ភ្នំពេញ៖ ប្រទេសកម្ពុជា បានជំរុញពាណិជ្ជកម្មនាំចេញ ទៅកាន់ប្រទេសកូរ៉េ ក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២២នេះ កើនឡើង ៣៣ភាគរយ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា រំពឹងថា នៅពេលខាងមុខ ទំហំពាណិជ្ជកម្មទ្វេភាគី នឹងកាន់តែកើនឡើងជាងនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១ ដែលស្ថាបនាដោយមិត្តសាធារណរដ្ឋកូរ៉េ កាលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ បានបង្ហាញនូវមោទកភាព ក្នុងឋានៈជាស្ថាបនិក នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និង កូរ៉េ ដែលបានក្លាយជាទំនាក់ទំនងការទូតជឿនលឿន។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញដល់ភាគីរដ្ឋាភិបាលកូរ៉េ ឱ្យបំពេញនីតិវិធីផ្ទៃក្នុងរបស់ខ្លួនឱ្យបានឆាប់ដើម្បីចាប់ផ្តើមជំរុញពាណិជ្ជកម្មកម្ពុជា កូរ៉េ ស្របគ្នាជាមួយការចូលជាធរមាន នៃកិច្ចព្រមព្រាង អាសិប ខណៈការនាំចេញពាណិជ្ជកម្មរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េ ក្នុងរយៈពេល២ខែ ដើមឆ្នាំនេះ បានកើនឡើង៣៣ភាគរយ។
ឆ្នាំ២០២១កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា កូរ៉េ សម្រេចបានទំហំទឹកប្រាក់ជាង ៣០២ លានដុល្លារ ដែលកើនឡើង ២,៦៦ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា និងឆ្នាំ២០២០។
នាឱកាសនោះ ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ លោក Park Heung-kyeong ក៏បានថ្លែងពីការភ្ជាប់ទំនាក់ទំនង ការទូតឡើងវិញរវាងកូរ៉េ និង កម្ពុជា និងបានរុញច្រានកំណើនពាណិជ្ជកម្មប្រទេសទាំងពីរកើនឡើង ១៧ដង។
លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា ក្រោយពីភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរបានកើនឡើងរហូតដល់ជាង១៧ដង គឺរហូតដល់ ១ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ហើយមានក្រុមហ៊ុនកូរ៉េប្រមាណ ៣០០ក្រុមហ៊ុន កំពុងវិនិយោគផ្ទាល់នៅកម្ពុជា តាមវិស័យនានាដូចជាវិស័យកាត់ដេរ ហិរញ្ញវត្ថុ សំណង់ និងកសិកម្មជាច្រើនផងដែរ ។
លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េបានលើកឡើងទៀត ទំនាក់ទំនងល្អរវាងកម្ពុជា និងកូរ៉េក៏បានចូលរួមចំណែកយ៉ាងធំក្នុងការបង្កើតការងារ និងការប្រមូលរូបិយប័ណ្ណអន្តរជាតិសម្រាប់កម្ពុជាផងដែរ តាមរយៈការនាំចេញកម្លាំងពលករពលកម្ម ក្រោមប្រព័ន្ធអនុញ្ញាតិមុខរបរ។ បច្ចុប្បន្នមានពលករខ្មែរប្រមាណ៤៥០០០នាក់ កំពុងបម្រើការងារក្នុងវិស័យឧស្សាហកម្មនៅប្រទេសកូរ៉េ ប្រកបដោយស្មោះត្រង់ និងទទួលបានការទទួលស្គាល់សមត្ថភាពពីនិយោជករបស់ពួកគេផងដែរ។
សូមជម្រាបថា ក្នុងរយៈពេល២០ឆ្នាំកន្លងមកប្រទេសកូរ៉េបានកំពុងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការជំនួយឥតសំណង និងឥណទានសម្បទានសរុបមានចំនួនជាង៩០០លានដុល្លារសហរដ្ឋអាមេរិក ដែលមានដូចជារចនាសម្ព័ន្ធ សុខាភិបាល និងអប់រំជាដើម ហើយកូរ៉េកំពុងតែអនុវត្តគម្រោងដ៏ធំមួយដែលមានទំហំធំជាងឆ្នាំមុន ដែលមានទឹកប្រាក់១៥០លានដុល្លារសហរដ្ឋអាមេរិក ហើយមិនតែប៉ុណ្ណោះគម្រោង សាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលនឹងក្លាយជានិមិត្តរូប នៃកិច្ចសហប្រតិបត្តិការ ក៏គ្រោងនឹងត្រូវអនុវត្តផងដែរ៕