Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកយុទ្ធនាការជាតិ ក្រោមប្រធានបទ វីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុងឆ្លងលឿងខ្លាំងជាងមុន អាចបង្កឲ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ

កំពង់ស្ពឺ ៖ កម្ពុជាចាប់ផ្ដើមបើកយុទ្ធនាការជាតិ ក្រោមប្រធានបទ វីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុងឆ្លងលឿងខ្លាំងជាងមុន អាចបង្កឲ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ។

ពិធីនេះត្រូវបានធ្វើឡើងនៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងមានការចូលរួមពីលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានអនុគណៈកម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ, ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ, តំណាងអង្គការសុខភាពពិភពលោក, តំណាងអង្គការ UNICEF នៅកម្ពុជា និងមន្ដ្រីរាជការជាច្រើនរូបទៀតផងដែរ។

ឯកឧត្តម ម៉ម ប៊ុនហេង បានអះអាងថា ការប្រកាសបើកយុទ្ធនាការថ្នាក់ជាតិនៅពេលនេះ គឺធ្វើឡើងនៅទូទាំងប្រទេសតែម្ដង ដើម្បីពញាក់ស្មារតីដល់ប្រជាពលរដ្ឋឲ្យបន្ដយកចិត្តទុកដាក់ការពារខ្លួនពីជំងឺកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មី អូមីក្រុង។

ជាមួយគ្នានេះ លោកជំទាវ ឱ វណ្ណឌីន បានថ្លែងថា ការប្រកាសយុទ្ធនាការជាតិនៅថ្ងៃនេះ ក៏ជាការជំរុញសកម្មភាពក្រើនរំលឹកឡើងវិញ អំពីតម្រូវការនៃការបន្តសកម្មភាពអប់រំផ្សព្វផ្សាយស្តីពីការរួមគ្នាការពារការចម្លងជំងឺកូវីដ-១៩ ឲ្យបានសកម្មបន្ថែមទៀត ជាពិសេសវីរុសកូវីដ-១៩ពពួកបំប្លែងថ្មីអូមីក្រុង ដែលកំពុងតែចរាចរក្នុងសហគមន៍យ៉ាងសកម្ម។ យុទ្ធនាការជាតិនាពេលនេះ មានគោលបំណងធំៗចំនួន០៥យ៉ាង ដូចតទៅ៖

១) ផ្តល់ព័ត៌មានក្រើនរំលឹក និងជំរុញការអនុវត្តន៍វិធានការការពារចំពោះបុគ្គល គ្រួសារ និងសហគមន៍ ព្រមទាំងស្ថាប័នពាក់ព័ន្ធ រួមទាំងអ្នកសារព័ត៌មានទាំងអស់ ឲ្យចូលរួមបន្តការការពារខ្លួន និងពន្យល់អំពីស្ថានភាព នៃការចម្លងវីរុសកូវីដ-១៩ ពពួកបំប្លែងថ្មីអូមីក្រុង ដែលឆ្លងលឿន និងអាចមានហានិភ័យបង្កឲ្យមានភាពធ្ងន់ធ្ងរដល់បុគ្គល និងគ្រួសារ ហើយក៏អាចធ្វើឲ្យបាត់បង់ជីវិតបានដែរ ជាពិសេសការផ្លាស់ប្តូរទស្សនៈ និងការយល់ច្រឡំរបស់ប្រជាជនមួយចំនួន ដែលថា វីរុសកូវីដ-១៩បំប្លែងថ្មីៗអូមីក្រុង គឺជាជំងឺស្រាលៗដូចតែជំងឺផ្តាសាយធម្មតាៗ តែតាមលក្ខណៈបច្ចេកទេសនៃជំងឺកូវីដ-១៩ ដែលបង្កដោយពពួកបម្លែងថ្មីអូមីក្រុងនេះ គឺមិនមែនជាជំងឺសាមញ្ញពេកនោះឡើយ។

យើងសង្កេតឃើញហើយថា អូមីក្រុងនេះ ក៏អាចបង្កផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ឬអាចស្លាប់បាន ប្រសិនបើយើងមានការធ្វេសប្រហែស ហើយយើងក៏មិនបានដឹងច្បាស់ដែរថា វានឹងអាចបង្កឱ្យមានបញ្ហាសុខភាពកម្រិតណាពិតប្រាកដក្រោយពីមានការជាសះស្បើយពីជំងឺ និងក្នុងរយៈពេលយូរប៉ុណ្ណានោះឡើយ ហើយការឆ្លង និងការស្លាប់ ក៏នៅតែមានរកឃើញជារៀងរាល់ថ្ងៃនៅតាមបណ្តាប្រទេសនានានៅលើសាកលលោក និងនៅក្នុងប្រទេសកម្ពុជាយើងផងដែរ។

