ភ្នំពេញ ៖ ស្ត្រីម្នាក់រងរបួសបែកក្បាល ខណ:កំពុងជិះម៉ូតូបត់ឆ្លងផ្លូវបណ្តាលឲ្យទាក់ដៃចង្កូត ជាមួយរថយន្តលាយបេតុងត្រូវបានរថយន្តបុកកៀ បណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង២០នាទីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវបំបែកជាបួនស្តុបអ៊ីអន២ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1FK-0821 ដឹកបន្លែសំពីងសំពោង ធ្វើដំណើរពីទិសដៅពីត្បូងទៅជើង លុះដល់ចំណុចស្តុបបំបែកជាបួនបានបត់ឆ្វេង ស្របពេលនោះក៏មានរថយន្តលាយបេតុងមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ផ្លាកលេខខេត្តព្រះសីហនុ3A-5484 បើកបរដោយបុរសម្នាក់ ពុំស្គាល់អត្តសញ្ញាណក្នុងទិសដៅពីជើងទៅត្បូង ខណៈដល់ចំនុចស្តុបផ្លូវបំបែកជាបួន អ្នកបើកបរបានបត់ស្តាំបណ្តាលឲ្យទាក់ដៃចង្កូតម៉ូតូ ជាមួយនិងរថយន្តបណ្តាលឲ្យស្ត្រីរងគ្រោះ ត្រូវបានរថយន្តបើកកៀដួលបោកក្បាលរងរបួសធ្ងន់ ចំណែកអ្នកបើកបរបានបើកទ្វារថយន្ត ចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ នគរបាលចរាចរណ៍ខណ្ឌសែនសុខ សហការជាមួយជំនាញនគរបាលចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែង នៅកន្លែងកើតហេតុ និងបានយករថយន្ត និងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម








