បុរសជាភ្ញៀវម្នាក់ ធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ផ្ទុះកំហឹងស្អប់ខ្ពើមជាខ្លាំង បន្ទាប់ពីបុរសរូបនេះ បានប្រព្រឹត្តនូវទង្វើដ៏មហាសែនថោក ដ៏គ្មានតម្លៃជាមនុស្ស ដោយបានគប់កែវស្រាមកលើឆាកតន្រ្តី ព្រោះខឹងកម្មុ៉ងបទយូរពេកជាងកន្លះម៉ោង មិនដល់វេនខ្លួនច្រៀងសោះ។
ហេតុការណ៍ដ៏សាហាវនេះ បានកើតឡើងនៅក្នុងពិធីមង្គលការមួយ នៅក្នុងភូមិពងទឹក (ជិតផ្សារកំពង់អំពិល) ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង នាវេលាម៉ោងជិត ៩ យប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។
តែទោះយ៉ាងណា ករណីនេះ ពុំបណ្តាលឲ្យអ្នកណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ ដោយគ្រាន់តែប៉ះទង្គិចទៅលើរាំស្រីវ័យក្មេង២នាក់ (ម្នាក់ត្រូវត្រង់ស្មា និងម្នាក់ទៀតខ្ទាតអំបែងត្រូវត្រង់ជើង)។
ប៉ុន្តែ អ្វីដែលធ្វើឲ្យមហាជនផ្ទុះកំហឹងយ៉ាងខ្លាំងនោះ គឺបុរសរោគចិត្តនឹងការច្រៀងនេះ ពុំត្រឹមតែគប់កែវស្រាមកលើឆាកប៉ុណ្ណោះទេ តែថែមទាំងកាច់បំផ្លាញក្បាលមេក្រូរបស់ក្រុមតន្រ្តី ដែលមានតម្លៃ 400$ ទៀតផង ខណៈអាជ្ញាធរ និងប្រជាការពារចំណាស់ម្នាក់ បានត្រឹមឈរមើល ដោយឲ្យបុរសរូបនេះបញ្ចេញភាពកោងកាចដ៏អំនួតរបស់ខ្លួនតាមតែអំពើចិត្ត។
តែទោះយ៉ាងណា បន្ទាប់មក បុរសរូបនេះ បានធ្វើការសំពះសុំទោស ទៅដល់ក្រុមតន្រ្តី ហើយម្ចាស់កម្មពិធីក៏សម្រេចឲ្យបិទត្រឹមហ្នឹងផងដែរ ព្រោះឃើញថានៅតែមានបុរសខ្លាំងម្នាក់ទៀត ក៏ចង់រករឿងក្រុមតន្រ្តី ដែលទទួចសុំមិនលេងជូនទៀតទេ ព្រោះបារម្ភពីសុវត្ថិភាព បើទោះជាមេភូមិចេញមុខធានាយ៉ាងណាក៏ដោយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













