ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានថ្លែងថា នៅក្នុងបរិបទការរាតត្បាតនៃជំងឺកូវីដ ធនាគារពិភពលោក បានចូលរួមគាំទ្រដល់ការទ្រទ្រង់ជីវភាពកសិករ និងគ្រួសារដែលរងផលប៉ះពាល់ពីជំងឺ១៩ តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដែលបានចូលរួមដោះស្រាយបញ្ហាសន្តិសុខស្បៀង និងចំណូលរបស់ប្រជាកសិករ។
នៅព្រឹកថ្ងៃអង្គារ ទី២២ ខែមិនា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សា ការងារជាមួយ លោក Benoir Bosquet នាយកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ទទួលបន្ទុកការអភិវឌ្ឍន៍ចីរភាពសកល និងសហការីនៃធនាគារពិភពលោក នៅឯទីស្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គោលបំណង នៃកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យ និងវាយតម្លៃទៅលើដំណើរការ គម្រោងនានានៅក្នុងវិស័យកសិកម្ម និងការរៀបចំផែនការគាំទ្រគម្រោងកម្មវិធី សម្រាប់វិស័យកសិកម្មបន្ថែមទៀតនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណចំពោះធនាគារពិភពលោក ដែលបានចូលរួមគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងជាពិសេសក្នុងវិស័យកសិកម្ម។ នៅក្នុងបរិបទការរាតត្បាតនៃជំងឺកូវីដ ធនាគារពិភពលោកបានចូលរួមគាំទ្រដល់ការទ្រទ្រង់ជីវភាពកសិករ និងគ្រួសារដែលរងផលប៉ះពាល់ពីជំងឺ១៩ តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដែលបានចូលរួមដោះស្រាយបញ្ហាសន្តិសុខស្បៀង និងចំណូលរបស់ប្រជាកសិករ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានជម្រាបជូនថា ដំណើរគម្រោងទាំងឡាយក្រោមហិរញ្ញប្បទានឥណទាន របស់ធនាគារពិភពលោកមានដំណើរការរលូនល្អ និងបានជួយជំរុញកំណើនផលិតផលកសិកម្ម ជាពិសេសចូលរួមក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច។

លោក Benoir Bosquet បានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសហការីទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការសហការជាមួយធនាគារពិភពលោក ក្នុងដំណើរការរៀបចំ និងអនុវត្តគម្រោងបានជោគជ័យនាពេលកន្លងមក។ ជាមួយគ្នានេះ ធនាគារពិភពលោកកំពុងពិនិត្យពិចារណាលើការគាំទ្របន្ថែមទៀត នៅក្នុងអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងវិស័យកសិកម្ម និងដើម្បីធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ សុខមាលភាពសាធារណៈ និងបង្កើនការនាំចេញផងដែរ។ ក្រៅពីនេះធនាគារពិភពលោក ក៏មានគម្រោងរៀបចំផែនការយុទ្ធសាស្រ្តឆ្លើយតប និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យកសិកម្ម ដើម្បីធានានិរន្តភាពនៅក្នុងវិស័យនេះ។
ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការជាមួយ ធនាគារពិភពលោក និងត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំគម្រោង កម្មវិធី និងផែនការនានាដែលពាក់ព័ន្ធក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម៕ រក្សាសិទ្ធិដោយ៖ សុទ្ធ លី





