វីដេអូមួយរបស់គ្រូមហាជ័យ ឬហៅថាលោកឪ ដែលបានចែករំលេកកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ ឃើញថាបានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង ចំពោះប្រធានបទរបស់គ្រូ ទាក់ទង «វិធីសាស្រ្តដោះបំណុល» ដែលជាជម្រើសចុងក្រោយ សម្រាប់អ្នកបាក់ទឹកចិត្តរហូតចង់សម្លាប់ខ្លួន។
ជាការពិតណាស់ តាមរយៈវីដេអូ Live រយៈពេលជិត១ម៉ោង គ្រូមហាជ័យ បារមីស្តេចនាគ បាននិយាយថា សម្រាប់អ្នកបើកទឹកចិត្តខ្លាំង ព្រោះតែការរកស៊ីខាតឡុងឆុង លក់ដី លក់ផ្ទះ ក៏មិនដាច់ ទោះប្រើខួរក្បាលយ៉ាងណា ក៏ទៅមិនរួចដែរ ប៉ុន្តែ ជំនួសមកវិញ គឺមានតែប្រើចិត្ត វិញ្ញាណ លោកខាងក្នុងប៉ុណ្ណោះ ដែលអាចជួយ «ស្តារ» ឡើងវិញបាន។ ដែល ចិត្ត វិញ្ញាណលោកខាងក្នុងនេះ គឺសំដៅទៅលើការអុជធូប ១៦ សរសៃ ដោតលើដី ហើយទួញយំឲ្យព្រះមែធរណីជួយបើកផ្លូវ នោះប្រសិទ្ធិភាពនឹងទទួលបានដូចបំណង។
តែទោះយ៉ាងណា មនុស្សភាគច្រើន គ្រាន់តែបានឃើញវិធីសាស្រ្តដោះបំណុលបែបនេះ ស្មានតែវិធីសាស្រ្តទំនើបអស្ចារ្យអ្វីផ្សេង ក៏បានចូលខមិននាំគ្នាសើចទាំងហួសចិត្ត រហូតធ្វើឲ្យគ្រូចង់ញ៉ុកមាត់មួយសំណុំធូបដែលកំពុងឆេះទៀតផង។ រីឯអ្នកផ្សេងទៀត ក៏បានចំអកឲ្យថា លោកគ្រូខ្ញុំរកស៊ីរាល់ថ្ងៃ ហេតុអីនៅតែក្រអុីចឹង។
សូមបញ្ចាក់ថា គ្រូមហាជ័យ ថ្មីៗនេះ បានរងព្យុះរិះគន់មិនសំចៃមាត់ បន្ទាប់ពីបានអះអាងថា ព្រះម៉ែនាគបានចូលសន្ធិត ខណៈព្រះសង្ឃមួយអង្គ ក៏បានចេញមុខទម្លាយពីប្រវត្តិនាគ និងសម្តែងការហួសចិត្តថា គ្មានបារមីនាគឯណាចូលសន្ធិតប្រថុចជនកេលេសតណ្ហាញ៉ុកខ្លួននោះទេ ប៉ុន្តែ គ្រាន់តែបុគ្គលហ្នឹងមានអំនួតអ៊ួតអាងថា បារមីនាគកាន់ដ៏អស្ចារ្យ គឺជាការកុហកបោកប្រាស់ ដើម្បីឲ្យគេជឿខ្លួនប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











