Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

WB កំពុងពិនិត្យពិចារណា ដើម្បីគាំទ្របន្ថែមទៀត ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងវិស័យកសិកម្ម

ភ្នំពេញ៖ នាយកធនាគារពិភពលោក WB បានឱ្យដឹងថា WB កំពុងពិនិត្យពិចារណាគាំទ្របន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងវិស័យកសិកម្ម លើអនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ និងអនុវិស័យជលផល ដើម្បីធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ សុខមាលភាពសាធារណៈ និងបង្កើនការនាំចេញ។ ក្រៅពីនេះធនាគារពិភពលោក ក៏មានគម្រោងរៀបចំផែនការយុទ្ធសាស្រ្តឆ្លើយតប និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យ​កសិកម្ម ដើម្បីធានានិរន្តភាពក្នុងវិស័យនេះ។ ​

លោក Benoir Bosquet ជានាយកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ទទួលបន្ទុកការអភិវឌ្ឍន៍ចីរភាពសកល និងសហការីនៃធនាគារពិភពលោក បានលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅប្រទេសកម្ពុជា។

ឯកឧត្តម វេង សាខុន បានឱ្យដឹងថា ធនាគារពិភពលោក បានចូលរួមគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសក្នុងវិស័យកសិកម្ម។ ក្នុងបរិបទការរាតត្បាតនៃជំងឺកូវីត ធនាគារពិភពលោកបានចូលរួមគាំទ្រដល់ការទ្រទ្រង់ជីវភាពកសិករ និងគ្រួសារដែលរងផលប៉ះពាល់ពីជំងឺ១៩ តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដែលបានចូលរួមដោះស្រាយបញ្ហាសន្តិសុខស្បៀង និងចំណូលរបស់ប្រជាកសិករ។ ​​

ឯកឧត្តម បានឱ្យដឹងទៀតថា ដំណើរគម្រោងទាំងឡាយ ក្រោមហិរញ្ញប្បទានឥណទាន របស់ធនាគារពិភពលោក មានដំណើរការរលូនល្អ និងបានជួយជំរុញកំណើនផលិតផលកសិកម្ម ជាពិសេសចូលរួមក្នុងការទ្រ​ទ្រង់​កំណើនសេដ្ឋកិច្ច។

លោក Benoir Bosquet បានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសហការីទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការសហការជាមួយធនាគារពិភពលោក ក្នុងដំណើរការរៀបចំ និងអនុវត្តគម្រោងបានជោគជ័យនាពេលកន្លងមក។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងសេចក្តីរីករាយ និងស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោក និងត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំគម្រោង កម្មវិធី និងផែនការនានាដែលពាក់ព័ន្ធក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម។ ហើយឯកឧត្តមរដ្ឋមន្រ្តី បានជូនពរដល់ដំណើរទស្សនកិច្ចរបស់លោក Benoir Bosquet និងសហការី ទទួលបានផ្លែផ្កា ប្រកបដោយភាពជោគជ័យ៕

×