ថ្មីៗនេះ មហាជន ជាពិសេសអ្នកនិយមលេងបណ្តាញសង្គមTikTok ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង បន្ទាប់ពីបានឃើញវីដេអូថត Pre-Wedding ដ៏សែនផ្អែមល្ហែម រវាងគ្រូអគ្គីនេត្រ និងបុរសវ័យក្មេងរូបសង្ហាម្នាក់ ខណៈអ្នកទាំងពីរស្ថិតក្នុងឈុតកូនកំលោះកូនក្រមុំ ដែលឃើញហើយស្ទើរមិនគួរឲ្យជឿថា គ្រូអគ្គិនេត្រ ជិតមានដំណឹងល្អបែបនេះ។
ជាក់ស្តែងតាមរយៈគណនី TikTok ឈ្មោះ Mithona392 ដែលជាគូស្នេហ៍របស់គ្រូអគ្គីនេត្រ ថ្មីៗនេះបានធ្វើការបង្ហោះវីដេអូបង្ហាញពីទិដ្ឋភាពថត Pre-Wedding មុនពេលត្រៀមចូលរោងការក្នុងពេលឆាប់ៗខាងមុខ ជាមួយកូនក្រមុំ (គ្រូអគ្គីនេត្រ) របស់ខ្លួនជាច្រើនឃ្លីប ក្នុងនោះមានទាំងសកម្មភាពតាំងពីការចាប់ផ្តើមផាត់មុខ ធ្វើសក់ និងតុបតែងខ្លួន។
ពិតណាស់ អ្នកលេងបណ្តាញសង្គម Tik Tok ពិតជាចាប់អារម្មណ៍ជាខ្លាំង ជាពិសេស ពេលបានឃើញគ្រូអគ្គីនេត្រគ្រងសម្លៀកបំពាក់ក្នុងឈុតប្រពៃណីខ្មែរ និងការតុបតែងខ្លួនលក្ខណៈជានារីខ្មែរ ដែលមើលទៅពិតជាសមសួនណាស់ និងស្រស់ស្អាតមិនចាញ់មនុស្សស្រីពិតប៉ុន្មាននោះទេ។
សូមបញ្ជាក់ថា គ្រូអគ្គីនេត្រ ដែលមានឈ្មោះពិត វ៉ាន់ សុខសីហា គឺជាបុគ្គលមួយរូប ដែលល្បីល្បាញខ្លាំងកាលពីប៉ុន្មានឆ្នាំមុន បន្ទាប់ពីបានចេញមកអួតអាងថាខ្លួនខ្លាំងពូកែអស្ចារ្យ កាប់មិនមុតដុតមិនឆេះ និងជាគ្រូហោរា ចេះធ្វើស្នេហ៍មុខ ធ្វើយ័ន្តគាថាដ៏ស័ក្តិសិទ្ធ ប៉ុន្តែ ត្រូវបានសាបរលាប បន្ទាប់ពីគ្រូlល្បីខ្លាំងៗជាច្រើនចេញមកទម្លាយពីល្បិចកាប់មិនមុតរបស់គ្រូអគ្គីនេត្រ ដែលធ្វើឲ្យគ្រូអគ្គីនេត្រស្ងាត់មាត់ ហើយបាត់មុខមួយរយៈធំ ក៏ស្រាប់តែលេចមុខត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធគ្រឿងញៀន ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំងតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង























