Tuesday, December 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងការឡើងថ្លៃប្រេង អាចបង្កផលប៉ះពាល់ដល់ការរីកចម្រើននៃវិស័យកាត់ដេរ កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា បញ្ហាសង្រ្គាមរបស់រុស្ស៊ី-អ៊ុយក្រែន និងការកើនឡើងនៃថ្លៃប្រេង អាចនឹងបង្កផលប៉ះពាល់ដល់ការរីកចម្រើននៃវិស័យកាត់ដេរ តាមរយៈថយចុះនូវតម្រូវការនៃការបញ្ជាទិញផលិតផលរបស់កម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ថ្លែងបែបនេះធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយដាក់ឱ្យអនុវត្តផ្លូវការនូវ «យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និង កាបូបកម្ពុជា ២០២២-២០២៧» នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ។

លោកបានថ្លែងថា ការផ្ទុះឡើងនូវសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នាពេលថ្មីៗនេះ ព្រមជាមួយនឹងការដាក់ចេញទណ្ឌកម្មសេដ្ឋកិច្ចផ្ទួនៗមកលើរុស្ស៊ី បាននិងកំពុងបន្ទច់បង្អាក់ដល់ការងើបឡើងវិញ នូវកំណើនសេដ្ឋកិច្ចសកល ជាពិសេស បង្កើនភាពមិនប្រាកដប្រជាខ្ពស់ ចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបង្កឱ្យមានការផ្លាស់ប្ដូរកាន់តែរហ័ស នូវនិម្មាបនកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងតំបន់ និង សកលលោក ដូចជារំហូរហិរញ្ញវត្ថុ ទុនវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ និងច្រវាក់ផ្គត់ផ្គង់ជាដើម។ បន្ថែមលើសម្ពាធអតិផរណាពីការកើនឡើង នៃថ្លៃប្រេងក្នុងពេលចំពោះមុខ បញ្ហាប្រឈមខាងផ្នែករចនាសម្ព័ន្ធ សម្រាប់រយៈពេលមធ្យមខាងមុខ អាចនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ទទួលរងផលប៉ះពាល់ជាអវិជ្ជមានផងដែរ ជាពិសេស អាចបង្កផលវិបាកមិនល្អ ដល់ការរីកចម្រើននៃវិស័យកាត់ដេរ តាមរយៈការថមថយនូវតម្រូវការនៃការបញ្ជាទិញផលិតផលរបស់កម្ពុជា ដែលពឹងអាស្រ័យទៅលើការនាំចេញទៅ ទីផ្សារអន្តរជាតិ»។

លោកបន្តថា តាមរយៈការវាយតម្លៃចុងក្រោយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិស័យកាត់ដេរអាចសម្រេចបានកំណើនល្អប្រសើរ ក្នុងអត្រា៨% ក្នុងឆ្នាំ ២០២១ ពីកំណើនធ្លាក់ចុះក្នុងអត្រា -៦,៤% ក្នុងឆ្នាំ ២០២០ និង រំពឹងថានឹងសម្រេចកំណើនក្នុងរង្វង់៨.១% ក្នុងឆ្នាំ ២០២២ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើង នៃតម្រូវការខាងក្រៅ ជាពិសេស ទីផ្សារសហរដ្ឋអាមេរិក គួបផ្សំនឹងការទទួលបាននូវការបង្វែរ នៃការបញ្ជាទិញពីវៀតណាម និង មីយ៉ាន់ម៉ា ក្នុងពេលចំពោះមុខ។

បើតាមសេចក្តីប្រកាសព័ត៌មាន ស្ដីអំពីពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យ កាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧” , នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ដោយទទួលបាននូវការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧» តាមប្រព័ន្ធវីដេអូ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ស្ថានទូត, សមាគមជាតិ-អន្តរជាតិ, សហជីព, ម្ចាស់រោង ចក្រ, ម្ចាស់ម៉ាកផលិតផល និងអ្នកបញ្ហាទិញ ផងដែរ។

ដោយផ្អែកលើកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ប្រាក់ឈ្នួលនិងថ្លៃផលិតកម្មប្រកួតប្រជែង ប្រព័ន្ធ អនុគ្រោះផ្នែកពាណិជ្ជកម្ម និងបរិយាកាសវិនិយោគអំណោយផល ដែលជាឧត្តមភាពប្រកួតប្រជែងដ៏រឹងមាំរបស់ កម្ពុជា, វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបបានរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានក្លាយជាចន្ទល់កំណើន សេដ្ឋកិច្ចជាតិដ៏សំខាន់។ ជាក់ស្ដែង ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៩០ រហូតដល់ឆ្នាំ ២០០៨, ការនាំចេញនៃវិស័យនេះ បានរួមចំណែកក្នុងទំហំប្រមាណជាង ៩៥%នៃការនាំចេញសរុបរបស់កម្ពុជា និងនៅតែរក្សាបានក្នុង កម្រិតខ្ពស់ ពោលគឺជាមធ្យមជាង ៧០% នៅក្រោយវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ២០០៨ មកទល់នឹងបច្ចុប្បន្ន ខណៈ ដែលកម្ពុជាបាននិងកំពុងធ្វើពិពិធកម្មការនាំចេញផលិតផលផ្សេងទៀត ដូចជា កង់ គ្រឿងបន្លាស់រថយន្ត និងគ្រឿង បង្គុំអេឡិចត្រូនិក ជាដើម។

