កំពត៖ ទីតាំងភូមិសាស្ត្រឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត កំពុងមានសក្តានុពល និងកំពុងអំណោយផលល្អសម្រាប់ការដាំដុះ ក្រុមហ៊ុនអភិវឌ្ឍន៍លើវិស័យកសិកម្មជាច្រើនទៀត បាននាំគ្នាតម្រង់ឆ្ពោះទៅកាន់តំបន់នោះ។ ក្នុងនោះ គម្រោងអភិវឌ្ឍន៍កសិកម្មដ៏ធំមួយនៃក្រុមហ៊ុន ប៉ាណាគ្រីអន្តរជាតិ បានបោះទុនវិនិយោគជាង ២០០លានដុល្លារ អភិវឌ្ឍន៍វិស័យកសិកម្ម ហើយទន្ទឹមគ្នានេះ ម្ចាស់គម្រោង ក៏កំពុងស្វែងរកអន្តរាគមន៍ពីអាជ្ញាធរខេត្ត ដោយសារពលរដ្ឋមួយចំនួន នាំគ្នាទៅរំលោភយកដីរបស់ក្រុមហ៊ុន។
ក្រុមហ៊ុននេះ មានគម្រោងបោះទុនវិនិយោគជាង ២០០លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យកសិកម្ម នៅក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នការអភិវឌ្ឍគម្រោងនេះ ទើបសម្រេចបានរង្វង់ ២៥ភាគរយប៉ុណ្ណោះ។ គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន មានបែងចែកជា ១១ផ្នែក ដូចជា ចំការចេកគ្រប់ប្រភេទ ចំការធុរេន ក្រូចថ្លុង ម្រេច ខ្នុរ ដូង កន្លែងចិញ្ចឹមសត្វមាន់ ទា គោ ពពែ ត្រី បង្គារ បន្លែ សាងសង់រីស៊ត ផ្សារកសិកម្មធម្មជាតិ មជ្ឍមណ្ឌលថែទាំសុខភាព និងសាងសង់រោងចក្រកែច្នៃផលិតផលកសិកម្មជាដើម។
ម្ចាស់គម្រោងខាងលើនេះ លោក សោម សុខរ៉ាឌី បានបន្តថា ដោយសារតែវិបត្តិកូវីដ-១៩ និងដំណើរការធ្វើប័ណ្ណកម្មសិទ្ធិមានការយឺតយ៉ាវផងនោះ បង្កឱកាសឱ្យពលរដ្ឋខិលខូចមួយចំនួន ចូលធ្វើរោងនៅក្នុងចម្ការក្រុមហ៊ុន។ ការនេះ លោកកំពុងអន្តរាគមន៍ទៅអភិបាលខេត្តឱ្យជួយដោះស្រាយ។
សូមបញ្ជាក់ថា បើយោងតាមម្ចាស់គម្រោងអភិវឌ្ឍន៍ខាងលើ បានបង្ហើបឱ្យដឹងថា ចំនួនអ្នកចូលយកដីក្រុមហ៊ុននៅចុងឆ្នាំ២០១៩ មានប្រមាណ ១០គ្រួសារ ហើយមកដល់បច្ចុប្បន្ននេះ បានកើនឡើងដល់ ប្រមាណជាង ៣០០គ្រួសារ៕