Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រឡាហោម ស ខេង ៖ គ.ស.អ មានចាត់វិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងរាល់ឧបាយកល ដែលធ្វើឲ្យរាំងស្ទះដល់ដំណើរការរៀបចំការបោះឆ្នោតតាមគ្រប់រូបភាព

ភ្នំពេញ : សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត (គ.ស.អ) បានបញ្ជាក់ថា គោលបំណងរបស់ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត (គ.ស.អ) រួមមាន ៖ ចាត់វិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងរាល់ឧបាយកល ដែលប៉ុនប៉ងបំផ្លិចបំផ្លាញ ឬធ្វើឲ្យរាំងស្ទះដល់ដំណើរការរៀបចំការបោះឆ្នោតតាមគ្រប់រូបភាព, ធានាឲ្យបាននូវបរិយាកាសនយោបាយស្ងប់ស្ងាត់ អព្យាក្រឹត្យ ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ គ្មានការគំរាមកំហែង ការបំភិតបំភ័យ គ្មានអំពើហិង្សាផ្សេងៗ និងធានាឲ្យបាននូវសុវត្ថិភាពទាំងស្រុង និងផ្តល់នូវសេវាសន្តិសុខដោយស្មើភាពគ្នាជាដើម។

ការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័នស្ដីពីកិច្ចការងារពិនិត្យបញ្ជីឈ្មោះ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ តាមប្រព័ន្ធបញ្ជូនសំឡេង និងរូបភាព នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ ។

សម្តេចក្រឡាហោម ស ខេង ក៏បានណែនាំទៅកាន់ គ.ស.អ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ទប់ស្កាត់ឲ្យបានរាល់អំពើកេងចំណេញនានាពីការប្រកួតប្រជែងខាងនយោបាយ ព្រមទាំងត្រូវបញ្ចៀសឲ្យបានដាច់ខាតនូវអំពើហិង្សា ការបង្កអសន្តិសុខ និង អស្ថិរភាពសង្គម នៅក្នុងដំណាក់កាលទាំងមុន អំឡុងពេល និងក្រោយការបោះឆ្នោត។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បញ្ជាក់ថា គោលដៅការពារក្នុងដំណើរការបោះឆ្នោតនេះមានច្រើនទីតាំង ក្នុងនោះបន្ថែមលើកម្លាំងនគរបាល និងកងរាជអាវុធហត្ថ សម្ដេចបានឯកភាពឱ្យប្រើកម្លាំងប្រជាការពារដើម្បីជួយគាំទ្រក្នុងការរក្សាសន្តិសុខសម្រាប់ការបោះឆ្នោត ដោយមានការបណ្ដុះបណ្ដាលអំពីគោលការណ៍សំខាន់មួយចំនួន។ សម្ដេចបន្តថាគ្រប់កម្លាំង និងមន្រ្តីមុខងារសាធារណៈទាំងអស់ ត្រូវតែប្រកាន់អព្យាក្រឹត្យភាព ការពារគ្រប់សកម្មភាពរបស់គណបក្សនយោបាយ ហើយមន្រ្តីនយោបាយទាំងអស់ក៏មិនត្រូវប្រើធនធានរបស់រដ្ឋដើម្បីបំរើសកម្មភាពនយោបាយដែរ។

សម្ដេចក្រឡាហោមបានបន្តថា ការបោះឆ្នោតនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនលើកច្រើនសារនាពេលកន្លងមក និងអនាគត ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងប្រកបដោយមោទកភាព ព្រមទាំងជាការបង្ហាញឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញឱ្យមានអភិបាលកិច្ចល្អ បន្តអនុវត្តនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់មូលដ្ឋាន ពង្រឹងលទ្ធិប្រជាធិបតេ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានផ្ដល់អនុសសាន៍ណែនាំមួយចំនួនទៅកាន់ គ.ស.អ ដែលក៏មានសមាសភាពមកពីប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តដែរនោះ ត្រូវខិតខំបំពេញមុខងារសាធារណៈរបស់ខ្លួនឲ្យបានម៉ត់ចត់ ច្បាស់លាស់ ក្នុងស្មារតីទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប ហើយទន្ទឹមនោះក៏ត្រូវខិតខំទប់ស្កាត់ឲ្យបានរាល់អំពើកេងចំណេញនានាពីការប្រកួតប្រជែងខាងនយោបាយ ព្រមទាំងត្រូវបញ្ចៀសឲ្យបានដាច់ខាតនូវអំពើហិង្សា ការបង្កអសន្តិសុខ និង អស្ថិរភាពសង្គម នៅក្នុងដំណាក់កាលទាំងមុន អំឡុងពេល និងក្រោយការបោះឆ្នោត។

សូមជម្រាបថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឯកឧត្តម ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមួយចំនួនទៀត៕ រក្សាសិទ្ធិដោយ ៖ចេស្តារ

×