ភ្នំពេញ ៖ ឆ្លើយតបទៅនឹងការបំផុសបំផុលបំពុលថា ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាំឲ្យកើតមហារីកឈាម ឬមហារីកកោសិកា, លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ព័ត៌មាននេះ គឺជាចេតនារបស់ក្រុមជនខិលខូចដើរបំពុលសង្គមតែប៉ុណ្ណោះ លោកស្រីសូមប្រកាសច្រានចោលទាំងស្រុង, ហើយស្របពេលជាមួយគ្នានេះផងដែរ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានឲ្យដឹងផងដែរថា បច្ចុប្បន្ន ប្រភេទមេរោគបំប្លែងថ្មីអូមីក្រុង កំពុងតែចរាចរណ៍ដ៏លើសលប់នៅទូទាំងពិភពលោក និងនៅក្នុងប្រទេសកម្ពុជា ដូច្នេះចូលបង្កើនការ ការពារ ទប់ស្កាត់ និងប្រុងប្រយ័ត្នក្នុងការឆ្លងរីករាលដាល។

ការថ្លែងបញ្ជាក់របស់ លោកជំទាវ ឱ វណ្ណឌីន នេះ ធ្វើឡើងក្នុងពិធីប្រកាសបើកយុទ្ធនាការជាតិ អប់រំសុខភាព ក្រោមប្រធានបទ «វីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ឆ្លងលឿនខ្លាំងជាងមុន អាចបង្កឲ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២, ដោយលោកស្រី ពន្យល់ត្រឡប់ទៅវិញថា ការប្រឌិតថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នាំឱ្យកើតជំងឺមហារីកឈាម ឬមហារីកកោសិកានេះ គឺជាការប្រឌិតព័ត៌មានញុះញង់បង្កឱ្យទៅជាមហន្ដរាយដល់សង្គមជាតិ។
លោកជំទាវ ឱ វណ្ណឌីន បកស្រាយបន្ថែមថា ឥឡូវនេះ មានបញ្ហាអ្នកដើរផ្សព្វផ្សាយថា កុំឱ្យទៅចាក់វ៉ាក់សាំង បើចាក់វ៉ាក់សាំងរួចហើយ នៅតែឈឺដដែល ចាក់ធ្វើអី?! និងមានជនខិលខូចខ្លះទៀត គាត់ដើរផ្សព្វផ្សាយថា ចាក់វ៉ាក់ទៅវាបង្កើតទៅជាជំងឺមហារីកឈាម វាបង្កើតទៅជាមហារីកកោសិកា នេះជាការឃោសនាអកុសល, នេះជាកំហុសឆ្គងធំណាស់ និងជាការបង្កជាគ្រោះមហន្តរាយដ៏ធំទៅដល់ប្រជាពលរដ្ឋ និងបង្ករមហន្តរាយទៅដល់សុខភាពសាធារណៈ និងទៅដល់សង្គមជាតិ។

លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានថ្លែងឲ្យដឹងថា សព្វដ្ងៃមេរោគបំប្លែងថ្មីអូមីក្រុង កំពុងតែចរាចរណ៍ដ៏លើសលប់នៅទូទាំងពិភពលោក និងនៅកម្ពុជាផងដែរ ពោលគឺ មេរោគនេះមិនទាន់រសាត់ទៅណាឆ្ងាយនោះទេ, ហើយថា យើងអាចបញ្ចប់វាបាននៅពេលណានោះ គឺប្រសិនបើប្រជាពលរដ្ឋនៅតាមបណ្តាបប្រទេសទាំងអស់ចូលរួមអនុវត្តតាមអនុសាសន៍ និងវិធានការដែលដាក់ចេញដោយអង្គការសុខពិភពលោក, វិធានការសុខាភិបាល និងចូលរួមទាំងអស់គ្នាក្នុងការគោរពកាតព្វកិច្ចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN















