លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ដោយមោទកភាពថាទោះបីកម្ពុជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ
វិស័យមីក្រូហិរញ្ញវត្ថុនៅតែរក្សានូវការរីកចម្រើន និងបានបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាដដែល ក្នុងបរិបទនការរស់នៅតាមគន្លងប្រក្រតីភាពថ្មី។
ការលើកឡើងរបស់លោក គិត សុវណ្ណារិទ្ធ នេះធ្វើឡើងក្នុងឱកាសដែលលោកចូលរួមបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា»នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺនាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។
លោក គិត សុវណ្ណារិទ្ធបានឲ្យដឹងដែរថា៖«នៅក្នុងឆ្នាំ២០២១កន្លងទៅនេះ ទំហំទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងគ្រឹះស្ថានឥណទានជនបទមានប្រមាណ ៣៧,៣០ ទ្រីលានរៀល (ស្មើនឹង ៩,១៦ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះប្រាក់កម្ចីសរុបមានប្រមាណ ៣១,៩៦ ទ្រីលានរៀល (ស្មើនឹង ៧,៨៤ ប៊ីលានដុល្លារអាមេរិក) ត្រូវបានផ្តល់ដល់អតិថិជនជាង ១,៩៧ លានគណនី និងគណនីប្រាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមានចំនួនជាង ២,៥៧ លានគណនី ដែលមានទំហំប្រាក់បញ្ញើសរុបប្រមាណ ១៦,៨៤ ទ្រីលានរៀល (ស្មើនឹង ៤,១៣ ប៊ីលានដុល្លារអាមេរិក)។»
លោកបានចាត់ទុកលទ្ធផលដែលសម្រេចបាននេះ គឺបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្រោមការគាំទ្ររបស់រាជរដ្ឋាភិបាល និងការចូលរួមសហការពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ លោក គិត
សុវណ្ណារិទ្ធបានឲ្យដឹងទៀតថា បន្ថែមពីតួនាទីជាសារវ័ន្តរបស់ខ្លួនទៀតនោះវិស័យមីក្រូហិរញ្ញវត្ថុក៏បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាថែមទៀតផង តាមរយៈការកាត់បន្ថយគម្លាតនៃការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការរវាងប្រជាជនក្នុងទីប្រជុំជននិងទីជនបទ ដើម្បីមាន
លទ្ធភាពបំពេញតម្រូវការសេវាហិរញ្ញវត្ថុទាន់ពេលវេលា មានតម្លៃសមរម្យ និងមានកិច្ចគាំពារតាមផ្លូវច្បាប់ ចំពោះប្រជាជននៅតាមតំបន់ដាច់ស្រយាលដែលពុំមានប្រតិបត្តិការធនាគារទៅដល់នោះ។ ប៉ុន្តែទោះបីវិស័យមីក្រូហិរញ្ញវត្ថុកន្លងមកការរីកចម្រើនពិតមែនតែ វិស័យនេះក៏នៅមានការប្រឈមមុខនឹងបញ្ហាចម្បងៗ មួយចំនួនដែរចាំបាច់ត្រូវយកចិត្តទុកដាក់ពីគ្រប់អ្នកពាក់ព័ន្ធ_ការបន្តជួយផ្សព្វផ្សាយនិងអប់រំប្រជាជនឲ្យខ្ចីប្រាក់តែពីគ្រឹះស្ថានស្របច្បាប់ព្រមទាំង ប្រើប្រាស់ប្រាក់កម្ចីនោះឲ្យចំគោលដៅនិងគោរពតាមកាតព្វកិច្ចសង។ជាក់ស្ដែងដូចតាមរយះសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា»នាពេលនេះជាដើមដើម្បីកុំឲ្យប្រជាជនរងគ្រោះនិងជាប់បំណុលវ័ណ្ឌក ពីការកេងប្រវ័ញ្ចនានាពីក្រុមឈ្មួញក្រៅប្រពន្ធ័។
ពាក់ព័ន្ធបញ្ហានេះលោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា សមាជិករបស់សមាគមទាំង ១២១ គ្រឹះស្ថាន បានបង្ហាញនូវការប្តេជ្ញាចិត្តនឹងដោះស្រាយបញ្ហាជាមួយអតិថិជនប្រកបដោយភាពទន់ភ្លន់ និងឈ្នះ-ឈ្នះ ជាពិសេសក្នុងអំឡុងពេលដ៏លំបាកដោយសារផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ១៩ផងដែរ។ ហើយគ្រឹះស្ថានហិរញ្ញវត្ថុ ទាំងនេះ ក៏បានដាក់ទិសដៅរួមមួយ ស្រាប់អតិថិជនរបស់ឲ្យខ្លួនទទួលបានយោគជ័យ និងបន្តប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ដោយប្រកាន់យកនូវគោលការណ៍ មួយគឺ«ភាពជោគជ័យរបស់អតិថិជន ទើបជាភាពជោគជ័យពិតប្រាកដរបស់គ្រឹះស្ថាន»៕