ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅឆ្នាំនេះ ប្រជាពលរដ្ឋខ្មែរ នឹងបានចូលរួមដើរលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីថ្មីជាតិ។ តែសោកស្តាយចំពោះការឡើងថ្លៃប្រេងឥន្ធនៈ ដោយសារវិបត្តិសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សណ្ឋាគារនៅខេត្តព្រះសីហនុ ត្រូវបានកក់អស់ សម្រាប់ការស្នាក់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ បានថ្លែងអះអាងធានាជាថ្មីថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ បងប្អូនប្រជាពលរដ្ឋនឹងមានឱកាសដើរលេងកម្សាន្ត ប្រកបដោយសប្បាយរីករាយ បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវការសោកស្តាយផងដែរ ខណៈតម្លៃសាំងមានការឡើងថ្លៃ ដែលអាចនាំឲ្យមានការប៉ះពាល់ដល់ការចំណាយ ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ការកើនឡើងនៃតម្លៃសាំងនេះ មិនមែនកើតមានចំពោះតែកម្ពុជាទេ ប្រទេសនានាទូទាំងពិភពលោក រងផលប៉ះពាល់ដូចគ្នា ដោយសារវិបត្តិសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសសម្ពោធដាក់ដំណើរការ អគារជំងឺត្រចៀក ច្រមុះ បំពង់កមិត្តភាពកម្ពុជា-កូរ៉េ ក្នុងមន្ទីរពេទ្យព្រះអង្គឌួង នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា ខ្ញុំអាចនិយាយដោយមោទនភាពថា ឆ្នាំនេះចូលឆ្នាំ នឹងមានឱកាសសម្រាប់ប្រជាពលរដ្ឋ របស់យើងដើរលេង ដែលយើងបានខកខានក្នុងរយៈពេល២ឆ្នាំរួចមកហើយ គ្រាន់តែជាអកុសលឆ្នាំនេះ នៅពេលដែលបងប្អូនជនរួមជាតិរបស់យើងដែលធ្វើដំណើរ គឺសាំងវាឡើងថ្លៃ។ ធំជាងគេមិនមែនកូវីដទេ ធំជាងគេ គឺសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ឯណោះទៅវិញទេ ប៉ុន្តែយ៉ាងណាក៏ដោយបងប្អូននឹងមានឱកាសដើរលេង ហើយខ្ញុំក៏ដើរលេងដែរ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ សម្តេចតេជោនាយករដ្ឋមន្ត្រី គ្រោងនឹងធ្វើដំណើរទៅកម្សាន្តនៅខេត្តព្រះសីហនុ ជាមួយក្រុមគ្រួសាររបស់សម្តេច។ សម្តេចទទួលដំណឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះ នៅខេត្តព្រះសីហនុ បងប្អូនប្រជាពលរដ្ឋបានសម្រុកកក់សណ្ឋាគារ ដើម្បីស្នាក់នៅអស់ទៅហើយ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី




