Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងធ្វើឱ្យប្រសើរឡើង កំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ សម្រេចវឌ្ឍនភាពការងារបាន៨៥% គិតត្រឹមថ្ងៃទី២៧មីនា

spot_img

ព្រះសីហនុ ៖ ថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកក្រុមការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង អញ្ជើញចុះពិនិត្យគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារបច្ចេកទេស មន្ទីរសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុនសាងសង់ និងទីប្រឹក្សាបច្ចេកទេស ក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងការពង្រឹងគុណភាពលើការងារសាងសង់។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសចុះពិនិត្យផ្លូវនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូនសូមកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដើម្បីជួយថែរក្សាផ្លូវថ្នល់របស់ជាតិយើងឱ្យបានគង់វង្ស ប្រើប្រាស់ជាប់បានយូរអង្វែង និងកាត់បន្ថយការចំណាយថវិការបស់រដ្ឋាភិបាលដែលរកបានដោយលំបាក។

ទន្ទឹមជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានរម្លឹកឡើងវិញនូវរូបមន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ថា៖ បើបើកឡានមួយគ្រឿងដឹកលើសដប់តោន យក១០x១០ ស្មើ១០០ យក១០០x១០ ស្មើ ១.០០០ យក១.០០០x១០ ស្មើ១០.០០០ ដូច្នេះឡានមួយគ្រឿងដឹកលើសទម្ងន់១០តោន ស្នើនឹងឡាន មួយម៉ឺនគ្រឿងរត់លើផ្លូវនោះ ធ្វើឱ្យផ្លូវសឹករេចរិលមុនអាយុកាល។ ប៉ុន្តែបើឡានខ្លះដឹកលើសទម្ងន់ ៣០ តោន យក៣០x៣០ស្មើនឹង៩០០ យក៩០០x៣០ស្មើនឹង២៧.០០០ យក២៧.០០០x៣០ស្មើនឹង ៨១.០០០គ្រឿង ដូច្នេះឡានមួយគ្រឿងដឹកលើស៣០តោន ស្មើនឹងឡានជិត១លានគ្រឿងរត់នៅលើផ្លូវយើង។

នៅក្នុងដំណើរចុះពិនិត្យគុណភាពផ្លូវនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារបច្ចេកទេសជំនាញចុះធ្វើតេស្តគុណភាពស្រទាប់ផ្លូវថាតើវាមានគុណភាពជាប់រឹងមាំកម្រិតណា ដោយប្រើប្រាស់បច្ចេកទេសម៉ាស៊ីនចល័តប្រភេទFWD ដែលជាម៉ាស៊ីនធ្វើតេស្តគុណភាពផ្លូវ គ្រប់គ្រងដោយក្រុមការងារ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសពិសេសរបស់ក្រសួង។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរថាក្រសួងបានបញ្ជាទិញឧបករណ៍ត្រួតពិនិត្យគុណភាពផ្លូវដែលប្រើបច្ចេកវិទ្យាទំនើបពីសហរដ្ឋអាមេរិកចំនួនពីរគ្រឿង ដើម្បីធានាឱ្យការសាងសង់ផ្លូវនៅកម្ពុជាមានគុណភាពរឹងមាំជាប់បានយូរ អង្វែង។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ សម្រេចវឌ្ឍនភាពការងារបាន៨៥% ហើយគិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២។

សូមជម្រាបជូនថា៖ កំណាត់ផ្លូវនេះគឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើឱ្យការដឹកជញ្ជូន ទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់នៃក្រុងព្រះសីហនុទៅកាន់ទីផ្សារ កាន់តែមានលក្ខណៈ ងាយស្រួល ឆាប់រហ័ស និងចំណាយតិច និងចូលរួមចំណែកដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ យានយន្តដឹកជញ្ជូនទំនិញធុនធ្ងន់តាមផ្លូវជាតិលេខ៤ផងដែរ។

គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវខេត្តលេខ១៤៦បេ ឬវិថីសម្ដេចសង្ឃរាជទេពវង្ស និងផ្លូវលេខ១៤៨ មានប្រវែងសរុប ៤៣,០២៥ គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ និងបន្តរហូតដល់កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

កំណាត់ផ្លូវនេះសាងសង់ដោយចាក់បេតុងកៅស៊ូ(AC) មានទទឹង ១១ម៉ែត្រ កម្រាស់៩សង់ទីម៉ែត្រ និងចិញ្ចើមគ្រួសក្រហម០,៥០ ម៉ែត្រសងខាងផ្លូវ ចាប់ពីរង្វង់មូលសម្ដេចសង្ឃរាជទេពវង្សPK០+០០០ ដល់PK២០+៦៧៨ ប្រវែង២០,៦៧៨គីឡូម៉ែត្រ និងចាក់បេតុងសរសៃដែកទទឹង១១ម៉ែត្រកម្រាស់២៦ សង់ទីម៉ែត្រ មានប្រវែង២២,៣៤៧គីឡូម៉ែត្រ និងចិញ្ចើមគ្រួសក្រហម០,៥០ម៉ែត្រសងខាង ចាប់ពី PK២០+៦៧៨ ដល់ PK៤៣+០,២៥។

កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានផ្លូវថ្នល់ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណ: និងនាយកដ្ឋានបច្ចេកទេសសាធារណការ និងដឹកជញ្ជូន នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចំណាយពេលសាងសង់ចំនួន២៨ខែ គិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ចំណាយថវិកាសន្សំរបស់ជាតិ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×