ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ឯកឧត្តម អ៊ឹង រចនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម NAMAZU Hiroyuki អនុរដ្ឋមន្ត្រី ក្រសួងការបរទេសជប៉ុន បានធ្វើជាសហប្រធាននៃកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីលើកទី៣ រវាងក្រសួងការបរទេសទាំងពីរ។
ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា ឯកឧត្តម NAMAZU Hiroyuki បានចូលជួបសម្ដែងការគួរសម ចំពោះឯក់ឧត្តម ប្រាក់ សុខុន ឧបនាំយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយ បានផ្លាស់ប្តូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការតំបន់ និងពហុភាគី រួមទាំងជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីជំហរប្រកបដោយសង្គតិភាពរបស់កម្ពុជា និងមាគ៌ាឆ្ពោះ ទៅរកដំណោះស្រាយដោយសន្តិវិធីសម្រាប់ជម្លោះព្រំដែន ដែលកាន់តែមានភាពតានតឹង ចាប់តាំងពីផ្ទុះ ការប្រយុទ្ធគ្នាសាជាថ្មី នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។
កិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីនេះ បានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាពសំខាន់ៗ ក្នុងវិស័យគន្លឹះនៃកិច្ចសហប្រតិបត្តិការទ្វេភាគីដែលសម្រេចបាន ចាប់តាំងពីកិច្ចប្រជុំឧត្តមមន្ត្រីលើកទីពីរ។ ភាគីទាំងពីរបានឯកភាពគ្នា ការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងជាញឹកញាប់ នៅគ្រប់ កម្រិត និងគ្របដណ្តប់លើវិស័យជាច្រើន ជាពិសេសទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅជប៉ុន ក្នុងខែឧសភា បានរួមចំណែកដ៏ធំធេងដល់ការធ្វើឱ្យ កាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន។
កិច្ចប្រជុំបានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ អភិក្រមថ្មីនៃកិច្ចសហប្រតិបត្តិការ និងបានឯកភាពគ្នាលើកកម្ពស់យ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការក្នុង ការអនុវត្តកញ្ចប់សហបង្កើតសេដ្ឋកិច្ច ដែលត្រូវបានដាក់ចេញកាលពីខែឧសភាកន្លងទៅ ក្នុងគោលបំណង ពង្រីកទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី និងទាក់ទាញការវិនិយោគរបស់ជប៉ុនមកកាន់កម្ពុជាបន្ថែមទៀត។
ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃដែលកំពុងមានភាពតានតឹងកាន់តែខ្លាំង ភាគីទាំងពីរបានសង្កត់ធ្ងន់ អំពីសារៈសំខាន់នៃដំណោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា ការបញ្ឈប់អរិភាព និងការវិលត្រឡប់ របស់ជនភៀសសឹកទៅកាន់លំនៅឋានរបស់ពួកគេវិញដោយសុវត្ថិភាព។ កិច្ចប្រជុំក៏បានពិភាក្សាអំពីការ វិវត្តថ្មីៗក្នុងតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ទៅវិញទៅមក៕ ក្សាសិទ្ធដោយ៖សុទ្ធលី






