មណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី សហការជាមួយក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីសម្ភោធម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (ទឹកឃ្មុំព្រៃមណ្ឌលគិរី) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឩត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលជាទំនិញដែលសក្ដានុពលធនធានធម្មជាតិដ៏សម្បូរបែប ជាពិសេសគុណភាពទឹកឃ្មុំព្រៃនៅខេត្តមណ្ឌលគិរីបានឆក់យក ការគាំទ្រពីសំណាក់ មជ្ឈដ្ឋានជាតិនិងអន្តរជាតិ រហូតឈានដល់ក្លាយជាផលិតផលសម្គាល់ភូមិសាស្ត្រ ដែលជាជោគជ័យថ្មីសម្រាប់ប្រជាសហគមន៍ក្នុងខេត្តមណ្ឌលគិរី។
ការការពារម៉ាកសម្គាល់ភូមិសាស្ត្រ ទំនិញទឹកឃ្មុំព្រៃមណ្ឌលគិរី គឺជាឧបការណ៍មួយដែលនឹងអាចជួយលើកកម្ពស់ជីវភាពគ្រួសារ ប្រជាសហគមន៍អ្នកប្រមូលទឹកឃ្មុំដែលនឹងជាការលើកទឹកចិត្តមួយដល់ពួកគាត់ ក្នុងការចូលរួមថែរក្សាអភិរក្សព្រៃឈើនិងជីវៈចម្រុះ។
ឯកឩត្តម ប៉ាន់ សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ទឹកឃ្មុំព្រៃមណ្ឌលគិរី បានប្រមូលចេញពីព្រៃធម្មជាតិ ដោយប្រជាសហគមន៍ ដែលជាសមាជិកសមាគន៍ តំបន់ការពារនិងសហគមន៍ព្រៃឈើ។ លក្ខណៈពិសេសនៃទឹកឃ្មុំព្រៃមណ្ឌលគិរី ដែលមានទំនាក់ទំនងទៅដល់ភូមិសាស្ត្រនៃតំបន់ព្រៃឈើប្រពៃណី ទេពកោសល្យនៃការប្រមូលទឹកឃ្មុំ ព្រមទាំងភាពល្បីល្បាញក្នុងចំណោមអ្នកប្រើប្រាស់ នៅលើទីផ្សារគឺជាសក្ដានុពលមួយក្នុងការអភិវឌ្ឍជាទំនិញសម្គាល់ភូមិសាស្ត្រ។
ឯកឩត្តម មានប្រសាសន៍បន្តថា ទឹកឃ្មុំព្រៃចំនួនពី២០ទៅ៣០តោន ត្រូវបានប្រជាសហគមន៍ជនជាតិដើមភាគតិចប្រមូលចេញពីក្នុងព្រៃធម្មជាតិ ដើម្បីផ្គត់ផ្គង់ទៅក្នុងទីផ្សារ ដែលអាចរកចំណូលបានចន្លោះពី៣០ទៅ៤០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ ដើម្បីការពារ ថែរក្សា និងលើកកម្ពស់ពីគុណប្រយោជន៍នៃទឹកឃ្មុំព្រៃខេត្តមណ្ឌលគិរី លោក រដ្ឋមន្ត្រី ក៏បានផ្ដួចផ្ដើមក្នុងការបង្កើត និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ទឹកឃ្មុំព្រៃមណ្ឌលគិរី ដែលបានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅក្រសួងពាណិជ្ជកម្ម។
បច្ចុប្បន្ន សមាគមនេះ មានសមាជិកជាអ្នកប្រមូលឃ្មុំ សរុប៤៤៩នាក់ ដែលស្ថិតក្នុងសហគមន៍ព្រៃឈើចំនួន១១ មានក្រុមហ៊ុនចំនួនបី និងអ្នកទិញទឹកឃ្មុំចំនួន៨នាក់ ជាមធ្យមសមាជិករបស់សមាគមទាំងអស់អាចប្រមូលទឹកឃ្មុំបានប្រហែលសាមសិបតោនក្នុងមួយឆ្នាំ៕