Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ វង្ស ពិសេន ៖ ការអភិវឌ្ឍន៍របស់កម្ពុជា មិនអាចកាត់ផ្ដាច់ ពីការជួយគាំទ្រពីភាគីចិន ដែលជាបងប្អូនល្អ របស់កម្ពុជា

កំពង់ស្ពឺ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា ពាក្យថា “អរគុណសន្តិភាព “ ជាពាក្យពេញនិយមសម្រាប់អ្នកស្រលាញ់សន្តិភាព ព្រោះ “សន្តិភាពជាអទិភាពខ្ពស់បំផុតសម្រាប់កម្ពុជា” ។
ការថ្លែងរបស់នាយឧត្តមសេនីយ៍ បានធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់អគារសាលប្រជុំកម្ពស់៥ជាន់ រួមនិងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិនដល់វិទ្យាស្ថានកងទ័ពជើងគោក នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ។ ពិធីបើកការដ្ឋានសាងសង់គម្រោង អគារសិក្សាចម្រុះក្រោមជំនួយ របស់កងទ័ពចិនជូនចំពោះវិទ្យាស្ថានទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងលោក Zhu Shuaifei អនុព័ន្ធយោធារង នៃស្ថានទូតចិនប្រចាំកម្ពុជា អញ្ជើញចូលរួមក្នុងពិធីខាងលើនេះ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីប្រវត្តិសាស្ត្រ កម្ពុជា ដែលធ្លាប់ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ ពិសេសដំណាក់កាលចុងក្រោយនៃការសង្គ្រោះជាតិឲ្យរស់ឡើងវិញពីរបបប្រល័យពូជសាសន៍ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។

នាយយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានបន្តថា ទោះបីជាប្រជាជនបានរស់រានមានជីវិតក្តី ក៏កម្ពុជាពេលនោះនៅតែមិនទាន់មានសន្តិភាពនៅឡើយ ទើបតែនៅឆ្នាំ១៩៩៨ កម្ពុជាបានស្គាល់សន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវចងចាំ និងយល់ពាក្យថា “អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ“ ព្រោះថា សន្តិភាព មានតម្លៃមិនសាបសូន្យ មិនថាថ្ងៃនេះ ឬថ្ងៃក្រោយនោះឡើយ មានសន្តិភាពទើបមានអ្វីៗ ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន មានប្រសាសន៍ថា កម្ពុជានិងចិនគឺជាមិត្តដែកថែប។ ការអភិវឌ្ឍន៍របស់កម្ពុជាមិនអាចកាត់ផ្ដាច់ពីការជួយគាំទ្រពីភាគីចិនដែលជាបងប្អូនល្អរបស់កម្ពុជាបានដែរ។
ដោយសារតែមានការផ្តល់ជូននូវវ៉ាក់សាំងកូវីដពីភាគីចិនយ៉ាងច្រើន ទើបធ្វើឱ្យអត្រានៃការចាក់វ៉ាក់សាំងរបស់កម្ពុជាមានចំនួនលើសពី៩២% បានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដទៃទៀតដែលមានអត្រានៃការចាក់វ៉ាក់សាំងខ្ពស់ជាងគេនៅក្នុងតំបន់និងពិភពលោក។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កងទ័ពកម្ពុជានិងចិនបានសហការគ្នាយ៉ាងរលូនលើបណ្ដាវិស័យ និងទទួលបានសមិទ្ធផលផ្លែផ្កាជាទីគាប់ចិត្ត។ ភាគីចិនតែងផ្តល់ការគាំទ្រយ៉ាងមុតមាំក្នុងការអភិវឌ្ឍន៍កសាងវិទ្យាស្ថានទ័ពជើងកងទ័ព និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សយ៉ាងច្រើនសម្រាប់វិស័យការពារជាតិនិងវិស័យយោធាក្នុងប្រទេសកម្ពុជា។ ភាគីកម្ពុជាសូមថ្លែងអំណរគុណដោយស្មោះ។

លោក Zhu Shuaifei មានប្រសាសន៍ថា ចិននិងកម្ពុជាជាបងប្អូនល្អដែលស្គាល់ចិត្តគ្នាទៅវិញទៅមកនិងតែងរួមសុខទុក្ខជាមួយគ្នា។ ប្រឈមមុខនឹងការប្រែប្រួលស្ថានភាពលើពិភពលោកនិងការញាញីដោយជំងឺកូវីដ១៩ដែលពុំធ្លាប់មានពីមុនមក ប្រទេសទាំងពីរតែងជួយគ្នាទៅវិញទៅមកនិងរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដមួយនេះ បានជួយជំរុញការកសាងសហគមន៍វាសនារួមយ៉ាងមុតមាំ បង្កើតបានជាគំរូទំនាក់ទំនងអន្តរជាតិបែបថ្មី។ វិទ្យាស្ថានទ័ពជើងគោកគឺជាសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពចិននិងកម្ពុជា គឺជានិមិត្តរូបដ៏សំខាន់នៃចំណងមិត្តភាព“ដែកថែប”រវាងកងទ័ពទាំងពីរ និងជាការបង្ហាញពីការអនុវត្តអត្ថន័យស្នូល នៃសហគមន៍វាសនារួម រវាងចិននិងកម្ពុជា ក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្សសម្រាប់យោធា។ កងទ័ពចិននឹងបន្តផ្តល់ជំនួយ ដល់កងទ័ពកម្ពុជា ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ជួយជំរុញកិច្ចសហប្រតិបត្តិការយោធា ប្រទេសទាំងពីរឱ្យឈាន ដល់កម្រិតថ្មីមួយទៀត និងទទួលបានវឌ្ឍនភាពថ្មីៗ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×