២) លើកកម្ពស់ការអនុវត្តវិធានការសុខាភិបាល «៣ការពារ និង៣កុំ» ឱ្យបានហ្មត់ចត់ជាបន្តទៀត។

៣) ជំរុញការយកចិត្តទុកដាក់មកទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញឲ្យបានលឿន និងទាន់ពេលវេលា នៅពេលដែលដល់វេនត្រូវចាក់ ដោយគ្របដណ្តប់គ្រប់ប្រជាជនគោលដៅ ជាពិសេសក្រុមងាយរងគ្រោះ ជនចាស់ជរា និងក្រុមដែលពិបាកទៅដល់ (hard to reach population) ដោយបង្ខិតសេវាចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យទៅកៀកនឹងទីកន្លែងប្រជាជនរស់នៅ។

៤) បង្កើនការទទួលខុសត្រូវរបស់បុគ្គល គ្រួសារ សហគមន៍ ស្ថាប័ន និងភាគីពាក់ព័ន្ធ សេវាឯកជន និងម្ចាស់ទីតាំងផ្សេងៗ ឱ្យចូលរួមដោយស្មារតីទទួលខុសត្រូវ និងសាមគ្គីភាពគ្នា ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ឱ្យស្ថិតនៅក្នុងកម្រិតតូចៗ ដែលអាចនឹងគ្រប់គ្រងបានទាន់ពេលវេលាហើយត្រូវចេះរៀនរស់នៅជាមួយវត្តមានវីរុសកូវីដ-១៩ ដើម្បីនិរន្តរ៍ភាពនៃការរស់នៅរបស់បងប្អូន ប្រកបរបររកស៊ីទទួលទានជាប្រចាំថ្ងៃធម្មតា តែក្នុងគន្លងប្រក្រតីភាពថ្មី។

៥) ជំរុញការយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ-សង្កាត់ (គ.ក.ន.ក) អាជ្ញាធរភូមិ-ឃុំ និងផ្នែកពាក់ព័ន្ធលើកិច្ចការការពារសុខភាពបុគ្គល និងក្រុមគ្រួសារ ដោយបញ្ហាបចំណេះដឹងស្តីពីការការពារជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ ដែលជាចំណែកមួយនៃការជំរុញការថែទាំសុខភាពបឋមនៅតាមសហគមន៍ ដោយត្រូវនាំគ្នាចូលរួមអនុវត្តជាបន្តទៀត នូវវិធានការនានាដូចបានជម្រាបជូនខាងលើ និងដោយរៀនសូត្រ បទពិសោធន៍ពីការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាក់ស្តែងនៅតាមភូមិ-ឃុំរបស់ខ្លួន សំដៅទៅរកការគ្របដណ្តប់សុខភាពជាសកល ដើម្បីបងប្អូនមានសុខភាពល្អប្រសើរ និងមានអាយុកាលរស់នៅបានវែង ផងដែរ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ស្ថានភាពបច្ចុប្បន្ននៃការឆ្លងជំងឺកូវីដ១៩ នៅតែបន្តផ្តល់ភាពព្រួយបារម្ភ បើទោះបីជាលទ្ធផលតេស្ដដោយ PCR មានការធ្លាក់ចុះក្ដី។

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្ន ការឆ្លងរាលដាលនៃកូវីដ១៩ វានៅតែជាការព្រួយបារម្ភរបស់យើងនៅឡើយទេ ថ្វីត្បិតតួលេខបង្ហាញថា មានការធ្លាក់ចុះជាបណ្តើរៗ។ សូមបងប្អូនប្រជាពលរដ្ឋកុំភ្លេចខ្លួនឲ្យសោះ។

លោកជំទាវ ឱ វណ្ណឌីន ក៏បានចោលចំពោះការប្រឌិតថា ចាក់ថ្នាំបង្ការកូវីដ១៩ទៅ នាំឲ្យកើតជំងឺមហារីក ដោយលោកស្រីបានចាត់ទុកការញុះញង់ កុំឲ្យពលរដ្ឋទៅចាក់ថ្នាំបង្ការ ជាការបង្កមហន្ដរាយដល់សង្គម។ លោកស្រីអះអាងថា ថ្នាំបង្ការកូវីដ១៩ មានគុណតម្លៃធំធេងណាស់ ក្នុងការការពារពលរដ្ឋពីជំងឺនេះ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×