កំពង់ស្ពឺ៖ ពិធីកាត់ខ្សែបូណ៌ សម្ពោធបើកឱ្យដំណើរការការតាំងពិព័រណ៍ពាណិជ្ជកម្មលើកទី៩ ឆ្នាំ២០២២ បានប្រព្រឹត្តទៅ រយៈពេល បីថ្ងៃ ពីថ្ងៃ២៦-២៧-២៨ ខែមីនា ឆ្នាំ២០២២ ដោយអភិបាលខេត្តកំពង់ស្ពឺ ឯកឩត្តម វ៉ី សំណាង។
ឯកឩត្តម វ៉ី សំណាង បានមានប្រសាសន៍ថា មន្ទីរពាណិជ្ជកម្មខេត្ត បានរៀបចំការតាំងពិព័័រណ៍នេះ មានការដាក់តាំងបង្ហាញផលិតផលទំនិញ និងសេវាសក្ដានុពលរបស់ខេត្ត ផលិតផលទំនិញ និងសេវាតាមបណ្ដាខេត្តនានាក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងប្រជាជនក្នុងខេត្ត និងក្រៅខេត្ត។ ការតាំងពិព័រណ៍នេះគឺបានបង្ហាញអំពី ការរួមចំណែកបង្កើនជីវភាពរស់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងគ្រួសារនីមួយៗ និងសហគមន៍ក្នុងខេត្ត។ ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ នឹងផ្តល់នូវកាលានុវត្តភាព ដើម្បីបង្កឱ្យបរិយាកាសពាណិជ្ជកម្មក្នុងស្រុក មានសន្ទុះឈានឡើង។ ពិព័រណ៍នេះ ក៏មានកម្មវិធីជំនួបពាណិជ្ជកម្ម ដើម្បីបង្ហាញផលិតផលរបស់ខ្លួនជាមួយអ្នកផ្គត់ផ្គង់ និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រយោជន៍គ្រប់គ្រងខ្សែច្រវាក់តម្លៃនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើងថែមទៀត។
ឯកឩត្តមអភិបាលខេត្ត បានឱ្យដឹងទៀតថា មន្ទីរពាណិជ្ជកម្មខេត្ត បានអញ្ជើញបណ្ដាពាណិជ្ជករ សិល្បករ ផលិតករ សេវាករទាំងអស់ មកចូលរួមគាំទ្រព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មខេត្តកំពង់ស្ពឺ លើកទី៩ ឆ្នាំ២០២២នេះ ឱ្យបានច្រើនកុះករ។
គួរបញ្ជាក់ថា បើតាមអភិបាលខេត្ត ឯកឩត្តម វ៉ី សំណាង ក្នុងគោលបំណងធ្វើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩បំប្លែងថ្មី ដែលនិងអាចឆ្លងទៅបងប្អូន ក្នុងឱកាសនៃការដាក់តាំងពិព័រណ៍នូវផលិតផលនានា ហើយដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋចូលទស្សនា និងទិញយកទៅប្រើប្រាស់មិនមានការឆ្លង អភិបាលខេត្ត បានសូមឱ្យបងប្អូនភ្ជាប់មកជាមួយនូវប័ណ្ណវ៉ាក់សាំងរបស់បងប្អូន បង្ហាញទៅកាន់ភ្នាក់ងារ ដើម្បីឱ្យដឹងថា បងប្អូនបានចាក់វ៉ាក់សាំងគ្រប់ចំនួន និងមានសុវត្ថិភាព មិនឆ្លងជំងឺកាចសាហាវក្នុងកំឡុងនៃការតាំងពិព័រណ៍នេះ៕