ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា , មិនថារុស្ស៉ី ឬប្រទេសណា ដែលធ្វើសកម្មភាពឈ្លានពានប្រទេសដទៃ គឺកម្ពុជាប្រឆាំងជាដាច់ខាត។ ការសម្រេចចិត្តបោះឆ្នោតប្រឆាំងរុស្ស៉ី មិនមែនដោយសារកម្ពុជា មិនទាន់មាននាវមុជទឹក មិនទាន់មានយន្តហោះសម្រាប់ទម្លាក់គ្រាប់បែក មិនទាន់មានកាតព្វកិច្ចយោធា ពិសេសកម្ពុជាសម្បូរណ៍ដោយយោធាក្បាលពោះធំ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបែបនេះ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២នេះ ក្នុងពិធីសម្ពោធដាក់ដំណើរការជាផ្លូវការ នូវអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ដែលបានប្រសូត្រចេញមកពីផ្លែផ្កានៃ គម្រោងការកសាងសមត្ថភាពសម្រាប់មជ្ឍមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមានជំហរជាលក្ខណៈអន្តរជាតិចំពោះបញ្ហាពិភពលោក ដែលអធិបតេយ្យភាពជាតិផ្តាច់មុខរបស់កម្ពុជា។ កម្ពុជាមិនសំដៅតែលើរុស្ស៊ីនោះទេ គឺកម្ពុជាប្រឆាំងរាល់ការប្រើប្រាស់កម្លាំងយោធា ដើម្បីរំលោភបំពានលើប្រទេសមួយទៀត។ សម្តេចតេជោបញ្ជាក់ថា ការគោរពអធិតេយ្យជាតិរបស់អ៊ុយក្រែន គឺស្នើនឹងគោរពអធិបតេយ្យជាតិរបស់ខ្លួនឯងផងដែរ ដែលនេះគឺជាអ្វីដែលយើងត្រូវតែធ្វើ និងប្រកាន់យក។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនថារុស្ស៉ី ឬប្រទេសណា ដែលធ្វើសកម្មភាពឈ្លានពានប្រទេសដទៃ គឺកម្ពុជាប្រឆាំងជាដាច់ខាត។ ការប្រឆាំងរបស់កម្ពុជា បែបនេះគឺផ្អែកលើច្បាប់អន្តរជាតិ។ នយោបាយការបរទេសកម្ពុជា ផ្អែកលើគោលការណ៍ច្បាប់ ធម្មនុញ្ញអង្គការសហប្រជាជាតិ មិនប្រើប្រាស់កម្លាំង ឬព្រមានប្រើប្រាស់កម្លាំង ក្នុងទំនាក់ទំនងអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំហរផ្លូវការរបស់កម្ពុជា គឺប្រឆាំងដាច់ខាតការប្រើប្រាស់កម្លាំង ឬព្រមានប្រើប្រាស់កម្លាំង ប្រឆាំងនឹងប្រទេសដទៃ គឺត្រូវតែគោរពចំពោះឯករាជ្យ និងអធិបតេយ្យប្រទេសដទៃ។ ទោះបីកម្ពុជាក្លាយជាមហាអំណាចយោធាលើពិភពលោក ក៏កម្ពុជាមិនគាំទ្រនយោបាយលើកទឹកទ័ពឈ្លានពានប្រទេសដទៃនោះឡើយ។ កម្ពុជាមិនត្រូវការយន្តហោះមិចទេ តែកម្ពុជារៀបសំណាញ់មេឃ ដោយបាញ់កម្ទេចរាល់យន្តហោះរំលោភដែនអាកាសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំហរផ្លូវការរបស់កម្ពុជា មានតែព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងក្រសួងការបរទេសប៉ុណ្ណោះ ក្រៅពីនោះមិនមែនឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនជឿថា រុស្ស៉ីអាចវាយយកទីក្រុងគៀវ និងផ្តួលរំលំរដ្ឋបាលរបស់ប្រទេសអ៊ុយក្រែនបាននោះឡើយ។ ជម្រើសចុងក្រោយរបស់រុស្ស៉ី និងអ៊ុយក្រែន គឺមានបទចរចាមួយ ដើម្បីបញ្ចប់សង្គ្រាម គឺមិនអាចយកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបាននោះឡើយ។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា មិត្តរុស្ស៉ី នឹងយល់ពីកម្ពុជា។ កម្ពុជាធ្លាប់ត្រូវបានគេឈ្លានពាន ដូច្នេះកម្ពុជាមិនគាំទ្រការឈ្លានពាននោះឡើយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

