ការបើកបរបញ្ច្រាស់ទិស មិនត្រឹមតែមិនគោរពច្បាប់សុវត្ថិភាពចរាចរណ៍ប៉ុណ្ណោះទេ តែថែមទាំងមិនគោរពអាយុជីវិតខ្លួនឯង និងមនុស្សជុំវិញខ្លួនទៀតផង។
យ៉ាងណាមិញ វីដេអូឃ្លីបពីកាមេរ៉ាសុវត្ថិភាពនៅស្ពានអាកាស Dinh Tram ក្រុង Viet Yen ខេត្ត Bac Giang នារសៀលថ្ងៃទី១២ ខែមីនា បានកំពុងរីករាលដាលនៅលើបណ្ដាញសង្គម ទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍អនឡាញ។
តាមរយៈឃ្លីបបានបង្ហាញឲ្យឃើញ នាវេលាម៉ោង៦ និង៤នាទីល្ងាច ពេលដែលរថយន្ត និងម៉ូតូកំពុងធ្វើចរាចរឆ្លងកាត់ផ្លូវក្រោមស្ពាន Dinh Tram ស្រាប់តែមានស្រ្តីម្នាក់មិនដឹងចេញមកពីណា បានបើកម៉ូតូចូលមកក្នុងទិសដៅបញ្ច្រាស់គេឯងតែម្តង។
ក្នុងពេលធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នាទាំងប្រថុយគ្រោះថ្នាក់នេះ ស្រ្តីរូបនោះត្រូវបានឃើញជិះម៉ូតូសុីញ៉ូភ្លើង ដោយឆ្លងកាត់កណ្តាលរថយន្ត២គ្រឿង គួរឲ្យស្រៀវជំនួសជាខ្លាំង។ ប៉ុន្តែ ពេលចូលមកដល់ពាក់កណ្តាលគន្លងផ្លូវ ដោយសារម៉ូតូ៣គ្រឿង ពាំងពីមុខមិនអាចបត់ទៅគន្លងបញ្ច្រាស់ស្តាំបាន ក៏គេចបន្តិច រួចព្យាយាមចង់បត់ទៅស្តាំម្តងទៀត តែស្ទាក់ស្ទើរបត់ បានធ្វើឲ្យរថយន្តដឹកទំនិញ១គ្រឿង ចាប់ហ្វ្រាំឈប់ងក់ភ្លាមៗ ជាហេតុធ្វើឲ្យរថយន្ត១គ្រឿងបើកមកពីក្រោយជាន់ហ្វ្រាំងពុំទាន់ក៏ជ្រុលទៅបុកពីក្រោយរថយន្តដឹកទំនិញពេញទំហឹង រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំតែម្តង។
ដោយហួសចិត្តនឹងទង្វើខុសឆ្គងរបស់ស្ត្រីជិះម៉ូតូ បុរសអង្គុយកៅអីអ្នកដំណើរនៃរថយន្តដឹកទំនិញ បានបើកទ្វារស្តីឲ្យ ប៉ុន្តែ ស្រ្តីជិះម៉ូតូបង្កគ្រោះថ្នាក់នេះដែលដឹងខ្លួនឯងខុស ក៏ប្រញាប់បើកម៉ូតូជិះគេចខ្លួនយ៉ាងលឿនតែម្តង ដោយបន្យល់ទុករថយន្តទាំងពីរដោះស្រាយសម្របសម្រួលនៅលើដងផ្លូវ។
ជាមួយនឹងទង្វើជិះបញ្ច្រាស់ទិសរបស់ស្រ្តីអ្នកជិះម៉ូតូរូបនេះ បានធ្វើឲ្យអ្នកនិយមលេងអុីនធើរណែត ខឹងសម្បារយ៉ាងខ្លាំង ដែលភាគច្រើនទ្រាំមិនបាន ក៏បានដាក់ឲ្យបែបនេះថា៖ «មិនយល់ទេនាង! ម្តងបាត់ស្តាំ រួចបត់ឆ្វេង ធ្វើឲ្យអ្នកដទៃជួបគ្រោះថ្នាក់ដោយសារតែនាង»។ តែក្នុងនោះ អ្នកខ្លះក៏បានបញ្ចេញមតិស្តីបន្ទោសអ្នកបើកឡានថា «ហេតុអ្វីរថយន្តមិនបន្ថយល្បឿន និងរក្សាចម្ងាយពីគ្នា ខណៈម៉ូតូបានបើកភ្លើងសញ្ញាសុំផ្លូវយូរហើយ និងបើកយឺតណាស់»។
រីឯអ្នកលេងបណ្តាញសង្គមផ្សេងទៀត ក៏បានប្រាប់ឲ្យដឹងថា «កន្លែងនេះគឺជាស្ពានអាកាស Dinh Tram ខ្ញុំតែងតែឆ្លងកាត់ទីនេះ ប៉ុន្តែខ្ញុំពិតជាពិបាកឆ្លងកាត់ផ្លូវណាស់ ព្រោះមានរថយន្តជាច្រើនកំពុងធ្វើចរាចរណ៍ ហើយច្រើនដងដែលខ្ញុំឃើញរថយន្តមួយចំនួនបើកក្នុងទិសដៅផ្ទុយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



