Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ប្រាក់ សុខុន ជួបជាមួយឯកឧត្តម មីង អោងឡាំងផ្លាស់ប្តូរទស្សនៈស្តីពីការអនុវត្ត និងវឌ្ឍនភាពនៃការព្រមព្រៀង ជាឯកច្ឆន្នប្រាំចំណុច របស់អាស៊ាន

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅយប់ថ្ងៃទី២១ ខែមីនា បានឲ្យដឹងថា ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅមីយ៉ាន់ម៉ា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានអញ្ជើញចូលជួបសាវនាការចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីការអនុវត្ត និងវឌ្ឍនភាពនៃការព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុចរបស់អាស៊ាន ក្រោយពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែមករា ឆ្នាំនេះ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេស របស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា គឺមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ក្រុម។

អញ្ជើញអមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រួមមាន ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្ដម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន លោក លី យ៉ាម មីង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre)
និងមន្រ្ដីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលមួយចំនួន ព្រមទំាងបុគ្គលិករបស់លេខាធិការដ្ឋានអាស៊ាន និង AHA Centre ផងដែរ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកដំបូងនៃប្រេសិតពិសេស​ របស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា មានគោលបំណងដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឈានទៅដល់ការបញ្ចប់អំពើហិង្សា ក៏ដូចជាការអត់ធ្មត់ឱ្យបានខ្ពស់បំផុតពីគ្រប់ភាគីទាំងអស់, ការចែកចាយជំនួយមនុស្សធម៌ ដោយមានការគាំទ្រនិងសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ, និងលើកទឹកចិត្តឱ្យមានកិច្ចពិគ្រោះយោបល់/កិច្ចសន្ទនានយោបាយ ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។
ដំណើរទស្សនកិច្ចនេះ នឹងផ្អែកលើឯកសារមូលដ្ឋាននៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន, លទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២, លទ្ធផលនៃកិច្ចពិភាក្សារវាង សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង និងលទ្ធផលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាននាពេលថ្មីៗនេះ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×