ថ្លែងទៅកាន់អង្គប្រជុំប្រចាំសប្តាហ៍នេះ លោក ទេសរដ្ឋមន្ត្រី បានលើកឡើងពីសក្កានុពលនៃការអភិវឌ្ឍវិស័យដឹកជញ្ជូនអ្នកដឹកដំណើរតាមផ្លូវទឹកពិសេសបណ្តាញទន្លេដែលហូរកាត់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងការពង្រីកវិស័យនេះឱ្យបានទូលំទូលាយ និងប្រកបដោយចេរភាព ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ ក៏ដូចជា និងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ទី១ នៃខែវិច្ឆិកា ជាមួយនឹងមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន៖ ការដឹកជញ្ជូនផ្លូវគោក ការដឹកជញ្ជូនផ្លូវទឹកការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេតរបស់ក្រសួង និងបញ្ហាផ្សេងៗ។
លោករដ្ឋមន្ត្រីក៏បានជំរុញឱ្យអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកពន្លឿនគម្រោងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកពីរាជធានីភ្នំពេញទៅខេត្តកណ្ដាលឱ្យបានមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខែ្មរខាងមុខ ដោយចំណតកំពង់ផែនីមួយៗត្រូវមានការតភ្ជាប់ជាមួយនឹងចំណតឡានក្រុង ដើម្បីបង្កភាពងាយស្រួលដល់អ្នកធ្វើដំណើរ។
លោក ទេសរដ្ឋមន្ត្រីបានរំលឹកឡើងវិញ អំពីប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងការផ្ដល់ប័ណ្ណបើកបរយានយន្ត ដែលអាចផ្ដល់សេវាជូនប្រជាពលរដ្ឋបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ដើម្បីចូលរួមក្នុងការកែទម្រង់សេវាសាធារណៈស្របអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ជាលី