ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ រួមនិងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញជាច្រើននាក់ទៀតនៅរសៀលថ្ងៃអាទិត្យទី២៨ធ្នូ២០២៥នេះ បានអញ្ជើញចូលរួមវេចខ្ចប់អំបុក នៅក្នុងសាលារាជធានីភ្នំពេញ ដើម្បីនាំយកទៅបែងចែកជូនដល់វីរកងទ័ពជួរមុខ វីរកងនគរបាលជាតិនិងប្រជាពលរដ្ឋជាជនភៀសសឹក។
អំបុកជាង២តោនបានបញ្ឃរងចាំការវេចខ្ចប់ ដោយច្រកជាថង់តូចៗ ដើម្បីងាយស្រួលយកទៅបែងចែកជូនវីរកងទ័ពជួរមុខវីរកងនគរបាលជួរមុខ។ ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ រួមនិងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបំពេញការងារមនុស្សធម៌នេះយ៉ាងញាប់ដៃញាប់ជើងដែលបានបង្ហាញឱ្យឃើញពីសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ ។
នៅថ្ងៃទី២៨ធ្នូ២០២៥នេះដែរ រដ្ឋបាលខណ្ឌនិងសប្បុរសជននានា ក៏នៅបានបន្តនាំយកអំណោយសប្បុរសធម៌ មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញផងដែរ ដើម្បីដឹកជញ្ជូនយកទៅបែងចែក ជូនទៅដល់វីរៈកងទ័ពជួរមុខនិងពលរដ្ឋជាជនភៀសសឹក ដោយ ឯកឧត្ដមអភិបាលរងរាជធានីភ្នំពេញជាច្រើនរូប តំណាងឯកឧត្ដម ឃួង ស្រេងបានអញ្ជើញទទួលអំណោយនេះ។ សប្បុរសជនដែលនាំយកអំណោយមកប្រគល់ជូននៅថ្ងៃទី២៨ធ្នូនេះរួមមាន៖ រដ្ឋបាលខណ្ឌសែន សុខ, រដ្ឋបាលខណ្ឌ៧មករា, រដ្ឋបាលខណ្ឌដង្កោនិងសប្បុរសជន។
ក្នុងនាម អភិបាលរាជធានី ឯកឧត្ដមអភិបាលរងរាជធានីភ្នំពេញ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ រដ្ឋបាលខណ្ឌសែន សុខ, រដ្ឋបាលខណ្ឌ៧មករា, រដ្ឋបាលខណ្ឌដង្កោនិងសប្បុរសជន ដែលបានចូលរួម ចែករំលែកនូវ ធនធានរបស់ខ្លួន ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក។ សកម្មភាពនេះពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌របស់បងប្អូន ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញក្នុងការសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ ។
សូមបញ្ជាក់ថា៖អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី













