាវីដេអូដែលមានខ្លឹមសារអវិជ្ជមាន ការរំលោភបំពានយ៉ាងសកម្ម ទៅលើសត្វព្រៃ។ គាត់នៅតែមិនស្រួលខ្លួននៅឡើយ។ ហើយយើងនឹងទាក់ទងជាមួយគាត់ នៅពេលគាត់បានជាសះស្បើយទាំងស្រុង»។
Atul Pai ដែលជាអ្នកជួយសង្គ្រោះសត្វពស់ និងសត្វនៅ Mangalore បានចែករំលែកអំពីសកម្មភាពរបស់ Maaz Sayed ថា “នេះគឺល្បែងរប៉ិលរប៉ូចធម្មតា ដែលមនុស្សជាច្រើនធ្វើតាម នៅពេលដែលពួកគេឃើញពស់វែក។ តែទោះជាយ៉ាងណាក៏ដោយ ពួកគេមិនយល់ពីទំហំរបស់ពួកវាទេ។ ហើយការធ្វើចលនាជន្លលេងជាមួយពស់វែក នឹងមានលទ្ធផលធ្ងន់ធ្ងរបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
