ខេត្តកណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ស្ពានមិត្តភាព កម្ពុជា-កូរ៉េ នឹងក្លាយជាស្ពានទំនើប ដោយប្រើខ្សែកាប ដើម្បីសម្រួលដល់នាវាចរតាមទន្លេទាំង២ គឺទន្លេសាប និងទន្លេមេគង្គ ហើយនៅពេលស្ពាននេះ សាងសង់រួច នឹងអាចទាក់ទាញបានទេសចរណ៍ទាំងក្នុងស្រុក និងបរទេស។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ។
បើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កន្លងទៅធ្លាប់បានឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣ខាងមុខនេះ។
ទីតាំងដែលត្រូវសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េនេះ គឺចាប់ផ្តើមចេញពីចំណុចផ្សាររាត្រី ក្នុងខណ្ឌដូនពេញ ឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ រួចទើបភ្ជាប់ពីតំបន់ជ្រោយចង្វារ ទៅកាន់តំបន់អរិយក្សត្រ ដែលត្រូវមានស្ពានចំនួន២។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ជម្រើសទីតាំងនៃការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ មានច្រើន ប៉ុន្តែមានជម្រើសល្អតែ២ធំៗប៉ុណ្ណោះ ហើយសម្តេចសម្រេចជ្រើសរើសយកជម្រើសទី២។
គួរបញ្ជាក់ថា បើតាមសម្តេចតេជោ ជម្រើសទី១ សង់ចាប់ពីជ្រោយចង្វារ ឆ្លងកាត់ទន្លេរមេគង្គ ទៅកាន់ស្វាយជ្រុំ បើយកជម្រើសនេះ គឺបង្កើតឲ្យមានការកកស្ទះចរាចរណ៍នៅជ្រោយចង្វារ។ ចំពោះជម្រើសទី២ គឺសង់ចាប់ពីផ្សាររាត្រី (សួនច្បារផ្សារចាស់) ឆ្លងកាត់ទន្លេសាប ភ្ជាប់ទៅជ្រោយចង្វារ ទើបបន្តពីជ្រោយចង្វារទៅកាន់ស្វាយជ្រុំ ដែលមានស្ពានចំនួន២៕