ថ្វីបើវិស័យនេះត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់, រចនាសម្ព័ន្ធនៃវិស័យនេះក្នុងរយៈពេលជិត៣ទសវត្សរ៍កន្លងមក មិនទាន់មានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ ដោយនៅតែជាមជ្ឈមណ្ឌលផលិតកម្មមានតម្លៃបន្ថែមទាប ហើយសមាហរ ណកម្មនៃឧស្សាហកម្មគាំទ្រនៅក្នុងដំណើរការផ្សេងទៀតនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃនៅមានកម្រិត។

ជាមួយគ្នានេះ, និន្នាការ និងការវិវត្តសំខាន់ៗក្នុងវិស័យនេះបានលេចឡើង ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ បន្ថែម ទាំងក្នុងកម្រិតគោលនយោបាយ និងកម្រិតប្រតិបត្តិការ ជាពិសេស លើកិច្ចគាំពារបរិស្ថាន ឬចីរភាពបរិស្ថាន។ ជាក់ស្តែង, ការទទួលខុសត្រូវលើកិច្ចគាំពារបរិស្ថាន ឬចីរភាពបរិស្ថាន ជាពិសេស ការជំរុញការប្រើប្រាស់ថាមពល កកើតឡើងវិញនៅក្នុងដំណើរការផលិតកម្ម កំពុងទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់អ្នកបញ្ជាទិញ និង ប្រទេសនានា ដែលជាទីផ្សារនាំចេញរបស់កម្ពុជា។ ទន្ទឹមនេះ, ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃវិបត្តិជំងឺកូវីដ-១៩ និងការ បន្ទច់បង្អាក់មកលើខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់តម្លៃរបស់តំបន់ និងសកល នាពេលថ្មីៗនេះ បានវិវត្ដក្លាយជា បញ្ហាប្រឈម និងសម្ពាធបន្ថែម ដល់វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប នៅកម្ពុជា។

ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជាបានពិនិត្យឃើញពីសារៈសំខាន់និងភាពចាំបាច់ ក្នុងការរៀបចំ និងដាក់ឱ្យ អនុវត្តនូវ «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧» សំដៅកំណត់ នូវចក្ខុវិស័យរួម គោលបំណង គោលដៅនិងវិធានការជាយុទ្ធសាស្ត្រ ដើម្បីបន្តពង្រឹងនិងគ្រប់គ្រងការអភិវឌ្ឍ វិស័យ នេះឱ្យស្របតាមបរិការណ៍កម្ពុជា ដែលស្ថិតក្នុងស្ថានភាពទ្ធទិស មានទាំងបញ្ហាប្រឈមនិងកាលានុវត្តភាពព្រម ទាំងឆ្លើយតបទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃនិម្មាបនកម្មតំបន់និងពិភពលោក។ ក្នុងន័យនេះ តាមរយៈការ អនុវត្តយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលនឹងអភិវឌ្ឍវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបនៅកម្ពុជា ឱ្យទៅជា ឧស្សាហកម្មដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្តោតលើផលិតផលថ្លៃខ្ពស់ និងមានលក្ខណៈ ពិសេស មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ចនៅមុនដំណាច់ឆ្នាំ ២០២៧។

ជាចុងក្រោយ រាជរដ្ឋាភិបាលជឿជាក់ថា ការអនុវត្តយុទ្ធសាស្ត្រនេះនឹងចូលរួមចំណែកដោះស្រាយបញ្ហាប្រឈម ជារចនាសម្ព័ន្ធ និងផ្ដល់លទ្ធភាពឱ្យកម្ពុជាអាចចាប់យកកាលានុវត្តភាព ដើម្បីជំរុញការអភិវឌ្ឍនៃវិស័យកាត់ដេរ ក៏ ដូចជា កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ប្រកបដោយចីរភាព និងបរិយាប័ន្ន។ យុទ្ធសាស្ត្រនេះក៏នឹងចូលរួមចំណែកក្នុង ការបង្កើនសមត្ថភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច ការឆ្លើយតបទៅនឹងការរំពឹងទុក និងតម្រូវការរបស់ប្រជាជន និងការកសាងមូលដ្ឋានគ្រឹះចាំបាច់ ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវបង្គោលចរឆ្នាំ ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ផងដែរ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា នៅឆ្នាំ២០២១ មានតម្លៃ ១១ ៣៨៩.៦លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៥០៥ លានដុល្លារអាមេរិក ដែលស្មើនឹង១៥.២% បើធៀបនឹងកាលពីឆ្នាំ២០២០៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×