ភ្នំពេញ៖ ការហក់ឡើងភ្លាមៗនៃតម្លៃប្រេងឥន្ធនៈនៅកម្ពុជា កំពុងធ្វើឱ្យការរំពឹងថាវិស័យទេសចរណ៍នឹងងើបឡើងវិញ ក្រោយពេលស្ថានភាពកូវីដ១៩ ក្នុងប្រទេស មានសភាពកាន់តែធូរស្រាល ជាពិសេសនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ ដែលរាជរដ្ឋាភិបាលប្រកាសឲ្យប្រារព្ធឡើងវិញ ដោយការកក់កញ្ចប់ទេសចរណ៍មួយចំនួនក្នុងប្រទេសត្រូវបានលុបចោល និងពន្យាពេល។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានឲ្យដឹងថា ការហក់ឡើងនៃតម្លៃប្រេងសាំង បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរកម្សាន្តបែបកញ្ចប់ទេសចរណ៍ ដែលរហូតមកដល់ពេលនេះ មានភ្ញៀវប្រហែល ៥០ភាគរយហើយ បានសម្រេចចិត្តលុបចោល និងពន្យាពេលការដើរកម្សាន្តរបស់ពួកគេវិញ ព្រោះតែថ្លៃទំនិញ ម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូន បានហក់ឡើងថ្លៃភ្លាមៗ ជាហេតុធ្វើឲ្យភ្ញៀវមានការព្រួយបារម្ភពីការចំណាយកើនឡើងខ្ពស់។
ប៉ុន្តែទោះជាមានការព្រួយបារម្មណ៍លើការហក់ឡើងនៃតម្លៃប្រេងនេះយ៉ាងណាក្តី ក៏លោកស្រី បានអះអាងថា ការដើរកម្សាន្តរបស់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ នឹងនៅតែប្រព្រឹត្តទៅជាប្រក្រតី គ្រាន់តែមិនដូចការរំពឹងទុកប៉ុណ្ណោះ ហើយបើធៀបនឹងឆ្នាំមុន ពិធីនេះត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្អាកការដើរកម្សាន្ត និងការជួបជុំ ដោយសារតែការរីករាលដាលពីជំងឺកូវីដ១៩។
គួរបញ្ជាក់ថា ការហក់ឡើងនៃតម្លៃប្រេងសកលនាពេលនេះ កំពុងបង្កការព្រួយបារម្ភនៅទូទាំងពិភពលោកអំពីថ្លៃទំនិញនឹងឡើងថ្លៃទៅតាមនោះដែរ។ តម្លៃប្រេងឥន្ធនៈបានចាប់ហក់ឡើងភ្លាមៗជាបន្តបន្ទាប់ គិតមកទល់នឹងពេលនេះលើស ១០០ដុល្លារ ក្នុងមួយធុងបារ៉ែល ចាប់តាំងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលបានឈ្លានពានលើប្រទេសអ៊ុយក្រែន៕