Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​ដូចជា​អ្នក​ពន្លត់​អគ្គិភ័យ​ដែរ គឺ​នៅ​ពេល​ដែល​មាន​ព័ត៌មាន​អវិជ្ជមាន និង​ការចោទប្រកាន់​ខុស ពុំ​មាន​មូលដ្ឋាន​ច្បាស់លាស់ ប៉ះពាល់​ដល់​ស្ថាប័ន​របស់​ខ្លួន​

​ភ្នំពេញ​៖​បច្ចុប្បន្ន​ការផ្សព្វផ្សាយ​ព័ត៌មាន​បោកប្រាស់ និង​បំពុល​ដោយ​ក្រុមប្រឆាំង ជា​ពិសេស​ការកើនឡើង​នៃ​ព័ត៌មាន​ក្លែងក្លាយ​មាន​ច្រើន​ប្រភេទ​ណាស់ ហេតុនេះ​ចាំបាច់​អ្នកនាំពាក្យ ត្រូវ​យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់បំផុត ក្នុង​ការគ្រប់គ្រង​សាធារណ​មតិ ឬ​អាច​និយាយ​មួយ​បែប​ទៀតថា អ្នកនាំពាក្យ​ដូចជា​អ្នក​ពន្លត់​អគ្គិភ័យ​ដែរ គឺ​នៅ​ពេល​ដែល​មាន​ព័ត៌មាន​អវិជ្ជមាន និង​ការចោទប្រកាន់​ខុស ពុំ​មាន​មូលដ្ឋាន​ច្បាស់លាស់ ប៉ះពាល់​ដល់​ស្ថាប័ន​របស់​ខ្លួន និង​រាជរដ្ឋាភិបាល ដែល​ចាំបាច់​ត្រូវតែ​ធ្វើ​ការបកស្រាយ បំភ្លឺ​តប​ទៅ​វិញ​តាម​ទម្រង់​ផ្សេងៗ​ឱ្យ​បាន​លឿន និង​ច្បាស់លាស់​។​នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ និង​ជា​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ។​

​មន្ត្រី​អ្នកនាំពាក្យ​ស្ថាប័នរដ្ឋ​ប្រមាណ​៧០​រូប មក​តំណាងឱ្យ​៣៣ ក្រសួង និង​ស្ថាប័ន​ថ្នាក់ជាតិ ដែល​ទទួល​ការចែករម្លែក​បទពិសោធ​ន៍​ពី​គ្រូ​ឧទ្ទេស​នាម​ជា​ជនជាតិ​បរទេស នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី រយៈពេល​៥​ថ្ងៃ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៨​។​

​គ្រូ​ដែល​ជា​ជនជាតិ​បរទេស មាន​បទពិសោធន៍​ជា​ច្រើន​ឆ្នាំ​លើ​កិច្ច​ការងារ​ព័ត៌មាន និង​នាំពាក្យ បាន​បង្ហាញ​នូវ​យុទ្ធសាស្ត្រ យុទ្ធវិធី វិធីសាស្ត្រ បច្ចេកទេស និង​បទពិសោធ​គម្លឹះ​ដ៏​សំខាន់ៗ ដល់​មន្ត្រី​អ្នកនាំពាក្យ​តំណាង​ក្រសួង​ស្ថាប័នរដ្ឋ ដើម្បី​យក​ទៅ​បំពេញការងារ និង​បេសកកម្ម​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព និង​វិជ្ជាជីវៈ​ខ្ពស់​។ គ្រូ​ឧទ្ទេស​នាម បានបញ្ជាក់​ថា អ្នកនាំពាក្យ គឺជា​អ្នក​ដែល​កាន់​កិច្ច​ការងារ​ជា​យុទ្ធសាស្ត្រ ដូច្នេះ​ត្រូវ ក្តាប់​ព័ត៌មាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ និង​ត្រូវ​មាន​ភាព​ប៉ិនប្រសប់​ក្នុង​ការឆ្លើយតប​ទៅកាន់​អ្នក​សារព័ត៌មាន​ឱ្យចំ​បញ្ហា និង​ក៏​ជា​អ្នក​ដែល​ត្រូវតែ​ប្រកាន់យក​នូវ​សុចរិត​ភាព​ចំពោះ​ស្ថាប័ន​របស់​ខ្លួន​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ និង​ជា​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​លើកឡើង​ថា តួនាទី​របស់​មន្ត្រី​អ្នកនាំពាក្យ​ស្ថាប័នរដ្ឋ មាន​សារសំខាន់​ខ្លាំងណាស់ គឺ​មិន​ត្រឹមតែ​ជា​និមិត្តរូប ឬ​ជា​ស្ពាន​ចម្លង​ព័ត៌មាន​ពិត​របស់​ស្ថាប័ន​នីមួយៗ ទៅ​សាធារណជន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​អ្នក​ការពារ​នូវ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ដ៏​ពិតប្រាកដ​ទៀតផង ហើយ​ជាពិសេស​ជាងនេះទៅទៀត ក្នុង​សមរភូមិ​សាធារណ​មតិ អ្នកនាំពាក្យ គឺជា​អ្នក​ការពារ​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ អធិបតេយ្យភាព បូរណភាព​ទឹកដី ឯករាជ្យ និង​ការឯកភាព​ភាព​ជាតិ​ផង​ដែរ​។​

​លោក ស្វាយ ស៊ីថា បាន​បន្ថែមថា អ្នកនាំពាក្យ​មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការកែតម្រូវ​ជុំវិញ​ការ​បំភ្លៃ និង​ការ​ភូតកុហក​ដោយ​ក្រុម​ជន​មួយចំនួន​ដែល​និយាយ​មិន​ពិត ជាពិសេស គឺ​ក្រុមប្រឆាំង​ដែល​បាននិងកំពុង​ញុះញង់ ដុត​បញ្ឆេះ​ឱ្យមាន​ឡើង​នូវ​បដិវត្ត​ពណ៌ បង្កចលាចល​ក្នុងសង្គម​។ ដូច្នេះ​អ្នកនាំពាក្យ​ស្ថាប័នរដ្ឋ គឺជា​អ្នក​ជួរ​មុខ​ក្នុង​ការ​បន្សាប​នូវ​ព័ត៌មាន​ក្លែងក្លាយ Fake news ដែល​ជា​យុទ្ធសាស្ត្រ និង​ឧបាយ​កិច្ច​ដ៏​ពិសពុល នៃ​បដិវត្ត​ពណ៌​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

  

×