Friday, July 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសហប្រជាជាតិ ធ្វើកិច្ចការងារច្រើនរួមគ្នា ជាមួយក្រសួងសុខាភិបាល ឈរលើគោលការណ៍សំខាន់ៗ ជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ នៅកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងថា ក្នុងរយៈពេលកន្លងមក អង្គការសហប្រជាជាតិ ធ្វើកិច្ចការងារច្រើនរួមគ្នា ជាមួយក្រសួងសុខាភិបាល ឈរលើគោលការណ៍សំខាន់ៗ ជាពិសេសការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋនៅកម្ពុជា ដោយមានភាពជឿជាក់ក្នុងការជួយគ្នាទៅវិញទៅមក

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា, លោកស្រីវេជ្ជបណ្ឌិត Ailan LI តំណាងអង្គការសុខភាពពិភពលោក និងលោកស្រី Kristin Parco ប្រធានបេសកកម្មរបស់ IOM ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ដែលនឹងត្រូវផ្លាស់ប្ដូរតួនាទីទៅកាន់ប្រទេសវៀតណាម បានថ្លែងអំណរគុណដល់រាជរដ្ឋាបាលភិបាលកម្ពុជា និងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ដែលកន្លងទៅ បានផ្ដល់កិច្ចសហប្រតិបត្ដិការល្អ ជាមួយអង្កសហប្រជាជាតិ។

លោកស្រីបានបន្តថា នៅក្នុងរយៈពេលដែលយើងទាំងគ្នារួមគ្នាឆ្លើយតបជាមួយនឹងជំងឺកូវីដ១៩ អង្កការសហប្រជាជាតិក៏បានចូលរួមចំណែកក្នុងធ្វើការងារជាដៃគូល្អមួយជាមួយនឹងក្រសួងសុខាភិបាល នៅក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ ផងដែរ។

សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានសម្ដែងនូវអំណរគុណចំពោះការជួយគាំទ្រក្នុងរយៈពេលកន្លងមក ដែលអង្គការសហប្រជាជាតិធ្វើកិច្ចការងារច្រើនរួមគ្នា ជាមួយក្រសួងសុខាភិបាល ឈរលើគោលការណ៍សំខាន់ៗ ជាពិសេសការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋនៅកម្ពុជា ដោយមានភាពជឿជាក់ក្នុងការជួយគ្នាទៅវិញទៅមក ហើយឈរលើកកិច្ចសហប្រតិបត្ដិការល្អជិតស្និទ្ធ នៅក្នុងនោះអ្វីដែលជាការងារសំខាន់ទៀត គឺការបន្ដនូវកិច្ចសហប្រតិបត្ដិការ ថ្វីត្បិតតែលោកស្រី ដែលជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ដែលចាកចេញពីកម្ពុជា ដើម្បីទៅបំពេញបេសកម្មនៅប្រទេសវៀតណាម ក៏ប៉ុន្តែបុគ្គលិកដែលជាអ្នកទទួលខុសត្រូវក្នុងការងារផ្សេងៗ ក្នុងអង្កការសហប្រជាជាតិ នឹងបន្តនូវកិច្ចការជាមួយគ្នាទៀត។

នៅក្នុងឱកាសនេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងនូវក្របខណ្ឌចំនួន៣ ដែលកម្ពុជា និងអង្គការសហប្រជាជាតិ នឹងបន្ដកិច្ចសហប្រតិបត្តិការជាមួយគ្នា កំពុងនោះរួមមាន៖ គឺការបន្តជំរុញសមត្ថភាព នៃក្រសួងសុខាភិបាល។យើងនឹងធ្វើការជាមួយគ្នាទៀត ដោយផ្ដោតទៅលើការយកចិត្តទុកដាក់ ទៅលើសុខភាពប្រជាពលរដ្ឋ ដោយយើងពិនិត្យមើលទៅលើគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីធ្វើយ៉ាងណាជំរុញនូវការអនុវត្តទៅ លើការទទួលខុសត្រូវ របស់បុគ្គលក្រុមគ្រួសារក៏ដូចជាសហគមន៍ ទៅលើការការពារក៏ដូចជាការថែទាំសុខភាពផ្ទាល់ខ្លួនដែលយើងហៅថា ជំរុញការងារថែទាំបឋមនៅតាមសហគមន៍ ហើយបង្កើតនៅការចូលរួមរបស់ សហគមន៍នៅលើកិច្ចការពារសុខភាព ជំងឺបង្ការផ្សេងៗ។ យើងនឹងពិនិត្យការងារជាមួយគ្នា ទៅលើការវិនិយោគបន្ថែមទៀត នៅក្នុងវិស័យសុខភាព វិស័យសុខាភិបាល ពីព្រោះថាពិសោធន៍ទៅ នឹងការរាជរៀលត្បាតទៅនឹងជំងឺកូវីដ១៩ យើងត្រូវត្រៀមលក្ខណៈជាបន្តបន្ទាប់ទៀតពីព្រោះថា ទៅខាងមុខទៀតយើងមិនដឹងថា មានការផ្ទុះចេញជំងឺឆ្លងបែបណាទៀត មិនតែប៉ុណ្ណោះយើងក៏មិនត្រូវភ្លេច នូវជំងឺដង្កាត់ផ្សេងៗទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×