ព្រះសង្ឃដ៏ល្បីមួយអង្គក្នុងប្រទេសថៃ ដែលប្រជាជនខ្មែរហៅលោកតា ស៊ុច បានបង្ហោះនៅលើ Facebook សុំឱ្យក្មេងជំទង់ៗក្នុងតំបន់ ឈប់ចែកចាយគ្រឿងញៀនទៅអ្នកទិញនៅមុខវត្តទៀតទៅ។ តាមរយៈគណនីហ្វេសប៊ុករបស់ព្រះអង្គដែលមានឈ្មោះថា “Such NaNa” លោកតា ស៊ុច ដែលជាព្រះសង្ឃដ៏ល្បីល្បាញនៅខេត្ត Buriram បានបង្ហោះថា “ក្មេងជំទង់ៗដែលសុំទាននៅតំបន់ Samed សុំចែកចាយថ្នាំ Yaba ទៅកន្លែងផ្សេងទៅ! សូមឈប់នាំយកមកនៅមុខវត្ត។ អាត្មាដឹងថាក្រុមចៅៗមានទំនាក់ទំនងល្អពីឡូហ្គោ (Logo) នៅលើរថយន្តរបស់ក្រុមចៅៗ”។
សារអំពាវនាវរបស់ព្រះអង្គបានរីករាលដាលភ្លាមៗ បន្ទាប់ពីត្រូវបានបង្ហោះ។ អ្នកនិយមលេងអុិនធើរណែតចាប់ផ្តើមសួរថាតើព្រះសង្ឃស្គាល់ក្មេងទាំងនេះជានរណាដែរទេ? ប៉ុន្តែព្រះអង្គបានបដិសេធដោយនិយាយថា អាចនឹងមានគ្រោះថ្នាក់ ប្រសិនបើព្រះអង្គនិយាយបន្ថែមលើប្រធានបទនេះ។
ក្រុមការងារព័ត៌មាន Sanook បានចុះសួរសុខទុក្ខព្រះសង្ឃ Mahanarinthorn Pasunno (លោកតា ស៊ុច) ដែលគេស្គាល់ថាជាព្រះសង្ឃដ៏ល្អរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។ ព្រះសង្ឃបានបង្ហើបថា ចាប់តាំងពីព្រះអង្គបានមកកសាងវត្តនេះក្នុងឆ្នាំ២០០៨មក មន្ត្រីបានចុះឆែកឆេរតំបន់នេះជាច្រើនដង ហើយបានរកឃើញថ្នាំញៀន។ អ្នកភូមិ និងព្រះសង្ឃបានដាក់ពាក្យបណ្ដឹងចោទប្រកាន់ថា ព្រះសង្ឃ ស៊ុច ជាអ្នកលក់ថ្នាំញៀន។ ព្រះអង្គបានមានសង្ឃដីកាថា ព្រះអង្គមិនដែលធ្វើអ្វីខុសច្បាប់ទេ ភាគច្រើនគឺជក់តែបារីប៉ុណ្ណោះ។ ដោយសារតែការត្អូញត្អែរបានធ្វើឲ្យប៉ះពាល់ដល់ព្រះអង្គជាខ្លាំង។ លោកតា ស៊ុច ធ្លាប់ចេញទៅក្រៅជាច្រើនដងក្នុងមួយខែដើម្បីបង្រៀនសាសនា ហើយប្រាក់ដែលបានមកត្រូវបានយកទៅជួយសាងសង់ព្រះវិហារ។ លោកតា ស៊ុច បញ្ជាក់ថា វត្តត្រូវបានកសាងឡើងដោយការបរិច្ចាគ ហើយមិនដែលមានពិធីរៃអង្គាសប្រាក់នោះទេ។
បន្ទាប់ពីពាក្យចចាមអារ៉ាមនេះ បានចាប់ផ្តើមរីករាលដាល ជាហេតុធ្វើឲ្យលោកតា ស៊ុច មានការចេញក្រៅប្រទេសតិចជាងមុន។ តែឥឡូវនេះ មូលនិធិព្រះវិហារបរិសុទ្ធភាគច្រើនបានមកពីគាត់បង្រៀននៅប្រទេសផ្សេងទៀត។ ពេលគាត់ត្រឡប់មកប្រទេសថៃវិញ មន្ត្រីចូលមកឆែកឆេរវត្ត និងរថយន្តរបស់គាត់។ លោកតា ស៊ុច នៅបានឲ្យដឹងថា តែងតែមានរថយន្តគ្មានស្លាកលេខ បើកបរជុំវិញវត្ត។ ពេលខ្លះពួកគេថតរូប ហើយថែមទាំងជួបជុំគ្នានៅក្នុងព្រះវិហារទៀតផង។ ថ្ងៃមួយ ព្រះអង្គបានទៅសួរក្មេងជំទង់ម្នាក់ថា “តើចៅលក់ថ្នាំ យ៉ាបា?” ហើយក្មេងប្រុសនោះបានឆ្លើយថា “បាទខ្ញុំ” ។ ពេលសួរថាតើ រូបគេមិនខ្លាចទេ ក្មេងប្រុសនោះបានបង្ហាញថា រូបគេមិនមានការភ័យខ្លាចអ្វីទេ។ ក្មេងប្រុសរូបនេះថែមទាំងបញ្ជាក់ថា រថយន្តរបស់គេមានស្លាកសញ្ញាឡូហ្គោ ហើយប៉ូលិសមិនដែលសុំឆែកឆេររថយន្តរបស់គេដើម្បីរកថ្នាំម្តងណាឡើយ។ ព្រះអង្គបញ្ជាក់ថា ព្រះអង្គមិនដឹងថាតើរូបឡូហ្គោនោះជាផ្លូវការឬក៏ជាក្មេងប្រុសនោះដាក់ដោយខ្លួនឯងនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










