ភ្នំពេញ ៖ ឃ្លាំងស្តុកកៅអីនិងក្តាខៀន នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវបានអគ្គិភ័យឆាប់ឆេះ អស់ទាំងស្រុងរួម ទាំងសម្ភារះមួយចំនួនផ្សេងៗទៀតដែលបង្កឡើងដោយឆ្លងចរន្តអគ្គីសនី។
ហេតុការណ៍ នេះបានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ផ្លូវសហ័ន្ធរុស្សី ភូមិ១៦ ក្រុម៦១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដំបូងឃើញឆ្លងចរន្តអគ្គិសនី ផ្ទុះចេញពីឃ្លាំងកើតហេតុខាងលើ រួចបានឆេះឡើងជាអណ្តាតភ្លើង រាលដាលទៅលើក្តាខៀននិងតុចាស់ៗ យ៉ាងសន្ធោសន្ធៅបន្ទាប់មកអ្នកមើលការ នៅក្នុងសាលាបានទាញទុយោទឹក និងបំពង់ពន្លត់អគ្គិភ័យបា.ញ់ទប់ស្កាត់ បន្ទាប់មកក៏រាយការណ៍ នៅសមត្ថកិច្ចមូលដ្ឋាន សុំរថយន្តពន្លត់អគ្គិភ័យ មកជាបន្ទាន់ រួចសមត្ថកិច្ចក៏បានទំនាក់ទំនង ទៅខាងរថយន្តពន្លត់អគ្គិភ័យភ្លាមៗ។
ក្រោយពីខាងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ទទួលដំណឹងថា មានអគ្គិភ័យកំពុងតែឆេះនៅខណ្ឌទួលគោក ក៏ប្រញាប់បញ្ចេញរថយន្តពន្លត់អគ្គិភ័យមកជាច្រើនគ្រឿងជួយបា.ញ់ពន្លត់។
ក្រោយពីបាញ់ពន្លត់ចប់ឃើញថា ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់៨គ្រឿង ទើបរលត់ទៅវិញ , ហេតុការណ៍ អគ្គិភ័យឆាបឆេះនេះ មិនបណ្តាលឲ្យមានអ្នករងរបួស និងបាត់បង់ជីវិតនោះទេ ខូចខាតតែឃ្លាំងស្តុបកៅអីចាស់ៗ និងក្តារខៀនអស់ទាំងស្រុង៕ រក្សាសិទ្ធិដោយ ៖ សា មេត

អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកកៅអី និងក្តាខៀន នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បង្កឡើងដោយឆ្លងចរន្តអគ្គិសនី










