ថ្មីៗនេះ អ្នកស្រី Pham Thi Hong Hanh រស់នៅទីក្រុង Buon Ma Thuot ខេត្តដាកឡាក់ ឲ្យដឹងថា ក្រុមគ្រួសាររបស់អ្នកស្រីទើបឃើញផ្សិតចម្លែកដ៏ធំមួយចំនួន រីកលូតលាស់យ៉ាងលឿន ក្នុងអំឡុងពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី ៣ ខែឧសភា ក្នុងពេលដែលអ្នកស្រីនិងម្តាយដើរមើលចម្ការក៏ឃើញមានផ្សិតតូចៗដុះនៅទីនោះ ។ ល្ងាចថ្ងៃដដែល អ្នកស្រីក៏ចេញទៅមើលចម្ការម្តងទៀត ស្រាប់តែផ្សិតនោះរីកធំចម្លែកប្រហែលប៉ុនមួកស្លឹក ។
ផ្សិតនេះមានមួកយ៉ាងធំពណ៌លឿងស្រាល ហើយដុះជុំវិញគល់ដើមស្រកានាគ នៅលើផ្សិតមានសញ្ញាស្នាមប្រេះហើយមានសត្វល្អិតច្បាមពីលើនោះ ។ ដោយហេតុថា មុននេះមានផ្សិតពុលជាច្រើន ត្រូវបានបង្កគ្រោះថ្នាក់ដល់មនុស្សទើបក្រុមគ្រួសារអ្នកស្រីប្រយ័ត្នប្រយែងមិនឲ្យអ្នកណាចូលកៀក ។ អ្នកវិទ្យាសាស្ត្រនៃសកលវិទ្យាល័យវៀតណាមពេលពិនិត្យរូបភាពក៏ប្រាប់ថា ផ្សិតនេះនៅក្នុងអម្បូរ Boletaceae សាខា Boletus ប៉ុន្តែអ្នកវិទ្យាសាស្ត្ររូបនេះនិយាយថា គាត់ពុំធ្លាប់ឃើញផ្សិតប្រភេទនេះ ដុះនៅតាមចម្ការប្រជាជននៅតាមតំបន់ខ្ពង់រាបឡើយ ។
អ្នកវិទ្យាសាស្ត្រដដែលបានត្រឹមប្រាប់ថា ប្រសិនបើផ្សិតនេះ ស្ថិតក្នុងអម្បូរខាងលើ នោះក្នុងអំឡុងពេលប្រមាណ ១សប្តាហ៍ប៉ុណ្ណោះវានឹងរលួយហើយងាប់ដោយខ្លួនវា ប៉ុន្តែដោយសារគេពុំទាន់បានស្រាវជ្រាវឫសគល់ច្បាស់លាស់ ហេតុនេះពុំគួរយកវាទៅធ្វើអាហារបរិភោគដើម្បីបញ្ចៀសការពុល ។
ប្រិយមិត្តណាធ្លាប់ឃើញផ្សិតនេះ ជួយប្រាប់ផង!