គ្រោះថ្នាក់ចរាចរណ៍មួយ ពិតជាធ្វើឲ្យមានការហួសចិត្តខ្លាំងណាស់ ដែលរថយន្តទំនើប២បាំងកន្លះ១គ្រឿង ឡើងថ្មីសន្លាង បានបុកម៉ូតូ រួចជ្រុលទៅបុករបងថ្ម ឡើងខ្ទេចមួយកំណាត់មុខ និងសូម្បីដាច់កង់ ហើយអ្នកបើកបរបានសារភាពថា ខ្លួនមិនសូវចេះបើកបរនោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ប្រភពចែករំលែកពុំបានបញ្ជាក់ទីតាំងកើតហេតុនោះទេ ដោយគ្រាន់តែបញ្ជាក់ឲ្យដឹងថា បានកើតឡើងនៅខេត្តកំពង់ចាម វេលាម៉ោង ១២ ថ្ងៃត្រង់ ទី២៣ ខែមីនា ឆ្នាំ២០២២។
បើតាមប្រភពបានឲ្យដឹងថា ដោយសារតែម្ចាស់ឡានទើបនិងទិញឡានថ្មីពុំសូវចេះបើកបរ ក៏បានរេចង្កូតទៅប៉ះនឹងម៉ូតូ(អឹមដេ)១គ្រឿងដែលបើកបរដោយបុរស២នាក់ បណ្ដាលឲ្យបុរសម្នាក់បាក់ជើងខាងឆ្វេង ខណៈម្នាក់ទៀតរងរបួសស្រាល ហើយបន្ទាប់មក រថយន្តនេះក៏បានជ្រុលទៅបុករបងផ្ទះ បណ្ដាលអោយដាច់កង់មុខខាងឆ្វេង និងខ្ទេចផ្នែកខាងមុខទាំងស្រុងតែម្តង។ បច្ចុប្បន្នរថយន្តបង្ក និងម៉ូតូ ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីរង់ចាំធ្វើការដោះស្រាយ។
តែទោះយ៉ាងណា ទាក់ទងរឿងអះអាងថា ពុំសូវចេះបើកបរ គឺពិតជាធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គម មានការហួសចិត្តយ៉ាងខ្លាំងតែម្តង និងបានរិះគន់ថា «ឡានជិត2មឺុន រៀនបើកអស់តែ300$សោះធ្វើអត់បាន, នេះហើយជាមូលហេតុដែលចេះតែកើតមានគ្រោះថ្នាក់ចរាចរណ៍នៅលើដងវិថី គឺដោយសារអាងខ្លួនឯងចេះបើកបន្តិចបន្តួច ខ្ជិលរៀនបើកបរ មានលុយទិញពាក់មីយកតែម្ដង។ ខ្ញុំសូមសំណូមពរដល់អ្នកបើកបរទាំងអស់ សូមមេត្តារៀនបើកបរអោយច្បាស់សិន និងកុំចាយលុយទិញពាក់មីទាំងដែលខ្លួនមិនទាន់ចេះបើកបរស្ទាត់»។ រីឯអ្នកខ្លះទៀតថា ក៏បាននិយាយយ៉ាងចាក់ដោតថា៖ «ចូលរួមសោកស្ដាយផង អ្នកជួបទើបយល់អារម្មណ៍បែបមួយនេះ បើលុយខ្លួនឯងទិញមិនអីទេ ចុះបើលុយខ្ចីគេ ឬបង់រំលោះវិញមិនដាច់ខ្យល់ហើយអី»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






