ភ្នំពេញ ៖ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសព័ន្ធយុវជនកម្ពុជា បានគូសបញ្ជាក់អំពីលទ្ធផលសំខាន់ៗយចំនួន៤ ដែលក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) សម្រេចបានក្នុងឆ្នាំ២០២១ ដោយឈរលើការទទួលខុសត្រូវខ្ពស់ និងមិនយកវិបត្តិជំងឺកូវីដ-១៩ ធ្វើជាឧបសគ្គឡើយ។ ការបញ្ជាក់នេះ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ លើកទិសដៅការងារឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ។

ឯកឧត្តម ស សុខា បានបញ្ជាក់ពីលទ្ធផលសំខាន់ៗដែលក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) សម្រេចបានមានដូចជា ៖ ក្រុមប្រឹក្សាបានបង្កើតនូវកិច្ចសហការល្អ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រសួងអាណា ព្យាបាលនៃគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ព្រម ទាំងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា និងសមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ . ក្រុមប្រឹក្សាបានសហការល្អនិងទទួលបានការគាំទ្រយ៉ាងសកម្មពីគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា រដ្ឋនិងឯកជន ព្រមទាំងគ្រឹះស្ថានសិក្សាផ្នែកគរុកោសល្យទាំង អស់ផងដែរ ក្នុងភារកិច្ចស្នូលនិងការធ្វើសកម្មភាពនានា ទាក់ ទងទៅនឹងយុវជនជានិស្សិត និងគ្រឹះស្ថានសិក្សានីមួយៗ។
ឯកឧត្តមបន្តថា តាមសំណើរបស់ក្រុមប្រឹក្សា ស.ស.យ.ក. បានសម្រេចនិងប្រកាសទទួលស្គាល់ជាផ្លូវការនូវ សមាសភាពគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំ គ្រឹះ ស្ថានឧត្តមសិក្សារដ្ឋនិងឯកជនចំនួន១១៤ ស្មើ នឹង ៩៦% នៃគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ទូទាំងប្រទេស ដែលមានធនធានមនុស្សជាកម្លាំងប្រតិ បត្តិករសរុបជាង២ពាន់នាក់ ដោយបានអនុវត្តលើសផែនការកំណត់នៅឆ្នាំ២០២១ ដែលគ្រោងបង្កើតក្រុមការងារយុវជននៅតាម គ្រឹះស្ថានឧត្តមសិក្សា តែ៥០ប៉ុណ្ណោះ។
ផ្អែកតាមការណែនាំតម្រង់ទិសរបស់ក្រុមប្រឹក្សា ក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សានីមួយៗ ក៏បានចាប់ផ្ដើមធ្វើសកម្មភាពជាបណ្តើរៗ ដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបដល់យុវជនជានិស្សិតនិងគរុសិស្សឱ្យបានយល់ដឹងអំពីគោលបំណង បេសកកម្ម និងអត្ថប្រយោជន៍ក្នុងការចូលរួមធ្វើសកម្មភាព និងចូលជាសមាជិក ស.ស.យ.ក.។

ឯកឧត្តម ស សុខា បានបន្តទៀតថា ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ក៏បានរិះរកគ្រប់មធ្យោបាយក្នុងការបំពេញបេសកកម្មរបស់ខ្លួន ឱ្យសម្រេចបានជោគជ័យ ដូចជាការប្រជុំនិងដោះស្រាយបញ្ហាតាមប្រព័ន្ធអនឡាញ ការបង្កើតឱ្យមានរចនាសម្ព័ន្ធមួយច្បាស់លាស់ ការបង្កើតឱ្យមានបទប្បញ្ញត្តិ និងឯកសារផ្លូវការនានាជាមូល ដ្ឋាន នៃការដឹកនាំគ្រប់គ្រង, ការប្រមូលផ្តុំនូវធន ធានមនុស្ស ដែលមានគុណវឌ្ឍ សមត្ថភាព និងបទពិសោធល្អៗ ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ បន្ថែមលើនេះ ក្រុមប្រឹក្សាបានដាក់ចេញនូវផែនការសកម្មភាពប្រចាំឆ្នាំ២០២១ ដែលមានលក្ខណៈ ជាក់លាក់ អាចអនុវត្តបាន ស្របទៅតាមធនធានដែលមាន សម្រាប់ជាត្រីវិស័យតម្រង់ទិសការងាររបស់ខ្លួន។
ឯកឧត្តមបានបញ្ជាក់ថា ផ្អែកតាមលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០២១សន្និបាតបានលើកឡើងនូវប្រធានបទចំនួន៤ គឺការលើកកម្ពស់ប្រសិទ្ធិភាពការងាររបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា។ការចូលរួមរបស់យុវជន នៅក្នុងការងារនយោបាយការងារដឹកនាំ និងការអភិវឌ្ឍន៍ប្រទេសជាតិ ។ ការអភិវឌ្ឍសមត្ថភាពយុវជនក្នុងសម័យឌីជីថលឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ។ ការជំរុញ និងលើកទឹកចិត្តយុវជនឲ្យចូលរួមគ្រប់សកម្មភាពរបស់សហភាពសហព័ន្ធយុវជនកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

