Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន និងប្រធានស្នាក់ការច្រកដូនរ័ត្ន រងការចោទប្រកាន់ ពីក្រុមឈ្មួញជ័រកៅស៊ូស្អុយ អុស ធ្យូង និងដឹកកសិផលទៅវៀតណាម

ភ្នំពេញ ៖ នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន លោក នូ និច និងលោក ស្រ៊ុន ណាត ប្រធានស្នាក់ការច្រកដូនរ័ត្ន បានរងការរិះគន់ និងចោទប្រកាន់ថា ប្រើតួនាទី និងអំណាចរបស់ខ្លួនយកលុយពីក្រុមឈ្មួញដឹកជញ្ជូនជ័រកៅស៊ូស្អុយ អុស ធ្យូង និងដឹកកសិផលផ្សេងៗចេញទៅវៀតណាម តាមច្រកដូនរ័ត្ន ដោយគាបយកលុយតាមអំពើចិត្តគ្មានញញើតអ្វីឡើយ។ នេះបើតាមការឲ្យដឹងពីមន្រ្តីពាក់ព័ន្ធនៅច្រកដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ប្រភពបានបន្តថា ចំពោះករណីនេះ លោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅមិនទាន់មានចំណាត់ការនៅឡើយទេ ដោយទុកឲ្យលោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន ធ្វើអ្វីៗតាមអំពើចិត្តដោយអាងអ្នកធំចាំជួយការពារ។

ប្រភពដដែលបានឲ្យដឹងទៀតថា លោក នូ និច ហ៊ានប្រើប្រាស់តួនាទី និងអំណាចប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនជ័រកៅស៊ូស្អុយ អុស ធ្យូង និងដឹកកសិផលផ្សេងៗចេញទៅវៀតណាម តាមច្រកដូនរ័ត្ន គឺមានកិច្ចសហការពីសំណាក់លោក ស្រ៊ុន ណាត ប្រធានស្នាក់ការច្រកដូនរ័ត្ន ក៏ដូចជាពីសំណាក់ប្រធានការិយាល័យគយច្រកដូនរ័ត្នផងដែរ។ ករណីលោក ស្រ៊ុន ណាត ធ្វើអ្វីៗស្រេចតែអំពើចិត្ត និងមិនខ្លាចអ្នកណានោះ គឺដោយសារអាងអ្នកធំនៅក្នុងខេត្តត្បូងឃ្មុំ ចាំជួយការពារ។

បើតាមក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនជ័រកៅស៊ូស្អុយ ដឹកជញ្ជូនអុស ធ្យូង និងកសិផលផ្សេងៗទៀតចេញទៅវៀតណាមបានឲ្យដឹងថា មុខរបររបស់ពួកគេនៅសល់កម្រៃតិចតួច ព្រោះអីត្រូវចំណាយលុយតាមការកំណត់របស់សមត្ថកិច្ចនៅច្រកដូនរ័ត្ន។
ជាមួយគ្នានេះ ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនជ័រកៅស៊ូស្អុយ ដឹកជញ្ជូនអុស ធ្យូង និងកសិផលផ្សេងៗទៀត បានសំណូមពរដល់ថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធពិនិត្យមើលករណីនេះផង។

ចំណែកលោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន និងលោក ស្រ៊ុន ណាត ប្រធានស្នាក់ការច្រកដូនរ័ត្ន មិនអាចសុំការអត្ថាធិប្បាយបានទេ៕ រក្សាសិទ្ធិដោយ ៖ CEN

×