ប្រទេសថៃបានរាយការណ៍ថា មានករណីឆ្លងវីរុសកូវីដ-១៩ប្រភេទថ្មីចំនួន 73ករណី ដែលជាប្រភេទវីរុសបំប្លែងថ្មី ដែលតាក្រុង (Deltacron) ដែលជាកូនកាត់នៃប្រភេទវីរុស ដែលតា (Delta) និងអូមីក្រុង (Omicron) ហើយអ្នកជំងឺទាំងអស់បានជាសះស្បើយពេញលេញ។ នេះបើយោងតាមនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ (DMS) ។
លោក សូផាគិត សិរីឡាក់ (Supakit Sirilak) អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ (DMS)នៃក្រសួងសុខាភិបាលថៃ បាននិយាយថា Deltacron ត្រូវបានរកឃើញនៅក្នុងលំដាប់ហ្សែនដែលបានធ្វើតេស្តប្រចាំសប្តាហ៍របស់ក្រសួង ហើយការរកឃើញនេះត្រូវបានដាក់ជូនទៅ ជីសេដ (Gisaid) ដែលជាមូលដ្ឋានទិន្នន័យហ្សែនអន្តរជាតិ។
“ការចាត់ថ្នាក់ហ្សែនពេញលេញបានបង្ហាញពីករណីចំនួន 73 ដែលជាប្រភេទ Deltacron ។ ជាធម្មតាវាកើតឡើងនៅពេលដែលវីរុសបំប្លែងថ្មី Delta និង Omicron កំពុងរីករាលដាល វាមិនមែនទើបតែឆ្លងក្នុងពេលមួយសប្តាហ៍ ឬពីរសប្តាហ៍នោះទេ ភាគច្រើន អ្នកជំងឺបានឆ្លងតាំងពីខែធ្នូឆ្នាំ២០២១ រហូតមកដល់ខែមករាឆ្នាំ២០២២នេះ។ លោកបានបន្តថា អ្នកជំងឺទាំងអស់បានជាសះស្បើយទាំងស្រុង។
យោងតាមលោកវេជ្ជបណ្ឌិត Supakit អង្គការសុខភាពពិភពលោក (WHO) កំពុងតាមដានមេរោគ Deltacron ហើយមិនមានភ័ស្តុតាងបង្ហាញថាវាឆ្លងខ្លាំងជាង អាចបង្កឱ្យមានជំងឺកាន់តែធ្ងន់ធ្ងរ ឬអាចគេចចេញពីភាពស៊ាំបាននោះទេ។ ករណី Deltacron ជាង 4,000 ត្រូវបានបញ្ជូនទៅ Gisaid រួមទាំង 73 ពីប្រទេសថៃផងដែរ។
លោកសូផាគិតថា៖ “វាមិនចាំបាច់ភ័យស្លន់ស្លោទេ។ ប្រសិនបើករណីនៃវីរុសបំប្លែងថ្មី Delta ធ្លាក់ចុះបន្ថែមទៀត ឱកាសនៃប្រភេទទាំងពីររួមបញ្ចូលគ្នាក៏ធ្លាក់ចុះដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើ Deltacron ឆ្លងបានខ្ពស់ វាអាចជំនួស Omicron បាន។ ប៉ុន្តែមិនមានសញ្ញាអ្វីនោះទេ ហើយក៏មិនមាន ព័ត៌មានអំពីមេរោគរបស់វា»។ គាត់បាននិយាយថា លំដាប់ហ្សែននៃសំណាក់ជិត 2,000 ចាប់ពីថ្ងៃទី 12 ដល់ថ្ងៃទី 18 ខែមីនា បានបង្ហាញថាស្ទើរតែ 100% នៃករណីបានឆ្លងមេរោគ Omicron variant ដោយករណីមួយត្រូវបានរកឃើញ៕ ប្រភព៖ បាងកក់ប៉ុស្តិ៍