ភ្នំពេញ ៖ ពេលនេះសង្គមជាតិកម្ពុជា បានដើរចូលទៅជ្រៅក្នុងសម័យអភិវឌ្ឍន៍ព័ត៌មានវិទ្យា និងឌីជីថលកាន់តែខ្លាំងទៅ, រីឯរដ្ឋបាលថ្នាក់ក្រោមជាតិ និងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ក៏កំពុងរត់តាមសម័យកាលផងដែរ, ដូច្នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពេលនេះ បានជំរុញការរៀបចំ និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធអភិបាលកិច្ចឌីជីថល នៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពការងារ និងធានាដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានឆាប់រហ័ស ទាន់ពេលវេលា និងមានតម្លាភាព។

ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ នាសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ការជំរុញការរៀបចំ និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធអភិបាលកិច្ចឌីជីថលនេះ ក៏ជាចង្វាក់ការងារប្រទាក់ក្រឡាគ្នាទៅនឹង ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការផងដែរ ដែលជាការពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលជាង ៣ អាណត្តិកន្លងមក ដើម្បីរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ ដោយឈរលើគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។
នាយករដ្ឋមន្ត្រីកម្ពុជា ក៏សូមអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ បន្តផ្តល់ការគាំទ្រ សហការដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ធ្វើឱ្យជីវភាព-សង្គមគ្រួសារកម្ពុជា កាន់តែមានភាពល្អប្រសើរឡើង ទាំងបច្ចុប្បន្ន និងអនាគត។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការវិវឌ្ឍនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមដំណាក់កាលនីមួយៗ បានជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានលទ្ធភាព និងពង្រឹងសមត្ថភាពទទួលខុសត្រូវ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមមូលដ្ឋាន ការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលាជូនប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចខ្លួនប្រកបដោយប្រសិទ្ធភាព។
បច្ចុប្បន្ន កម្ពុជាពិតជាទទួលបានបទពិសោធន៍គ្រប់គ្រាន់សម្រាប់បន្តការកែទម្រង់ស៊ីជម្រៅនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចូលរួមចំណែកស្តារសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ជាមួយនឹងរបៀបវារៈនានា នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិរហូតដល់ឆ្នាំ២០៣០៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN



