Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងចំនួន៣ ចេញប្រកាសរួមកំណត់រូបមន្ត សម្រាប់កែសម្រួលថ្លៃលក់រាយ ប្រេងឥន្ធនៈ នៅកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងចំនួន៣ រួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ បានចេញចេញប្រកាសអន្តរក្រសួងកំណត់រូបមន្ត សម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា។

បើតាមសេចក្តីចេញប្រកាសរួម សម្រេចត្រូវបានកំណត់រូបមន្ត សម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ដើម្បីឱ្យថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយប្រេងឥន្ធនៈឡើងចុះតាមតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ។ ការកំណត់រូបមន្តនេះសម្រាប់ដាក់ឱ្យអនុវត្ត តែទៅលើការលក់រាយប្រេងឥន្ធនៈប៉ុណ្ណោះ។

តម្លៃ Premium ត្រូវបានកំណត់ ០,២០ដុល្លារ ក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា (EA92)។ ចំណែក តម្លៃ Premium សម្រាប់ប្រេងម៉ាស៊ូតត្រូវបានកំណត់ ០,២៣ដុល្លារ ក្នុងមួយលីត្រ (តម្លៃគិតជាដុល្លារអាមេរិក រួចគិតជា ប្រាក់រៀលតាមអត្រាប្តូរប្រាក់ចេញដោយធនាគារជាតិនៃកម្ពុជា)។ តម្លៃ Premium សម្រាប់ប្រេងសាំងស៊ុបពែមិនត្រូវ បានកំណត់ទេ។ ស្ថានីយលក់រាយប្រេងឥន្ធនៈនៅកម្ពុជា អាចលក់ប្រកួតប្រជែងក្នុងតម្លៃមួយទាបជាងថ្លៃដែលបាន គណនាដោយរូបមន្តខាងលើ។

នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃក្រសួងពាណិជ្ជកម្ម ត្រូវគណនាថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាតាមរូបមន្ត ខាងលើ និងចេញថ្លៃលក់រាយជូនក្រុមហ៊ុនប្រេងឥន្ធនៈនៅរៀងរាល់ថ្ងៃទី០១ ថ្ងៃទី១១ និងថ្ងៃទី២១ នៃខែនីមួយៗ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាចចេញសេចក្តីជូនដំណឹងភ្លាមៗ ដោយកំណត់ឱ្យចេញថ្លៃលក់រាយជូនក្រុមហ៊ុន ប្រេងឥន្ធនៈនៅក្នុងរយៈពេល ១០ថ្ងៃម្តង ឬ ១៥ថ្ងៃម្តង តាមការចាំបាច់ ដើម្បីឱ្យមានសមាមាត្រគ្នារវាងតម្លៃប្រេងឥន្ធនៈ នៅលើទីផ្សារអន្តរជាតិ និងតម្លៃលក់រាយប្រេងឥន្ធនៈនៅលើទីផ្សារកម្ពុជា សម្រាប់រក្សារស្ថិរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ នៅកម្ពុជា។

គ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ ត្រូវមានប្រភេទផលិតផលប្រេងសាំងធម្មតា និងប្រភេទផលិតផល ប្រេងម៉ាស៊ូតលក់ក្នុងតម្លៃមិនលើសពីថ្លៃដែលបានកំណត់ដូចប្រការ៤ នៃប្រកាសអន្តរក្រសួងនេះ។

គ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ ត្រូវមានយ៉ាងតិចនូវប្រភេទផលិតផលប្រេងសាំងធម្មតា (EA92) និង ប្រភេទផលិតផលប្រេងម៉ាស៊ូតសម្រាប់លក់ជាប្រចាំ ហើយមិនអនុញ្ញាតឱ្យលក់តែប្រេងសាំងស៊ុបពែរតែមួយមុខ ដោយមិនមានលក់ប្រេងម៉ាស៊ូត និងប្រេងសាំងធម្មតា (EA92) បានទេ។

ត្រូវពិន័យអន្តរការណ៍ជាប្រាក់មិនលើសពី ៤.០០០.០០០ (បួនលានរៀល) ចំពោះស្ថានីយលក់រាយប្រេងឥន្ធនៈ ទាំងឡាយណាដែលល្មើសនឹងប្រការ៥ នៃប្រកាសអន្តរក្រសួងនេះ។ ក្នុងករណីដែលទទួលរងការពិន័យអន្តរការណ៍ម្ដង រួចហើយនៅតែបន្តប្រព្រឹត្តបទល្មើសដដែល ស្ថានីយលក់រាយប្រេងឥន្ធនៈនោះ អាចនឹងរងនូវការឱ្យបិទផ្អាកប្រតិបត្តិការ ជាបណ្ដោះអាសន្ន។

ការត្រួតពិនិត្យ និងការផាកពិន័យ កំណត់ក្នុងប្រការ៦ ខាងលើ ត្រូវអនុវត្តដោយមន្ត្រីនៃអគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំរបស់ក្រសួងពាណិជ្ជកម្ម ដោយសហការជាមួយមន្ត្រីជំនាញ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល។

រាល់ចំណាយលើការទិញព័ត៌មាន MOPS ដែលលក់ដោយក្រុមហ៊ុននៅប្រទេសសិង្ហបុរី ជាបន្ទុករបស់ក្រសួងពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្ម ត្រូវនាំមុខក្រសួងពាក់ព័ន្ធរៀបចំប្រជុំរៀងរាល់ ០៦ខែម្តង ជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ ដើម្បីពិនិត្យឡើងវិញអំពីតម្លៃ PREMIUM របស់ស្ថានីយលក់រាយប្រេងឥន្ធនៈនៅកម្ពុជា។

ប្រកាសអន្តរក្រសួងនេះ មិនគ្របដណ្ដប់ទៅលើការងាររបស់សមត្ថកិច្ច ដែលកំពុងអនុវត្តកាតព្វកិច្ចយកពន្ធទេ។

ប្រកាសអន្តរក្រសួងលេខ១៧២ ពណ.អវឯ.ប្រក ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីការកំណត់រូបមន្ត សម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ត្រូវទុកជានិរាករណ៍៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×