ភ្នំពេញ ៖ អគារព្យាបាលត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងជាវឌ្ឍនភាពនៃមន្ទីរពេទ្យព្រះអង្គឌួង នោះ បានសាងសង់រួចជាស្ថាពរហើយ និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកបណ្ឌិត ផាក ហ៉ឹងក្យុង ឯកអគ្គរាជទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា។

ទាក់ទងនឹងអគារទំនើបព្យាបាលត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នេះផងដែរ បើតាម រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានលើកឡើងថា អគារព្យាបាលត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួងនេះ នឹងបានបំពេញការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋយើង កាន់តែល្អបន្ថែមទៀត ខណៈដែលមន្ទីរពេទ្យព្រះអង្គឌួងសព្វថ្ងៃនេះ កំពុងផ្ដល់សេវាថែទាំជំងឺជូនប្រជាពលរដ្ឋ មានចំនួនច្រើនក្នុងមួយថ្ងៃៗ ជាពិសេស កម្មករ-កម្មការិនី»។
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងឲ្យដឹងទៀតថា អគារមនី្ទរពេទ្យនេះ គឺជាស្នាដៃមួយដ៏ធំធេង និងជាការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការបង្កើន និងពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្តល់នូវការព្យាបាលសុខភាពជូនប្រជាពលរដ្ឋ។ យើងខ្ញុំ នឹងគោរពស្នើសុំការអញ្ជើញដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចតេជោ ដើម្បីអញ្ជើញសម្ពោធបើកឱ្យដំណើរការអគារមនី្ទរពេទ្យដ៏ធំស្គឹមស្គៃនេះ។
បើតាមរបាយការណ៍ក្រសួងសុខាភិបាល បានឲ្យដឹងថា អគារព្យាបាលត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួងនេះ បានចាប់ផ្តើមសាងសង់នៅ ខែមីនា ឆ្នាំ២០២០ ដែលគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១ តែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ គម្រោងនេះបានពន្យារពេល ទៅដើមឆ្នាំ២០២២នេះវិញ។ អគារនេះចំណាយថវិកាសរុបប្រមាណ ៨លានដុល្លារអាមេរិក ត្រូវបានបំពាក់សម្ភារទំនើបបំផុត និងចាំបាច់នានា ដើម្បីពិនិត្យព្យាបាល និងវះកាត់ ធ្វើយ៉ាងណាបង្កើនគុណភាពសេវាកម្មព្យាបាល ក្នុងមន្ទីពេទ្យព្រះអង្គឌួងនេះ ឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN















