Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការទូតកម្ពុជា ជំរុញឱ្យមេដឹកនាំមីយ៉ាន់ម៉ា ពិនិត្យមើលវឌ្ឍនភាពនៃកិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ាន និងការផ្លាស់ប្ដូរទស្សនៈ

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសប្រធានអាស៊ាន បានជួបសវនាការជាមួយ លោកនាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា រួចហើយ ប៉ុន្តែកិច្ចសន្ទនានោះ ត្រូវបានគេរាយការណ៍ឲ្យដឹងត្រឹមតែ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នា ស្តីពីការអនុវត្តលើវឌ្ឍនភាពនៃការព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ានកាលពីឆ្នាំ២០២១ និងត្រូវអនុវត្តអ្វីជាបន្តដែលបានសន្យាជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន ដែលបានធ្វើទស្សនកិច្ច កាលពី ខែមករា ឆ្នាំ២០២២នេះ តែប៉ុណ្ណោះ។

ក្នុងជំនួបរវាងប្រមុខការទូតកម្ពុជា និងជាប្រេសិតរបស់ប្រធានអាស៊ានជាមួយមេដឹកនាំ មីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នេះ ត្រូវបានប្រភពពីមន្ត្រីដែលស្និទ្ធនឹងកិច្ចពិភាក្សានោះ បានបង្ហើបឲ្យដឹងថា ខ្លឹមសារនៃការសន្ទនា គឺមានគោលបំណង ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឈានទៅដល់ការបញ្ចប់អំពើហិង្សា ក៏ដូចជាការអត់ធ្មត់ឱ្យបានខ្ពស់បំផុតពីគ្រប់ភាគីទាំងអស់ ការចែកចាយជំនួយមនុស្សធម៌ ដោយមានការគាំទ្រ និងសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ និងលើកទឹកចិត្តឱ្យមានកិច្ចពិគ្រោះយោបល់, កិច្ចសន្ទនានយោបាយ ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់, ប៉ុន្តែលទ្ធផលពីភាគីមីយ៉ាន់ម៉ា សន្យាធ្វើយ៉ាងណាចំពោះការអនុវត្តទៅលើស្ថានភាពក្នុងប្រទេសរបស់ខ្លួននោះមិនទាន់មានប្រភពបង្ហើបឱ្យដឹងនៅឡើយទេ។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ ចំណុច ស្តីពីដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ា ត្រូវបានដាក់ចេញដោយ កិច្ចប្រជុំកំពូលអាស៊ាន កាលពី ខែមេសា ឆ្នាំ២០២១ ដែលកាលនោះប្រទេសប្រ៊ុយណេធ្វើជាប្រធានអាស៊ាន។ កិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ ចំណុច នេះ គឺដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងនោះរួមមាន ៖

១- ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។

២- ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។

៣- ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។

៤- អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាហារ (AHA)។

៥- ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×